ក្រុមសហជីពដែលមិនទាន់ពេញចិត្តលើការសម្រេចដំឡើងប្រាក់ឈ្នួលជូនកម្មករ ដែលមានតួលេខ ១៤០ ដុល្លារ នោះ គ្រោងនឹងបើកកិច្ចពិភាក្សាលើ ៣ ចំណុចនៅថ្ងៃពុធ ទី២២ ខែតុលាដើមសប្តាហ៍នេះ ដើម្បីស្វែងរកលទ្ធភាពដំឡើងប្រាក់ឈ្នួលគោលជូនកម្មករឱ្យបានច្រើនជាងនេះ។ នេះបើតាមការគូសបញ្ជក់ពីលោក អាត់ ធន់ ប្រធានសម្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាសមាជិកគណៈកម្មការប្រឹក្សាការងារ ដែលបានប្រាប់វិទ្យុស្រី្តនៅថ្ងៃទី១៨ ខែតុលានេះ។
មន្ត្រីសហជីពអះអាងថា នៅដើមសប្ដាហ៍ក្រោយ នឹងមានកិច្ចពិភាក្សា ដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មី និងរកលទ្ធភាពយ៉ាងណាជំរុញឱ្យមានការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍បន្ថែមទៀតជូនដល់កម្មករ។
លោក អាត់ ធន់ ប្រធានសម្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាសមាជិកគណៈកម្មការប្រឹក្សាការងារ និយាយថា នៅថ្ងៃពុធ ទី២២ ខែតុលា ដើមសប្តាហ៍នេះ ក្រុមសហជីពដែលមិនទាន់ពេញចិត្តលើការសម្រេចដំឡើងប្រាក់ឈ្នួលកម្មករ ១៤០ ដុល្លារ សម្រាប់ឆ្នាំ ២០១៦ ខាងមុខ គ្រោងនឹងបើកកិច្ចពិភាក្សាលើ ៣ ចំណុច ដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មី និងរកលទ្ធភាពយ៉ាងណា ជំរុញឱ្យមានការផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍បន្ថែមទៀតជូនកម្មករ។
លោក អាត់ ធន់ បញ្ជាក់ថា ចំណុចទាំង៣នោះរួមមាន ទី១ ការពិភាក្សាជំរុញឱ្យមានការចរចាប្រាក់ឈ្នួលអប្បបរមាបន្ត ទី២ ក្នុងករណីប្រាក់ឈ្នួលអប្បបរមាមិនអាចដំឡើងបាន សហជីពនឹងស្នើឱ្យមានចរចាលើអត្ថប្រយោជន៍នានា និងទី៣ ក្នុងករណីមិនមានការដំឡើងប្រាក់ឈ្នួលគោលបន្ថែម ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករនោះទេ នោះសហជីពនិងកម្មករគ្រោងចេញធ្វើការតវ៉ាទាមទារជាក្បួន តាមទីសាធារណៈជាក់ជាមិនខាន។
លោក អាត់ ធន់៖ «យើងអាចជជែកគ្នា ៣ របៀប ទី១ យើងនឹងជំរុញប្រាក់ឈ្នួលអប្បបរមាហ្នឹងបន្តទៀត ទី២ ប្រសិនបើប្រាក់ឈ្នួលហ្នឹងមិនអាចជជែកគ្នាទៀតទេ យើងអាចស្នើឱ្យមានការចរចាទៅលើអត្ថប្រយោជន៍ផ្សេងៗ ទី៣ ក្នុងករណីដែលគេមិនព្រមទាំងពីរ យើងអាចធ្វើជាការតវ៉ា ឬក៏យ៉ាងណាយើងហ្នឹងជជែកគ្នានៅពេលហ្នឹងដើម្បីសម្រេច»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជារូបនេះបញ្ជាក់ថា មូលហេតុដែលនាំឱ្យក្រុមសហជីពឈានដល់
កិច្ចពិភាក្សានេះ ក៏ព្រោះតែក្រុមសហជីពយល់ឃើញថា តួលេខប្រាក់ឈ្នួល ១៤០ ដុល្លារ នេះ នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការរបស់កម្មករនៅឡើយ បើប្រៀបធៀបនឹងតម្លៃទំនិញនៅលើទីផ្សារសព្វថ្ងៃ។
