ភ្នំពេញ៖ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយបណ្តាអង្គការសង្គមស៊ីវិលពាក់ព័ន្ធមួយចំនួនដែលធ្វើការរួមលើយុវជន បានជួបជុំគ្នាពិភាក្សារកឃើញនូវបញ្ហាប្រឈម ដំណោះស្រាយ និងធាតុចូលនានាដើម្បីឈានទៅសម្រេចឱ្យបាននូវផែនការសកម្មភាពជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា។ ជំនួបពិភាក្សានេះធ្វើឡើងក្នុងវេទិកាលើកទី១ នៃភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា នៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
វេទិការលើកទី១ ស្តីពីការអភិវឌ្ឍយុជនកម្ពុជានេះ គឺជាជំនួបលើកទី១ រវាងមន្រ្តីនៃក្រសួងអប់រំ ជាមួយអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារក្នុងគោលដៅលើកស្ទួយនិងអភិវឌ្ឍន៍សមត្ថភាពយុវជនកម្ពុជា។
លោកស្រី នួន មករា ជំនួយការកម្មវិធីនៃអង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ ហៅកាត់ថា UNV និយាយថា គោលបំណងក្នុងកម្មវិធីនេះ គឺដើម្បីប្រមូលនិងតាមដានលទ្ធផលពីបណ្តាអង្គការជាតិ អន្តរជាតិ អង្គការUNV និងរដ្ឋាភិបាលលើផែនការសកម្មភាពអភិវឌ្ឍយុវជនកម្ពុជាដែលបញ្ចប់នៅឆ្នាំ២០១៩នេះ។ លោកស្រីបន្តថា កិច្ចពិភាក្សានេះក៏ឈានទៅកំណត់ឱ្យបាននូវការងារមួយចំនួនដើម្បីអនុវត្តនាពេលខាងមុខ ពិសេសគឺពង្រឹងការចូលរួមរបស់យុវជនឱ្យបានផុសផុល។
លោកស្រី នួន មករា៖«តាមរយៈយើងពិភាក្សាជាមួយរដ្ឋាភិបាល អង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអង្គការសង្គមស៊ីវិលនានា យើងឃើញថា ទាំងអស់គ្នាបានរួមគ្នាធ្វើសកម្មភាពទាំងអស់ហ្នឹងគឺប្រកបដោយភាពត្រឹមត្រូវ តែសម្រាប់នៅឆ្នាំក្រោយយើងត្រូវមើលពិនិត្យយ៉ាងម៉េចដើម្បីផ្ទៀងផ្ទាត់គ្នា ធ្វើយ៉ាងម៉េចឱ្យអង្គការណាធ្វើការក្នុងវិស័យជាមួយគ្នាឱ្យគាត់រួមនូវធនធានបន្ថែមទៀតធ្វើយ៉ាងម៉េចឱ្យកាត់ផ្តល់ឱកាសកាន់តែច្រើនដល់យុវជនយើង»។
លោក ចឹក លីម អគ្គនាយករងក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករងនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនមានប្រសាសន៍ក្នុងវេទិកាថា ជំនួបពិភាក្សារវាងមន្រ្តីក្រសួងនិងដៃគូសង្គមស៊ីវិលនៅថ្ងៃនេះ គឺជាឱកាសល្អមួយ ដើម្បីឱ្យស្ថាប័នទាំងអស់បានចែករំលែកនូវបទពិសោធន៍ និងបានដឹងពីសកម្មភាពការងាររបស់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកអនុវត្តគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិជាដើម។ សម្រាប់វឌ្ឍនភាពវិញលោក ចឹក លីម ឱ្យដឹងថា ក្រសួងបានរៀបចំ និងសម្រេចនូវឯកសារគតិយុត្តដើម្បីធានាការប្រព្រឹត្តទៅរបស់អគ្គលេខាធិកាដ្ឋានក្នុងនោះមាន សេចក្តីសម្រេចស្តីពីការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍយុវជន ថ្នាក់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ រៀបចំរចនាសម្ព័ន្ធរបស់ស្ថាប័នចំណុះនៅថ្នាក់ជាតិ និងថ្នាកក្រោមជាតិ រួមនិងកិច្ចការមួយចំនួណឲនទៀតសរុបមាន១៦ចំណុច។
https://www.facebook.com/womenradio/videos/492002374669648/UzpfSTEwMDAwNTY2MzgzNTU5NDo5OTcxODA2NjA0ODA3MTk/?id=100005663835594
ចំណែកទិសដៅបន្តវិញលោក ចឹក លីម បន្ថែមថា អគ្គនាយកដ្ឋានបានបញ្ចប់សេចក្តីព្រាងចុងក្រោយនូវរបាយការណ៍ពិនិត្យឡើងវិញនៃការអនុវត្តផែនការសកម្មភាពជាតិយុវជន។ ការរៀបចំ និងកែលម្អផែនការសកម្មភាពជាតិយុវជន។ ការពង្រឹង និងអភិវឌ្ឍសមត្ថភាពស្ថាប័ននៃអគ្គលេខាធិការដ្ឋាន ក ជ យ។ អភិវឌ្ឍន៍ក្របខណ្ឌ និងឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃនៃការអនុវត្តផែនការសកម្មភាពជាតិយុវជន និងការកៀរគរកម្លាំងគ្រប់មជ្ឈដ្ឋាន អ្នកពាក់ព័ន្ធដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិយុវជនកម្ពុជា។
