en     km
en     km

សម្ដេច ហ៊ុន សែន ស្នើភាគីពាក់ព័ន្ធអនុវត្តន៍នូវ ៥ ចំណុចដើម្បីលើកស្ទួយតួនាទីស្ត្រី

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អនុវត្តនូវ៥ ចំណុចសំដៅ លើកស្ទួយដល់តួនាទីស្ត្រីដែលជាឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។

រាយការណ៍ដោយលោក សោម លាភ

 

ថ្លែងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៥ ខែមីនានេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រ គឺជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ។ នាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះគឺជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ខ្លាំង ។

នា​ឱកាសនោះ សម្ដេច បានដាក់ចេញនូវគោលការណ៍ចំនួន ៥ ចំណុច សម្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងប្រជាជនកម្ពុជាទាំងអស់អនុវត្តដើម្បីស្ត្រីដូចតទៅ ៖

១- យកចិត្តទុកដាក់ជាពិសេស ក្នុងការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត ។  ជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់ ។

២- ពង្រឹងការអនុវត្តច្បាប់ ពន្លឿនដំណើរការកាត់ក្តីស្រី្តដែលជាប់ទោសឱ្យទាន់ពេលវេលា ។ តាមដានស្ថានភាពពួកគាត់ ហើយត្រូវវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងជម្លោះផ្សេងៗ ។

៣- ក្រសួងអប់រំយុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កំរិត ។ ការធ្វើបែបនេះ ដើម្បីឱ្យក្មេងស្រី បានសិក្សាមុខវិជ្ជាជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម រួមទាំងគណិតវិទ្យា ។

៤- ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ។ យ៉ាងណា ត្រូវធ្វើឱ្យបានតាមរយៈការទប់ស្កាត់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើនដែលជាហេតុគ្មានសណ្ដាប់ធ្នាប់សង្គម។

៥-ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំផ្សេងៗ ។ ជាងនេះ ផ្សព្វផ្សាយអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសទៅលើរបៀបរបបនៃការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ ។

កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះនៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ១១ចំណុចក្នុងការចូលរួមអភិវឌ្ឍន៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

អនុសាសន៍របស់សម្ដេចជំរុញឱ្យយកចិត្តទុកដាក់ចំពោះស្ត្រីមន្រ្តីរាជការស៊ីវិលជាស្ត្រីមុនចូលនិវត្តន៍ដោយដំឡើងឋានន្តរស័ក្កិ និងថ្នាក់ក្នុងប្រភេទក្របខណ្ឌរបស់ខ្លួនតាមអតីតភាពការងារឲ្យស្របតាមគោលការណ៍។

តែអ្វីដែលនៅចោទជាបញ្ហានៅឡើយគឺថាតើបណ្ដាស្ថាប័នដែលពាក់ពន្ធ័ ជាពិសេសនោះគឺក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ពួកគាត់មានវិធីសាស្រ្ដយ៉ាងណាខ្លះដើម្បីធ្វើឲ្យចំនួនស្រ្ដីកាន់តែមានការកើនឡើងនៅក្នុងស្ថានប័ននានា។

មន្ត្រីម្នាក់នៃក្រសួងកិច្ចការនារី  ដែលជាអនុប្រធាន នាយកដ្ឋាន ការពារផ្លូវច្បាប់ អ្នកស្រី សរ ស៊ីណេត មានប្រសាសន៍ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីកាលពីថ្មីថា យើងបានតស៊ូហើយដើម្បី បង្កើនចំនួនស្ត្រីក្នុងស្ដាប័ន ជាតិនិងថ្នាក់ក្រោមជាតិ គឺតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឱ្យមានការចូលរួមជួយដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ។

តួយ៉ាង សម្ដេច ចង់ឃើញមានការយកចិត្តទុកដាក់ អនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសស្ត្រីមានផ្ទៃពោះ ទោះមន្ត្រីរាជការ ស្រី្តបម្រើមុខងារតាមក្រសួងស្ថាប័ន ដើម្បីឲ្យពួកគាត់ទទួលបាននូវរបបឧបត្ថម្ភ និងការឈប់សម្រាកតាមច្បាប់ដែលបានកំណត់ ។

ក្រុមហ៊ុន សហគ្រាស រោងចក្រទាំងឡាយណា ត្រូវចុះបញ្ជីនៅក្រសួងការងារ និងបញ្ជាក់អំពីស្ដី្រដែលកំពុងធ្វើការឱ្យស្ថាប័នរបស់ខ្លួន ដើម្បីពួកគាត់ទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឲ្យមានការរៀបចំស្ត្រី ក្នុងក្របខ័ណ្ឌនៃគណៈអភិបាលខេត្ត អភិបាលស្រុក ខណ្ឌ ឬតាមស្ថាប័នអោយមានជាឋានៈអគ្គនាយក អគ្គនាយករង ។

ដោយឡែក ក្របខ័ណ្ឌស្ត្រីដែលចូលរៀនកំរិតថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ក៏សម្ដេច ចង់ឱ្យមានការកើនឡើងដែរ ។

ស្ត្រីដែលធ្វើការនៅតាមផ្ទះ គួរទទួលបានការគិតគូរ និងការលើកទឹកចិត្ត ព្រមទាំងផ្តល់ថ្ងៃឈប់សំរាកខ្លះសំរាប់ពួកគាត់ ។ សម្ដេចថា ត្រូវលុបបំបាត់ឱ្យបាននូវការប្រើហឹង្សាគ្រប់រូបភាព សកម្មភាពមិនសមរម្យចំពោះពួកគាត់ ។

បញ្ហាស្ត្រីជាពិរុទ្ធជនមិនទាន់បានកាត់ក្តី សម្ដេចបានឱ្យក្រុមមេធាវីរបស់ខ្លួនយកចិត្តទុកដាក់ជាចម្បង  ។ ពោលគឺត្រូវជួយឱ្យមានការសម្រាល ឬលើកលែងទោស មិនចាំបាច់ទាល់តែថ្ងៃបុណ្យជាតិធំៗឡើយ ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image