en     km
en     km

សម្ដេចហ៊ុន​សែនបញ្ជាមេធាវីឱ្យប្ដឹងរឹបអូសទ្រព្យសម្បតិ្តអ្នកប្រមាថជីវិតសម្ដេច

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន មានប្រសាសន៍ដោយព្រមានថា មេធាវីរបស់សម្ដេច កំពុងតែដំណើរការសំណុំរឿងក្ដី ប្ដឹងទៅលើអ្នកដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសប្រមាថជីវិតសម្ដេច និងទាមទារសំណង ដោយរឹបអូសទ្រព្យសម្បត្តិទាំងអស់ ដើម្បីយកលុយនោះទៅជួយកុមារកំព្រា ។ អ្នកវិភាគថា ខ្លួនក៏មិនគាំទ្រសម្ដីប្រមាថជីវិតគ្នាបែបនេះដែរ គឺភាគីពាក់ព័ន្ធគួរតែប្រើសម្ដីប្រកបដោយសីលធម៌។

លោក សោម លាភ រាយការណ៍៖

ការថ្លែងបែបនេះ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងនៅចំពោះមុខកម្មករ‑កម្មការនី នៅខេត្តកោះកុងនៅថ្ងៃទី១៣ មីនានេះ ។ 

ប្រសាសន៍របស់សម្ដេចនាយករដ្ឋន្ត្រីទំនងសំដៅខ្លាំងជាងគេទៅលើ ថា្នក់ដឹកនាំ​គណបក្សសង្រ្គោះជាតិ។

នាឱកាសនោះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្ដេចមានការសោកស្ដាយខ្លាំងដែលកាលពីមុនឡើយប្ដឹងយកលុយតែមួយរយរៀលពីអ្នកដែលប្រមាថសម្ដេច ។តែលើកនេះ សម្ដេចថា នឹងទាមទារសំណងជម្ងឺចិត្តមិនតិចជាង ២ លានដុល្លារនោះទេ ដើម្បីយកទៅជួយកុមារកំព្រា ។លោកថាក្រោយពីតុលាការចេញសាលក្រមគឺត្រូវ​រឹបអូសទ្រព្យសម្បត្តិអ្នក​នោះ​ទាងអស់។

នាយករដ្ឋមន្ត្រីកម្ពុជាថា ការធ្វើបែបនេះដើម្បីកុំឱ្យព្រហើនបន្តទៀត ។

សម្ដេច ហ៊ុន សែន​ ថា សម្ដេចមានភស្តុតាងប្រមាណ៣២ ដើម្បីប្ដឹងអ្នកប្រមាថខ្លួន ។

សម្ដេច ហ៊ុន សែន​ ថា សម្ដេចមានភស្តុតាងប្រមាណ៣២ ដើម្បីប្ដឹងអ្នកប្រមាថខ្លួន ។

ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ឱ្យតែមានរឿងអ្វី សម្ដេចនឹងបបួលស្បថ ព្រោះពួកគេ មិនដែលហ៊ានស្បថនោះទេ ។

សម្ដេច​បញ្ជាក់ថា ការស្បថមិនមែនព្រោះទាល់ច្រកទេ តែជាវិធីដែលគេប្រើជាសកល ដែលសម្ដេចថា មុនចូលកាន់តំណែងក៏ស្បថ មុនចូលធ្វើសាក្សីក្នុងតុលាការក៏ស្បថជាដើម ។ 

លោកបណ្ឌិតមាស នី ប្រាប់មណ្ឌលព័ត៌មានស្ត្រីនៅព្រឹកថ្ងៃទី ១៣ មីនានេះថា លោកមិនគាំទ្រចំពោះពាក្យសម្ដីប្រមាថជីវិតបែបនេះឡើយ ព្រោះជាសម្ដីអសីលធម៌ ។

លោកបណ្ឌិតថា ការប្ដឹងរបស់សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជាគឺសិទ្ធិរបស់គាត់ ។

អ្នកវិភាគរូបនេះបន្ថែមទៀតថា ការប្ដឹងដែលនឹងរឹបអូសទ្រព្យសម្បត្តិបែបនេះ អាចជាការកាត់បន្ថយករណីបែបនេះទាំងក្នុង និងក្រៅស្រុក ។

កន្លងមកមានការបង្ហោះតាមរយៈបណ្ដាញសង្គម ដែលភាគច្រើនចេញពីបក្សប្រឆាំងថា សម្ដេចកំពុងតែឈឺព្យាបាលនៅបរទេសជាដើម ដែលសម្ដេចតែងតែបង្ហាញការហួសចិត្តចំពោះរឿងទាំងនេះ ។

សម្ដេច ហ៊ុន សែន តែងតែបង្ហាញទៅសាធារណៈជនថា សម្ដេចមានសុខភាពមាំមួន តាមរយៈការលែងកីឡាវាយកូនហ្គោលជាដើម ។

តែយ៉ាងណា ក៏ដោយ កាលពីប៉ុន្មានខែមកនេះ សម្ដេចហ៊ុនសែន បានគំរាម វាយកំទេច ក្រុមប្រឆាំង បើហ៊ានធ្វើចលនាបះបោរប្រឆាំងរដ្ឋាភិបាល។

សម្ដេច ធ្លាប់និយាយថា សម្ដេច មានសោកស្ដាយ ដែលទុកជីវិតអោយមេបក្សប្រឆាំង​នៅរស់​គឺគួរត្រូវកំទេចពួកនេះ  ក្នុងអំឡុង ក្រុមប្រឆាំងនេះធ្វើមហាបាតុកម្ម គាបសង្កត់ បក្ស​កាន់​អំណាច ក្រោយពី​ការ​បោះ​ឆ្នោត ២៨កក្កដា ឆ្នាំ២០១៣។

អ្នកសង្កេតការណ៍មើលឃើញថា ការប្រមាថគ្នារបស់អ្នកនយោបាយគឺមានទៅមានមកដូចគ្នា ហើយបើដូចនេះ ខ្មែរមិនអាចរកការឯកភាពជាតិបានទេ ៕

អត្តបទដោយ សោម លាភ

Share

ព័ត៌មានទាក់ទង

Image