នៅក្នុងការអនុវត្តផែនការសកម្មភាពនេះ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែលត្រូវរកដំណោះស្រាយ។ បញ្ហាប្រឈមទាំងនោះរួមមាន យុវជនពុំទាន់មានឱកាសទទួលបានការងារសមស្របនៅឡើយ។ ចំណេះដឹងនៅមានកម្រិតតិចតួច និងទទួលបានកម្រៃ និងបៀវត្តរ៍ទាប។ រីឯស្រ្តីវិញមិនសូវទទូលបានការងារធ្វើដោយមានកម្រៃល្អ។ យុវជនបានចំណាកស្រុកទៅកាន់ទីផ្សេងៗ ដើម្បីស្វែងរកឱកាសករកប្រាក់ចំណូល ដែលប្រឈមមុខនឹងការលំបាក។ ការចំណាកស្រុករបស់យុវជននេះបានធ្លាក់ចូលក្នុងស្ថានភាពងាយរងគ្រោះ បោះបង់ការសិក្សា បាត់បង់ជម្រើសរបស់ខ្លួន សេពគ្រឿងញៀន គ្រឿងស្រវឹង និងគ្រោះថ្នាក់នៅកន្លែងធ្វើការជាដើម។
បញ្ហាប្រឈមមួយទៀតនោះ គឺក្រសួងអនុវត្តផែនការយុទ្ធសាស្រ្តបានត្រឹមតែ៦ ចំណុចប៉ុណ្ណោះក្នុងចំណោមទាំង១២ចំណុច។
លោក ប៉ែន សុមុនី នាយកប្រតិបត្តិ អង្គការស្ម័គ្រចិត្តដើម្បីសង្គមហៅកាត់ថា CVS និយាយថា វេទិកាលើកទី១ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជានេះ គឺជាឱកាសមួយល្អដើម្បីឆ្លុះបញ្ចាំងលើគោលនយោបាយយុវជនជាតិដែលបានអនុវត្តជិត ៨ ឆ្នាំកន្លងមកនេះ។ លោកឱ្យដឹងថា រដ្ឋាភិបាលគួរតែរៀបចំថវិកាឱ្យបានច្រើនដើម្បីវិនិយោគលើការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍយុវជនទាំង១២ចំណុចនោះ ដោយមិនត្រូវទុកចោលចំណុចណាមួយនោះទេ។
យ៉ាងណាដើម្បីឈានទៅសម្រេចឱ្យបាននូវផែនការសកម្មភាពជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជាឱ្យឆាប់សម្រេចបាន នោះយុវជនខ្លួនឯងក៏ត្រូវខិតខំរៀនសូត្រ និងស្វែងរកការងារដើម្បីពង្រឹងសមត្ថភាព ចំណេះជំនាញជាដើម។
លោក ប៉ែន សុមុនី៖« សម្រាប់យុវជនខ្លួនឯង យើងត្រូវស្វះស្វែងសិក្សាស្វែងយល់ទាំងក្នុងនិងក្រៅប្រព័ន្ធផ្លូវការ ទាំងក្នុងសាលា និងក្រៅសាលា ហើយយុវជនត្រូវស្វែករកការងារហាត់ការ ឬស្ម័គ្រចិត្តនានាតាមស្ថាប័នផ្សេងៗ ជាពិសេសជាមួយអង្គការសង្គមស៊ីវិល បង្កើ់តនូវទំនាក់ទំនងក្នុងសង្គមក្នុងការធ្វើការងារហ្នឹងឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីជាចំណែកមួយអភិវឌ្ឍន៍ប្រទេសកម្ពុជា»។
សូមរំលឹកថា យោងតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាឆ្នាំ២០១១ និងផែនការសកម្មភាពស្តីពីការអភិវឌ្ឍយុវជនកម្ពុជា២០១៦-២០១៨ រាជរដ្ឋាភិបាល និងក្រសួងងប់រំ បានដាក់ចេញនូវផែនការ និងខិតខំកសាងពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលសរុបប្រមាណ ៦០ស្ថាប័ននាពេលកន្លងមកនេះ ដើម្បីធ្វើការងារទាំងនៅថ្នាកជាតិ និងថ្នាក់ក្រោមជាតិ ។ ទោះយ៉ាងណាក្តី ការសហការនេះនៅមានភាពខ្វះខាត រីឯការសម្របសម្រួលវិលមិនសូវបានរលូន និងទៀងទាត់នោះទេ។ ជាលទ្ធផល ក្រសួងមិនអាចទទួលបានព័ត៌មានគ្រប់គ្រាន់ពីអង្គការសង្គមស៊ីវិល ហើយសង្គមស៊ីវិលក៏មិនអាចបានព័ត៌មានច្បាស់លាស់ និងការគាំពារទាន់ពេលវេលាពីក្រសួង និងរាជរដ្ឋាភិបាលដែរ។
ដូច្នេះវេទិកានេះ គឺសំដៅដើម្បីពង្រឹងការសហការរវាងរាជរដ្ឋាភិបាល និងអង្គការជាដៃគូ។ លទ្ធផលនៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូលក៏មានសារៈសំខាន់ សម្រាប់ការរៀបចំផែនការ និងរបៀបការងារដែលមានលក្ខណៈជាប្រព័ន្ធ មានការចូលរួម និងមានភាពទៀងទាត់ ដើម្បីធានាឱ្យការសម្របសម្រួល ការចែករំលែកមានប្រសិទ្ធភាព ជាប្រយោជន៍ដល់ការអនុវត្តផែនការសកម្មភាពស្តីពីការអភិវឌ្ឍយុវជនកម្ពុជារយៈពេលបន្ទាប់៕