en     km
en     km

រដ្ឋាភិបាលអូស្រ្តាលីផ្តល់ជូនប្រព័ន្ធធារាសាស្រ្តបួនខ្សែនៅស្រុកចំនួន៤ក្នុងខេត្តព្រៃវែង

Share

ព្រៃវែង៖ ប្រព័ន្ធធានាសាស្រ្តចំនួនបួនខ្សែមានសមត្ថភាពផ្តល់ទឹកស្រោចស្រពពេញមួយឆ្នាំដល់កសិករជាង១៥០០គ្រួសារ ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីផ្តល់ជូនដល់ប្រជាពលរដ្ឋនៅស្រុកចំនួនបួន ក្នុងខេត្តព្រៃវែង ប្រើប្រាស់ដើម្បីជួយឱ្យកសិករអាចធ្វើស្រែបានពីរទៅបីដងក្នុងមួយឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២៨ កុម្ភៈម្សិលមិញ។ មន្រ្តីខេត្តព្រៃវែងឱ្យដឹងថាជំនួយនេះជា ជំនួយមួយចំគោលដៅព្រោះប្រជាពលរដ្ឋកំពុងត្រូវការទឹកបង្កបង្កើនផល។

 

ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាតថា កាវ៉ាក់(CAVAC) រដ្ឋាភិបាលអូស្ត្រាលីបានប្រគល់នូវប្រព័ន្ធធារាសាស្រ្តចំនួនបួនខ្សែជូនដល់សហគមន៍នានានៅស្រុកចំនួន ៤ មានស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំពង់ត្របែក ក្នុងខេត្តព្រៃវែង។

ប្រព័ន្ធស្រោចស្រពមួយចំនួនបួននេះអាចមានសមត្ថភាពផ្តល់ទឹកជូនដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បង្កបង្កើនផល និងធ្វើស្រែបានពីរទៅបីដងក្នុងមួយឆ្នាំ។ ចំណែកប្រជាពលរដ្ឋប្រមាណ១៥០០គ្រួសារក្នុងស្រុកចំនួនបួននេះអាចទទួលផលពីប្រព័ន្ធធារាសាស្រ្តមួយនេះផងដែរ។

លោកស្រី អេនជីឡា ក្រូកូរ៉ន (Angela Corcoran) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ប្រព័ន្ធស្រោចស្រពនេះជា ឧបករណ៍មួយទៀត ដែលបង្ហាញថា កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលអូស្រ្តាលីនៅកម្ពុជាបានផ្តល់នូវលទ្ធផលប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាពសម្រាប់កសិករកម្ពុជា»។

លោកស្រីឯកអគ្គរាជទូតរូបនេះបន្ថែមថា៖« លោកស្រីមានមោទនភាពចំពោះការងាររបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជួយដល់គ្រួសារ និងសហគមន៍នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនប្រាប់ចំណូល និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមរយៈពេលវែង ដូចជាកង្វះកម្លាំងពលកម្ម និងការប្រែប្រួលអាកាសធាតុជាដើម»។

ជុំវិញរឿងនេះលោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែងប្រាប់វិទ្យុស្រ្តីថា ជំនួយជាប្រព័ន្ធស្រោចស្រពរបស់រដ្ឋាភិបាល អូស្រ្តលីនេះ គឺជាជំនួយដ៏មានប្រសិទ្ធភាព និងចំគោលដៅព្រោះប្រជាពលរដ្ឋភាគច្រើនប្រកបរបបកសិកម្ម។ ពិសេសជាងនេះប្រព័ន្ធធារាសាស្រ្តមួយនេះកាន់តែជាប្រយោជន៍ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវបាតុភូត អែលនីណូ ដែលបង្កជាគ្រោះរាំងស្ងួត។ លោកស្រីអភិបាលរងខេត្តព្រៃវែងឱ្យដឹងទៀតថា​ បញ្ហាទឹកក្នុងខេត្តព្រៃវែងមិនសូវជាមានចំណោទសម្រាប់ប្រជាកសិករនោះទេ ព្រោះគណៈអភិបាលខេត្តមានយន្តការច្បាស់លាស់ និងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តនេះ។

                                                                                                                      ​រូបតំណាង

 

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តទាំងបួនខ្សែនេះមានតម្លៃប្រមាណ ៧ លានដុល្លារអាមេរិក។ ប្រព័ន្ធស្រោចស្រពទាំងបួននេះជាប្រឡាយធ្វើអំពីបេតុង។ ប្រព័ន្ធធារាសាស្រ្តនីមួយៗមានស្ថានីយ៍បូមទឹករួម និងបង្ហូរទឹកដោយផ្ទាល់ ពោលគឺមានប្រឡាយមេ និងប្រឡាយរងជាច្រើនដែលបង្ហូរទឹកដល់ស្រែដោយផ្ទាល់តែម្តង។ ប្រព័ន្ធធារាស្រ្តមួយនេះជាគំរូល្អជាងគេមួយក្នុងចំណោមប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ហើយវាប្រកបដោយនិរន្តភាព។

ក្រោមការគាំទ្រពីមន្ទីរធនធានទឹក និងឧតុនិយម កាវ៉ាក់ បានបង្កើត និងបណ្តុះបណ្តាលសហគមន៍កសិករឱ្យចេះប្រើប្រាស់ទឹក ដើម្បីប្រតិបត្តិ និងថែទាំប្រព័ន្ធធារាសាស្រ្តឱ្យបានល្អប្រសើរ។ ការវិនិយោគលើការបណ្តុះបណ្តាលនេះ ពិតជាមានភាពចំាបាច់ដើម្បីធានានូវភាពជាម្ចាស់ និងនិរន្តរភាព។

កាវ៉ាក់ ជាកម្មវិធីជំនួយធំជាងគេបំផុតរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងប្រទេសកម្ពុជា ដោយមានថវិកាសរុប ១៣០លានដុល្លារអូស្រ្តាលី​ ស្មើប្រមាណ៩២លានដុល្លារអាមេរិកកំពុងប្រតិបត្តិការចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០១០មក កាវ៉ាក់បានសាងសង់ និងកែលម្អឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចំនួន ៣០កន្លែង នៅក្នុងខេត្តកំពង់ធំ កំពត តាកែវ ព្រៃវែង និងកណ្តាល៕

 

Share

Image
Image
Image