ភ្នំពេញ៖ ថវិកាប្រមាណជិតមួយលានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលនៃប្រទេសស៊ុយអែតផ្តល់មកកាន់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីផ្តើមអនុវត្តគម្រោង “ដំណើរឆ្ពោះទៅចីរភាពបរិស្ថាននៃប្រទេសកម្ពុជា”។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃនេះ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានឱ្យដឹងថា គម្រោងដែលគាំទ្រជាថវិកាពីរដ្ឋាភិបាលស៊ុយអែត តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិUNDPនេះ គឺសាកល្បងអនុវត្តគំនិតនវានុវត្តន៍ថ្មីៗ ដើម្បីគ្រប់ គ្រងធនធានធម្មជាតិ តាមរយៈសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈយន្តការទូទាត់សេវាកម្ម ប្រព័ន្ធអេកូឡូស៊ី (Payment for Ecosystem Services: PES) កាត់បន្ថយសំណល់ (circular economy) និងផ្តល់ថាមពលស្អាតមានតម្លៃសមរម្យសម្រាប់សហគមន៍ដាច់ស្រយាល (off-grid communities)។
គម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ២ឆ្នាំ លើទឹកប្រាក់ប្រមាណ០,៩លានដុល្លារអាមេរិក ដោយមានការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក.ជ.អ.ច. និងចូលរួមអនុវត្តពី ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល គ.ជ.អ.ប. សាកលវិទ្យាល័យ និងវិស័យឯកជន៕