ភ្នំពេញ៖ សាលារាជធានីភ្នំពេញជំរុញនិងផ្តល់យោបល់ជូនសមាគមរោងចក្រកាត់ដេរកម្ពុជា ដោយគប្បីបង្កើតរោងចក្រ និងឃ្លាំងស្តុកទំនិញនៅជាយក្រុង ជាអ្វីដែលសាលាក្រុងអនុវត្តយុទ្ធសាស្រ្តកាត់បន្ថយការកកស្ទះសារាចរណ៍ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចេញផ្សាយកាលពីថ្ងៃទី ២៧ កុម្ភៈម្សិលមិញ។
ក្រោយជំនួបជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា(GMAC)ស្តីពី«កិច្ចពិគ្រោះយោបល់ពីការផ្លាស់ប្តូរទី តាំងរោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញ»កាលពីថ្ងៃម្សិលមិញរួមមក សាលារាជធានីបានស្នើឱ្យសមាគមមួយនេះ ជួយជំរុញដល់អ្នកវិនិយោគិនដែលមានបំណងបង្កើតរោងចក្រថ្មី អាចទៅសាងសង់នៅតំបន់ជាយក្រុង តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី ៣។
ចេតនានេះគឺដើម្បីកែសម្រួល និងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
តាមសេចក្តីជូនព័ត៌មានរបស់សាលារាជធានីដដែលបញ្ជាក់យ៉ាងច្បាស់ថា ការជំរុញនេះមិនមានបំណងឱ្យរោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញដែលមានស្រាប់រើចេញពីទីតាំងដើមនោះទេ។
ក្នុងកិច្ចប្រជុំរវាងសាលាក្រុង និង GMAC ក៏បានឯកភាពគ្នាលើចំណុចមួយចំនួនផងដែរ។
ចំណុចទាំងនោះរួមមាន ការបង្កើនក្រុមការងារដើម្បីឈានទៅកំណត់ទំហំរថយន្តទំនិញធនុធ្ងន់ចេញចូលរាជធានីភ្នំពេញ តម្រាយផ្លូវហាមឃាត់ និងកំណត់ផ្លូវចេញចូលក្នុងក្រុង។
ក្រុមការងារដែលបង្កើតឡើងនេះ ក៏ពិភាក្សារកដំណោះស្រាយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបញ្ហាកង្វល់របស់សមាគមរោងចក្រ។
និងចុងក្រោយសម្រេចលើការសាងសង់រោងចក្រដែលមានក្រឡាផ្ទៃក្រោម ៣ ពាន់ម៉ែតការ៉េ គឺសាលាក្រុងនឹងសម្រួលបែបបទត្រឹមច្រកចេញចូលតែមួយរបស់សាលាក្រុងវិញ ដើម្បីជួយកាត់បន្ថយពេលវេលា ឱ្យរោងចក្រឆាប់បានដំណើរការសាងសង់។
ទីតាំងថ្មីដែលសាលាក្រុងស្នើដាក់តាមផ្លូវក្រវាត់ក្រុងទី៣ នេះស្ថិតនៅតាមចំណុចស្ពានព្រែកផ្លូវកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ២ និងផ្លូវជាតិលេខ៤៨ តភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែតលេខ២៤-៨៤០ ដែលនឹងសាងសង់រួចនៅឆ្នាំ២០២១ខាងមុខ។
កាលពីពេលថ្មីនេះសាលាក្រុងភ្នំពេញ ក៏បានសេចក្ដីណែនាំមួយផ្សេងទៀតផងដែរស្ដីពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សេចក្ដីណែនាំបញ្ជាក់ថា ពលរដ្ឋជាម្ចាស់លំនៅឋាន ទីតាំងអាជីវកម្ម សេវាកម្ម ទីផ្សារ ទីកន្លែងកម្សាន្តនិងម្ចាស់ប្រភពសំណល់នានា ត្រូវញែកសំរាមសើម និងស្ងួតដាក់ថង់ឬធុងផ្សេងពីគ្នាធ្វើយ៉ាងណាកុំឱ្យជ្រាបទឹក និងមានក្លិនស្អុយ។ សំរាមទាំងនោះត្រូវដាក់នៅមុខលំនៅឋាន និងទីតាំងដែលអាជ្ញាធរកំណត់ឱ្យបានទាន់ពេលប្រមូលសំរាម។ ក្នុងករណីមិនទាន់ឃើញរថយន្តមកប្រមូលសំរាម ពលរដ្ឋមិនត្រូវទុកចោលលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវឡើយ។
សាលាក្រុងភ្នំពេញក៏ណែនាំសំណល់ការដ្ឋានសំណង់ ដូចជា ថ្ម ឥដ្ឋ ក្បឿង បាយអ ខ្សាច់ មិនអាចដឹកទៅចោលនៅទីតាំងគ្មានការអនុញ្ញាតពីអាជ្ញាធរឡើយ រីឯសំណល់គ្រោះថ្នាក់ដូចជា កម្ទេចក្រណាត់ អេប៉ុង ភក់ កៅស៊ូ កញ្ចក់ សេរ៉ាមិច ម្នាងសិលា ថ្នាំលាបជាដើមត្រូវប្រមូលទៅចាក់នៅទីលានសំណង់ឧស្សាហកម្ម ដោយហាមបោះចោល ឬដុត។
ជាមួយគ្នានេះសេចក្ដីណែនាំនោះក៏បានឲ្យក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលឱ្យបានស្អាត និងត្រូវសហការជាមួយអាជ្ញាធរផ្សព្វផ្សាយអំពីកម្មវិធីដឹកជញ្ជូនសំរាមឱ្យពលរដ្ឋបានដឹងដើម្បីងាយស្រួលបញ្ចេញសំណល់ឱ្យទាន់ម៉ោងដឹកជញ្ជូន។
លើសពីនេះ ម្ចាស់ទីតាំងត្រូវទទួលយកសេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយត្រូវបង់ថ្លៃតាមតម្លៃដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ។
សេចក្ដីណែនាំបញ្ជាក់ថា ក្នុងករណីមិនអនុវត្តតាមការណែនាំនិងប្រព្រឹត្តល្មើសនឹងចំណុចណាមួយ ម្ចាស់ទីតាំង និងក្រុមហ៊ុនបញ្ចេញសំណល់ឬក្រុមហ៊ុនប្រមូលសំរាម នឹងត្រូវពិន័យជាប្រាក់ពី ១ សែនទៅ ២ សែនរៀលតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឬពិន័យចាប់ពី ១ លានដល់ ៥ លានរៀល ហើយត្រូវបិទអាជីវកម្មឬផ្អាកការដ្ឋានសាងសង់បណ្ដោះអាសន្នដោយយោងតាមច្បាប់ «កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ» ប្រសិនបើក្នុងករណីធ្ងន់ធ្ងរប៉ះពាល់ដល់បរិស្ថាន និងសង្គម។
សាលារាជធានីបញ្ជាក់ថា ករណីមិនរាងចាល ត្រូវពិន័យប្រាក់ទ្វេដង ហើយបើមិនបានបង់ប្រាក់ពិន័យរយៈពេល ៣០ ថ្ងៃ នោះប្រាក់ពិន័យនឹងកើន ២ ដង តែបើលើសពី ៦០ ថ្ងៃប្រាក់ពិន័យនឹងកើន ៣ ដង ហើយបើផុត ៩០ ថ្ងៃ អាជ្ញាធរនឹងប្ដឹងទៅតុលាការ៕