លោក អាត់ ធន់ បន្តថា កាលមុនបុណ្យភ្ជុំបិណ្ឌ ក្រុមសហជីពបានជូនដំណឹងពីការសម្រេចដំឡើងប្រាក់ឈ្នួល ១៤០ ដុល្លារ ទៅតាមបណ្ដារោងចក្រជាង ៧០ រោងចក្រ ដើម្បីស្ទាបស្ទង់មតិ ។ លោកថា ជាការឆ្លើយតប មានកម្មកររហូតដល់ ៧០% មិនពេញចិត្ត លើការកំណត់នេះ ។ លោក អាត់ ធន់៖យើងបានស្ទង់មតិហ្នឹងប្រហែលជា ៦០ ទៅ ៧០% មិនបានពេញចិត្តទេក្នុងចំនួនប្រាក់ឈ្នួលអប្បបរមាន ១៤០ ដុល្លារ ហ្នឹង គឺចង់ឱ្យមានការដំឡើងបន្ថែមទៀត។
ពាក់ព័ន្ធក្នុងរឿងនេះដែរ លោក កែម ឡី អ្នកវិភាគសង្គមសេដ្ឋកិច្ច យល់ឃើញថា ដើម្បីឱ្យកម្មករកាត់ដេរ ឬកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចរស់នៅក្នុងជីវភាពសមរម្យជាមួយនឹងប្រាក់ឈ្នួលគោល ១៤០ ដុល្លារ បាន លុះត្រាតែរដ្ឋាភិបាលតម្រូវឱ្យរោងចក្រត្រូវមានបន្ទប់សម្រាប់កម្មករស្នាក់នៅដោយឥតគិតថ្លៃ។ មួយវិញទៀត រដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ឱ្យវិនិយោគនៅតាមបណ្តាខេត្តឱ្យបានច្រើន ព្រោះកម្មករភាគច្រើនមកពីតាមបណ្តាខេត្ត ដែលនេះជាប្រការមួយជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់កម្មករផងដែរ។
លោក កែម ឡី៖ «បើ ១៤០ ដុល្លារ គឺរស់នៅដោយលំបាលវេទនា មិនអាចគ្រប់គ្រាន់បានទេ។ ប៉ុន្តែដើម្បីឱ្យគ្រប់គ្រាន់បានប៉ុណ្ណឹងល្មម លុះត្រាតែរដ្ឋាភិបាលធ្វើកិច្ចការបន្ថែមទៀត ព្រោះដោយសាររដ្ឋចាយបំណុលលើពលរដ្ឋ ដូច្នេះរដ្ឋគួរតែធ្វើកិច្ចការគ្រប់គ្រងលើបំណុលហ្នឹងឱ្យធ្លាក់បន្តិចទៅ ពលរដ្ឋចំណាយទាប ដូច្នេះកម្មករអាចចាយបាន។ ទី២ រដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុនហ្នឹង មានកន្លែងស្នាក់នៅរបស់កម្មករដោយមិនគិតថ្លៃ។ ទី៣ ធ្វើម៉េចរដ្ឋាភិបាលជួយក្រុមហ៊ុនហ្នឹង ឱ្យគាត់អាចមានលទ្ធភាពមានទឹក ភ្លើង មានសន្តិសុខ មានសេវាដឹងជញ្ជូនថោក ធ្វើឱ្យរោងចក្រកាត់ដេរចេញពីទីក្រុង ទៅដល់ជនបទកៀកទៅហ្នឹងរបស់ប្រជាពលរដ្ឋ។
សូមរំឭកថា ក្រោយពីដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៨ ខែតុលា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រាប់អ្នកសារព័ត៌មានថា តួលេខប្រាក់ខែថ្មី ១៤០ ដុល្លារនេះ គឺជាលទ្ធផលមួយដែលមានការសិក្សាទាំងខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសយ៉ាងល្អិតល្អន់។ លោករដ្ឋមន្ត្រីបន្តថា លោកជឿជាក់ថា ប្រាក់ខែថ្មី ១៤០ ដុល្លារនេះ នឹងជួយលើកស្ទួយជីវភាពរស់នៅរបស់កម្មករកម្ពុជាឱ្យកាន់តែប្រសើរឡើង៕