សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០១៩នេះ សម្ដេចនឹងធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅអាស៊ី និងអឺរ៉ុប ដើម្បីរកទីផ្សារសម្រាប់ផលិតផលកម្ពុជា ដែលសម្ដេចថារុញកំណើនសេដ្ឋកិច្ចមានភាពរឺងមាំនឹងមិនអាចប្រឈមនឹងហានិភ័យ។
រាយការណ៍ដោយកញ្ញា ហេង នីទី
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍អំពីចក្ខុវិស័យលើវិស័យសេដ្ឋកិច្ចកម្ពុជា ដែលសម្ដេចបង្ហើបអោយដឹងថាសម្រាប់ឆ្នាំ២០១៩នេះ សម្ដេចនឹងទៅបញ្ចុះបញ្ជូល ប្រទេសមួយចំនួន នៅតំបន់អាស៊ី-អឺរ៉ុប និងនៅមជ្ឈិមបូព៌ាដើម្បី អោយប្រទេសទាំងនោះបើកទីផ្សាររបស់ពួកគេយកទំនិញពីកម្ពជា។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ ថា « ឆ្នាំនេះ ខ្ញុំនឹងដើរទៅកាន់ប្រទេសអាស៊ីអឺរ៉ុប គេហៅថា អឺរ៉ាស៊ី មួយចំនួនទៀត ដើម្បីទាញយកផលិតផលរបស់យើង ទៅកាន់ទីនោះ ហើយយើងតម្រង់ឆ្ពោះទីផ្សាររបស់យើងនៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ាថែមទៀត យើងបើកទីផ្សារកាន់តែធំ»។
ក្នុងន័យនេះ សម្ដេចក៏បានរំលឹក កាលពីអតីតកាល ប្រទេសកម្ពុជា ត្រូវទិញពីគេ តែ ដំណាក់កាលនេះផលិតផលក្នុងប្រទេសត្រូវការនាំចេញ។ សម្ដេចបន្តថាកុំពឹងទីផ្សារខាងក្រៅ ហើយបើពឹងគេពេកគឺប្រឈមនឹងហានិភ័យគឺត្រូវរួមគ្នាពង្រឹងសេដ្ឋលកិច្ចកម្ពុជារឹងមាំទើបគ្មានបារម្ភនឹងហានិភ័យ។
ក្នុងឱកាសនៃការបូកសរុបការងាររបស់ក្រសួងកសិកម្ម សម្ដេច ហ៊ុន សែន ក៏បាន ជំរុញកំណើនវិស័យកសិកម្ម នៅតែជាគោលដៅចម្បង ដើម្បីធានាសន្តិសុខស្បៀង ឤហារូបត្ថម្ភ និងការនាំចេញ។ សម្ដេចបន្ថែមថាផលិតកម្មដំណាំកសិ-ឧស្សាហកម្មកម្ពុជា មានការកើនឡើងខ្ពស់ ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំង ការកើនឡើងនៃការវិនិយោគលើផ្នែកកសិ-ឧស្សាហកម្ម។
សម្តេចបានទទួចថា កម្ពុជាមិនអាចរស់ដោយការតម្រូវរបស់ប្រទេសណាមួយនោះទេ ហើយកម្ពុជាមានមោទនភាព ចំពោះវឌ្ឍនភាពរបស់ខ្លួន ក៏ប៉ុន្តែកម្ពុជាតែក៏ត្រូវបន្តរួមគ្នាបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាព។
យ៉ាងណា កាលពីថ្មីនេះ វិទ្យុស្រ្តីបានសុំការយល់ឃើញពីអ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម ពួកគាត់ មើលឃើញថា មានតែទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក អាចស្រូបផលិតផលរបស់កម្ពុជា បានច្រើនជាងគេ។ ពួកគាត់ថា បើកម្ពុជា មានទីផ្សារថ្មីឬពង្រីកច្រើនទៀត គឺជាប្រសើរ។ តែបើកម្ពុជាបណ្ដោយអោយប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុបរបូតពីកម្ពុជាគឺសេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្ដើមធ្លាក់ចុះ ព្រោះកម្ពុជាត្រូវបង់ពន្ធអោយទីផ្សារអឺរ៉ុបនិងអាមេរិកក្នុងមួយឆ្នាំៗ ជាងមួយពាន់លានដុល្លារអាមេរិក។ ផលិតផលកម្ពុជាដែលនាំទៅទីផ្សារអឺរ៉ុបនិងអាមេរិក គឺមានដូចជា សំលៀកបំពាក់ កង់ អង្ករ ស្ករស ជាដើម។
សូមជម្រាបថាអាស៊ី-អឺរ៉ុប មិនមែនជាតំបន់នៅក្នុងសហភាពអឺរ៉ុបនោះទេ។ ប្រទេសនៅតំបន់នោះ ភាគច្រើន ស្ថិតនៅឈាងបន្តិចនៃអឺរ៉ុបខាងកើតហើយលាតសន្ធឹកមកដល់អាស៊ីកណ្ដាល។ ប្រទេសនោះច្រើនតែជាអតីតរដ្ឋចំណុះអតីតសហភាពសូវៀតគឺមានប្រទេស Albania, Bosnia and Herzegovina, Kosovo, Montenegro,North Macedonia and Serbia Armenia, Azerbaijan, Georgia ជាដើម។ ប្រទេសទាំងនេះ ជារដ្ឋកំពុងអភិវឌ្ឍន៍ ដែលមិនទាន់មានសេដ្ឋកិច្ចជឿនលឿនខ្លាំងនៅឡើយទេ៕