ភ្នំពេញ៖ ទំនិញរបស់កម្ពុជាចំនួន ៣២មុខ ដែលនាំចេញទៅសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងត្រូវលើកលេងការបង់ពន្ធគយរយៈពេលមួយឆ្នាំ អនុវត្តពីឆ្នាំ២០១៩ ដល់២០២០។ នេះបើយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១១មីនាម្សិលមិញ។
យោងតាមសេចក្តីជូនដំណឹង ក្រសួងសូមអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញដែលបាន និងកំពុងប្រកបអាជីវកម្មទាក់ទិននឹងទំនិញទាំង ៣២មុខនេះ ត្រូវស្នើសុំវិញ្ញបនបត្របញ្ជាក់ដើមកំណើតទំនិញតាមគេហទំព័រco.moc.gov.kh/។ ដោយឡែកមុខទំនិញសន្លឹកថ្នាំជក់ និងអង្ករ សម្រាប់អនុវត្តឆ្នាំ២០១៩នេះ សូមផលិតករ ឬអ្នកនាំចេញ ដាក់ពាក្យសុំមកក្រសួងពាណិជ្ជកម្មផ្នែកនាយកដ្ឋាននាំចេញ-នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៨ មេសា ឆ្នាំ២០១៩។
ប្រភេទទំនិញដែលអាចនាំចេញទាំងនោះរួមមាន ប្រភេទសាច់សត្វ ផ្លែឈើស្រស់ ឬក្រៀម ស្រូវ អង្ករ អាហារច្នៃពីសាច់ ប្រភេទនំផ្សេងៗ និងថ្នាំជក់ជាដើម។
សូមបញ្ជាក់ថា ការទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយនូវមុខទំនិញចំនួន ៣២ មុខនេះគឺបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានសម្រេចឯកភាពគ្នាចុះហត្ថលេខាកាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩។