en     km
en     km

សម្ដេចហ៊ុនសែនថាបើសម្ដេចស្លាប់គណៈរដ្ឋមន្ត្រីត្រូវរលាយហើយអ្នកប្រមាថ​សម្ដេច​នឹង​ស្លាប់គ្មាន​ដីកប់ដូចប៉ុលពត

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ក្រោយពីគម្រាមថាប្ដឹងអ្នកប្រមាថសម្ដេចធ្វើឡើងដោយមន្រ្តីបក្សប្រឆាំងនៅក្រៅប្រទេស សម្ដេចបានគម្រាមទៅគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដោយមិនត្រូវបន់ឱ្យសម្ដេចស្លាប់នោះទេ ព្រោះសមាជិករដ្ឋាភិបាល បើកាលណាសម្ដេចស្លាប់ក៏នឹងត្រូវអស់ដំណែងដែរ ។ សម្ដេចក៏ព្រមានផងដែរថា អ្នកណាប្រមាថអាយុជីវិតសម្ដេចនឹងគ្មានវាសនាល្អទេ គឺអាចដូចប៉ុលពតដែលស្លាប់គ្មានដីកប់ ។

រាយការណ៍ដោយលោក សោម លាភ

 

សម្ដេច ហ៊ុន សែន តែងតែជាបញ្ជាក់អំពីការបន្តរស់នៅរបស់ខ្លួន និងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជារយៈពេលវែងទៅមុខទៀត ។ សម្ដេចធ្លាប់មានប្រសាសន៍ថា ពូជសម្ដេចមិនមានអ្នកណាក្រោមអាយុ ៩០ ឆ្នាំឡើយ ។

នៅរយៈពេលចុងក្រោយនេះ អ្នកលេងFacebook មកពីក្រុមបក្សប្រឆាំង នៅក្រៅប្រទេស តែងតែ ប្រមាថអាយុជីវិតសម្ដេចថាមិនអាចមានអាយុវែង​ដូចការកំណត់​ដោយ​ខ្លួនឯងនោះទេ។  ការណ៍នេះ នាំអោយសម្ដេចខឹងខ្លាំងណាស់គឺមិនតែ​ប៉ុណ្ណោះ​សម្ដេច​ព្រមានថាបើសម្ដេចស្លាប់គឺគណៈរដ្ឋមន្ត្រីទាំងមូលនឹងរលាយ។

ថ្លែងនៅចំពោះមុខកម្មករកម្មការនីនៅខេត្តកោះកុង សម្ដេច បានព្រមានថារដ្ឋមន្ត្រីខ្លះ​កុំបន់ឱ្យ​សម្ដេច​ស្លាប់គឺប្រយ័ត្ន គណៈរដ្ឋន្ត្រីរលាយ។  

សម្ដេចនាយករដ្ឋមន្ត្រីបានលើកយកបញ្ញត្តដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បប់កំពូលថា ប្រសិននាយករដ្ឋមន្ត្រីស្លាប់ នោះគណៈរដ្ឋមន្ត្រីនឹងរលាយ ។

សម្ដេចថ្លែងថា សម្ដេចជាប្រជានគណបក្សប្រជាជនកម្ពុជាផង និង ជានាយករដ្ឋមន្ត្រីផង ។ សម្ដេចចោទសួរថា តើអ្នកណានឹងស្នើបេក្ខភាព ជានាយករដ្ឋមន្ត្រី ។ សម្ដេចថា រឿងនេះ មិនមែនជារឿងលេងសើចទេ បើសិនជាអត់ ហ៊ុន សែន នឹងរត់ជាន់ជើងគ្នា ។  

ប៉ុន្តែសម្ដេច បញ្ជាក់ថាប្រសិនបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរម្ដងម្កាល នាយករដ្ឋមន្ត្រីអាចចាត់តាំងឧបនាយករដ្ឋមន្ត្រីណាម្នាក់ ឱ្យធ្វើជានាយករដ្ឋមន្ត្រីស្ដីទីបាន ។

​យោងតាមមាត្រា ១១៩​ ថ្មី នៃរដ្ឋធម្មនុញ្ញបានបញ្ញត្តថា «តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​ រាជរដ្ឋាភិបាល។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ ដែល​ផ្គូរផ្គង​ឱ្យ​កាន់​តំណាង​​ផ្សេងៗ​ ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា។ កាល​បើ​រដ្ឋសភា​​បាន​បោះ​ឆ្នោត​ទុក​ចិត្ត​ហើយ​នោះ​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល»។

មាត្រា ១២៥​ ថ្មី «បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ បើ​ការ​ទំនេរ​នេះ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន»

ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបញ្ជាក់ម្ដងហើយម្ដងទៀតទៅមន្ត្រីរបស់ខ្លួនថា បញ្ឈប់ការបន់ឱ្យសម្ដេចស្លាប់ទៅ តែបើនៅតែបន់ក៏បន់ទៅព្រោះសម្ដេចមិនងាយស្លាប់ទេ ។

ជាមួយគ្នានេះ សម្ដេចបានលើកយកទិដ្ឋភាពដែលប៉ុល ពត មិនចុះសម្រុងជាមួយខ្លួន ហើយប៉ុលពតស្លាប់អត់ដីកប់ ។

ប៉ុល ពត ឬសាឡុត សរ ជាមេដឹកនាំកម្ពុជាក្នុងរបបដែលដាក់ឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ ឬដែលគេស្គាល់ថា របបខ្មែរក្រហម ។

របបនេះបានកាន់កាប់នៅកម្ពុជាអស់រយៈពេល ៣ ឆ្នាំ ៨ ខែ​និងម្ភៃថ្ងៃ ។ ពលរដ្ឋភាគច្រើនបានបង្ហាញការឈឺចាប់ចំពោះការដឹកនាំរបស់ប៉ុលពត ដែលសម្លាប់ពលរដ្ឋឯងយ៉ាងរង្គាលរាប់លាននាក់ ។​

យ៉ាងណា ប៉ុល ពត បានស្លាប់ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៩៨ ។ សពរបស់គាត់បានបូជានៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៩៨ នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ នៅលើដងភ្នំដងរែក​ ដែលមានចម្ងាយឆ្ងាយពីខ្ទមរបស់គាត់ប្រមាណ ១០ គីឡូម៉ែត្រ ។

ការការបូជាសពរបស់ប៉ុល ពត ពុំមានព្រះសង្ឃសូត្រមន្តនោះឡើយ ហើយគេដុតគាត់នឹងកង់ឡាន ។

ទិដ្ឋភាពនោះមិនសូវមានសាច់ញាត់ ឬប្រជាជនទូទៅចូលរួមទេ ដែលភាគច្រើនមានតែកងយោធាខ្មែរក្រហមតែប៉ុណ្ណោះ ៕

Share

ព័ត៌មានទាក់ទង

Image