en     km
en     km

សម្ដេចហ៊ុនសែនហៅក្រុមប្រឆាំងចូលមកកម្ពុជាបើចង់វាយឬចាប់ខ្លួនសម្ដេចគឺសម្ដេចកំដរបាន

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទៅក្រុមប្រឆាំងដែលចង់ទម្លាក់សម្ដេច ហ៊ុន សែន ពីដំណែង តាមរយៈការវាយឬក៏ចាប់ខ្កួនក្ដី គឺត្រូវចូលមកកម្ពុជា ដែលសម្ដេចថា សម្ដេចមិនទុកឱ្យគេវាយខ្លួនបានឡើយ ។ ការថ្លែងបែបនេះធ្វើឡើងក្រោយពេលដែលលោក សម រង្ស៊ី តែងតែថ្លែងបញ្ជាក់ថា លោកចូលមកកម្ពុជានៅឆ្នាំ ២០១៩ នេះ ដើម្បីមកចាប់សម្ដេច ហ៊ុន សែន ។ អ្នកវិភាគបង្ហាញការមិនចង់ឃើញសារឆ្លើយឆ្លងបែបនេះសោះឡើយ ។

រាយការណ៍ដោយលោក សោម លាភ

 

ថ្លែងនៅចំពោះមុខនិសិ្សតបញ្ចប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្ដេច ហ៊ុន សែន បានប្រកាសថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងទម្លាក់សម្ដេចចេញពីដំណែងនាយករដ្ឋមន្ត្រីកម្ពុជាបានឡើយ ។

ការថ្លែងខ្លាំងៗបែបនេះពីនាយករដ្ឋមន្ត្រីកម្ពុជា ជាការបង្ហាញនូវអារម្មណ៍ហាក់ដូចជាហួសចិត្តចំពោះសម្ដីរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសខ្លួននៅបរទេស ដែលតែងតែរិះគន់សម្ដេច និងបង្ហាញជំហរថាចង់មកកម្ចាត់សម្ដេច ហ៊ុន សែន ខណៈសម្ដេចថា មិនទំនងបន្តិចទាល់តែសោះ ។​

លោក សម រង្ស៊ី តែងតែថ្លែងចំពោះមុខមន្ត្រីនៃអតីតគណបក្សរបស់ខ្លួនដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ ២០១៧ ថា នឹងរួបរួមកម្លាំងគ្នានៃមន្ត្រីគណបក្សនេះ និងអ្នកធ្លាប់គាំទ្រនៅតាមមូលដ្ឋានមកចាប់នាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ ២០១៩ នេះ ។

លោក សម រង្ស៊ី តែងតែចំអកឱ្យសម្ដេច ហ៊ុន សែន តាមរយៈរូបភាពមួយដែលសម្ដេច ហ៊ុន សែន  នៅក្នុងសង្វៀនលើកដៃកាន់ខ្សែងក្រវ៉ាត់បញ្ជាក់ថាជាជ័យជំនះ ហើយឱ្យកងកម្លាំងប្រដាប់អាវុធដេញលោក សម រង្ស៊ី ដែលនៅក្រៅសង្វៀនថា ជាមនុស្សកំសាកមិនដែលហ៊ានតទល់ជាមួយគូរបដិបក្ខរបស់ខ្លួនមួយទល់នឹងមួយ ។

មកដល់ថ្ងៃនេះ សម្ដេច ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមប្រឆាំងដែលតែងតែទាមទារ និងអះអាងដើម្បីឱ្យមានការផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជា ឱ្យចូលមក  មកចាប់ក៏បាន មកវាយក៏បាន តែសម្ដេចថា សម្ដេចមិនឱ្យនរណាគេវាយសម្ដេចឡើយ ។

សម្ដេចសួរថា ហេតុអ្វីបានជាពួកអ្នកទាំងនេះមិនទាន់ចូលមកកម្ពុជាមក ។

នាយករដ្ឋមន្ត្រីកម្ពុជាថា ខ្លួនមានងារជាតេជោដោយព្រះមហាក្សត្រ ដែលជាតេជោក្នុងសតវត្សទី ២១ បើទោះបីជាមិនមានមន្តអាគមន៍ដូចតេជោយ៉ត ឬតេជោមាស កាលសតវត្សទី  ១៦ ក្ដី តែសម្ដេច ក៏ប្រាប់ឱ្យក្រុមប្រឆាំងទាំងនោះសាកមើលបាន ។

សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសបើកសិទ្ធិឱ្យកងទ័ពទាំងអស់ ដែលមានតួនាទីការជាតិមាតុភូមិ ឱ្យកំទេចក្រុមណាដែលធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលនៅកម្ពុជា ។

លោក សម រង្ស៊ី ធ្លាប់បានប្រកាសម្ដងហើយម្ដងទៀតទៅកងកម្លាំងគ្រប់ប្រភេទត្រូវនៅខាងពលរដ្ឋកម្ពុជាស្លូតត្រង់ ដោយបែរកាណុងកាំភ្លើងទៅខាងថ្នាក់ដឹកនាំកម្ពុជាសព្វថ្ងៃវិញ ។

ថា្នក់ដឹកនាំនៃកងកម្លាំងស្ថិតក្រោមការគ្រប់គ្រងនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃតែងតែបង្ហាញឆន្ទៈ គោរពនិងអនុវត្តតាមការបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជាឱ្យខានតែបាន ។

លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដោយមិនចង់ឃើញអ្នកនយោបាយប្រើសារបែបនេះជាមួយគ្នានោះទេ ។

លោកបណ្ឌិតមាស នីបន្ថែមថា ប្រសាសន៍លោក សម រង្ស៊ី ជាការញាស់សម្ដេចហ៊ុន សែន ដែលលោកដឹងថាសម្ដេចជាមនុស្សឆាប់ខឹង ។ លោកថា ប្រសិនបើអ្នកទាំងពីរ មួយនៅតែញាស់ ធ្វើឱ្យមួយទៀតខឹង ជាហេតុបណ្ដាលឱ្យអ្នកទាំងពីរនៅតែមិនមានពេលត្រូវគ្នានោះទេ ដូចជាឱបដុំភ្លើងទាំងសងខាងនោះឯង ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image