en     km
en     km

សម្ដេច ហ៊ុន សែន បង្ហាញការយកចិត្តទុកដាក់លើព្រៃឈើម្ដងទៀតតែសកម្មជនថាពុំមានប្រសិទ្ធភាពទេ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ការពារកុំឱ្យមានបទល្មើសព្រៃឈើ រួមទាំងការដាំដើម្បីឈើវិញជាដើម ។ សកម្មជនព្រៃឈើម្នាក់បង្ហាញក្ដីសាទរចំពោះជំហររបស់សម្ដេច​ តែលោកសុំឱ្យមានការអនុវត្ត និងគោរពច្បាប់ព្រៃឈើ ព្រោះលោកថាបើមានតែច្បាប់ បានតែនិយាយ ឬបញ្ជាមិនមានការអនុវត្តគឺគ្មានប្រយោជន៍ទេ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់បែបនេះ គឺនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ មីនា នៅទីស្ដីការនៃក្រសួងនេះ ។

ការបង្ហាញការយកចិត្តទុកដាក់ចំពោះការការពារព្រៃឈើដោយមេដឹកនាំកម្ពុជារូបនេះ មិនមែនទើបតែធ្វើឡើងជាលើកទីមួយនោះទេ ។

យ៉ាងណា សម្ដេចហ៊ុន សែន អំពាវនាវឱ្យមានការរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព ។  

សម្ដេច​ក៏ជំរុញឱ្យមានការបន្តបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក ។  

មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីកម្ពុជាក៏ថ្លែងឱ្យមានការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និង ច្បាប់ស្តីពីជលផល តាមបរិការណ៍នៃការកែទម្រង់បច្ចុប្បន្នផងដែរ ។ ជាងនេះក៏ត្រូវមានការពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ។

ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធដោយធ្វើយ៉ាងណា ត្រូវជម្រុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើឤជីវកម្ម និងដីទំនេររបស់រដ្ឋជាដើម តាមរយៈការសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន ។

សកម្មជននៃបណ្ដាញសហគមន៍ព្រៃឈើត្រេកអរចំពោះការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រី ។ តែលោកមិនសូវជាមានជំនឿចិត្តថាមានការអនុវត្តតាមសម្ដីប៉ុន្មានោះទេ ។

លោក គុច វែង សកម្មជនស្ម័គ្រចិត្តការពារព្រៃឈើមួយរូបបង្ហាញការអង្កេតឃើញរបស់ខ្លួនថា ព្រៃឈើដូចជានៅព្រៃឡង់ និងព្រៃនៅឱរ៉ាល់នៅសល់មិនដល់ ៣០ % នោះទេ ។

លោកថា ដើម្បីឱ្យព្រៃឈើនៅកម្ពុជាគង់វង្ស និងអាចកើនឡើងវិញបានលុះតា្រតែមានការអនុវត្តច្បាប់ដោយមិនមានស្តង់ដាពីរ ។

កន្លងមក សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសថាក្រោមការដឹកនាំរបស់ខ្លួន សម្ដេចនឹងធ្វើយ៉ាងណាការពារព្រៃឈើឱ្យបានគង់វង្ស ។

សម្ដេចធ្លាប់ប្រកាសថា និងយកយន្តហោះបាញ់រះទៅលើអ្នកទាំងឡាយណាដែលកាប់បំផ្លាញព្រៃឈើថែមទៀតផង ។

សម្ដេច ហ៊ុន សែន ក៏ធ្លាប់បានមានប្រសាសន៍ថា ការបាត់បង់ព្រៃឈើដោយសារតែការកើនឡើងនៃប្រជាជន ដែលកាប់ព្រៃឈើយកមកធ្វើផ្ទះ និងដាំដំណាំជាដើម ។

សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងថា គ្រាន់តែមើលទៅផ្ទះរបស់មន្ត្រីបក្សប្រឆាំងគឺសម្បូរទៅដោយឈើបាត់ទៅហើយ ដូចនេះមិនបាច់ឆ្ងល់ទេថាព្រៃឈើបាត់ទៅណា ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានទទូចដល់ប្រជាពលរដ្ឋទាំងអស់  ត្រូវបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ ហើយងាកមកខិតខំរួមគ្នាថែរក្សាការពារធនធានធម្មជាតិទាំងនោះ ទុកសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលទទួលបានប្រាក់ចំណូលច្រើនជាងការបំផ្លាញព្រៃឈើទៅទៀត ។

 តាមអ្នកសង្កេតការបញ្ជាក់ថា ការបាត់បង់ព្រៃឈើយ៉ាងគំហុកពីកម្ពុជានេះ គឺដោយសារឈ្មួញធំៗមានអំណាច ឬមានអ្នកមានអំណាចនៅពីក្រោយជាអ្នកបំផ្លាញ ។

លោកសម រង្ស៊ី ធ្លាប់មានប្រសាសន៍ថា ការបាត់បង់ព្រៃឈើនៅកម្ពុជាបណ្ដាលមកពីថ្នាក់ដឹកនាំកម្ពុជា បញ្ជាឱ្យកាប់ហើយលក់ទៅបរទេសទិញមាសជាដើម។

តាមរបាយការណ៍ របស់អង្គការមួយចំនួនដែលធ្វើការលើការពារព្រៃឈើ ចុះផ្សាយថា ព្រៃ​ឈើ​កម្ពុជា បានបាត់បង់ជាខ្លាំងចាប់តាំងពី​ដើម​ទស​វត្ស១៩៩០៕

អត្តបទដោយ៖ សោម លាភ

Share

Image Not Found
Image

ព័ត៌មានទាក់ទង