ភ្នំពេញ៖ កម្ពុជា មិនមានទោសប្រហារជីវិតនោះទេ ដោយសារតែរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មិនបានចែងពីផ្តនា្ទទោសដោយ ប្រហារជីវិតនោះ ។ ការពុំមានទោស ប្រហារជីវិតក៏ធ្វើឡើងស្របតាម អនុសញ្ញារបស់អង្កការសហប្រជាជាតិ ។ យ៉ាងណាសម្ដេចហ៊ុនសែន បានប្រែប្រួលចិត្តវិញភ្លាមក្រោយពី ពីមានប្រតិកម្មជំទាស់ ដោយសម្ដេចសម្រេចដកគំរោងស្នើសុំអោយទោសប្រហារជីវិតវិញ ។ សម្ដេចសម្រេចដកឡើងវិញនេះគឺមិនដល់មួយថ្ងៃទេ បន្ទាប់ពី មានការជំទាស់ជាច្រើន ពីសំណាក់សង្គមស៊ីវិលអ្នកតាមដានបញ្ហាសង្គម និងពលរដ្ឋមួយចំនួន។
លោក សោម លាភ រាយការណ៍៖
នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដកការស្នើសុំរបស់សម្ដេចដែលចង់សុំធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឱ្យមានការកាត់ជនល្មើសដោយ ទោសប្រហារជីវិតករណីការចាប់រំលោភ សាច់ញាតិខ្លួនឯង ដែលសម្ដេចឈ្វេងយល់ថាអាចមានការកាត់ទោសដោយភ័ន្តច្រឡុំគឺកំហុសមួយធ្ងន់ធ្ងរ។
ការប្រកាសបែបនេះរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី ១១ មីនានេះ ។
កាលពីម្សិលមិញ សម្ដេច ហ៊ុន សែន បានបញ្ជាក់ដោយបានបង្ហាញការឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់ ជាពិសេសពីសំណាក់បុគ្គលជា ឪពុក ជីតា ឪពុកមារ ដែលបានប្រព្រឹត្តិរំលោភបំពានផ្លូវភេទមកលើកូន ចៅ និងក្មួយខ្លួនឯង ។
សម្តេច បង្ហាញគម្រោងស្នើសុំធ្វើប្រជាមតិ ដើម្បីឈានទៅរកការកែសម្រួលនិងបង្កើតច្បាប់ក្នុងការកាត់ទោសឧក្រិដ្ឋជនទាំងនោះដោយទោសប្រហារជីវិត ។
មកដល់ថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា មូលហេតុដែលសម្ដេចសម្រេចដកសំណើចេញវិញ ដោយមិនឱ្យមានទោសប្រហារជីវិតនេះ ព្រោះសម្ដេចយល់ស្របទៅនឹងយោបលរបស់មនុស្សចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីនេះ ដែលសម្ដេចថាជាកំហុស បើការកតា់ទោសណាមួយមានការភ័ន្តច្រឡំ។
សម្ដេចថា មិនមានការចាំបាច់ដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញឱ្យមានទោសប្រហារជីវិតនោះទេ ។
តែសម្ដេចថា ត្រូវយកវិធានការអប់រំសីលធម៌សង្គម និងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតដោយដាក់ទោសមួយជីវិត ដើម្បីឈានទៅដល់ការលុបបំបាត់អំពើទាំងនេះ ។
មាត្រា ៣២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលចែងថា ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ។ កម្ពុជា មានការកំណត់ទោស ឧក្រិដ្ឋដោយការផ្ដន្ទាទោសមួយជីវិត។
ជាការកត់សម្គាល់ក្រោយពី សម្ដេចនាយករដ្ឋមន្ត្រី បង្ហាញគំនិតផ្ដួចផ្ដើមដូចនេះ ឃើញថាមានប្រតិកម្មចម្រុះបាន បញ្ចេញមតិ ក្នុងបណ្ដាញសង្គម និងការជួបជុំគ្នា ។ អ្នកខ្លះគាំទ្រ តែអ្នកខ្លះប្រឆាំង។ ភាគច្រើនអ្នកជំទាស់គឺពួកគេ បានស្ដីបន្ទោសទៅលើប្រព័ន្ធយុត្តិធម៌ និងភាពត្រឹមត្រូវនៃការវិនិច្ឆ័យរបស់ចៅក្រម។
អ្នកខ្លះទៀត និយាយថា សង្គមជាអ្នកដឹកនាំមនុស្ស ។ពួកគេគិតថាករណីញឿងញៀនគឺជារឿងធំណាស់ដែលធ្វើឱ្យមនុស្សប្រព្រឹត្តគ្រឿងញៀនហ៊ាន ប្រព្រឹត្តទង្វើអសីលធម៌ ។
យ៉ាងណាក៏ដោយ ប្រទេសភាគច្រើនបានលុបចោលការកាត់ទោសដោយប្រហារជីវិត គឺចាប់តាំងពីពិភពលោក បញ្ចប់សង្រ្គាមត្រជាក់នៅដើមទសវត្ស១៩៩០។
គេសង្កេតឃើញ ប្រទេសនៅអនុវត្តទោស របៀបនេះ ដូចជាប្រទេសចិន វៀតណាម ឥណ្ឌូនេស៊ី ជាដើម។
ប្រទេសចិន កាត់ទោសប្រហារជីវិតជនជាប់ចោទច្រើនករណីពុករលួយធ្ងន់ធ្ងរ។ ប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ច្រើនកាត់ទោស លើជនជាប់ចោទករណី រត់ពន្ធគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន ដែលប្រភេទគ្រឿងញៀនមានតំលៃថ្លៃបំផុត ៕
អត្តបទដោយ៖ សោម លាភ