en     km
en     km

សម្ដេច ហ៊ុន សែន៖ រាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់បើកឱ្យមន្ត្រីរាជការទោះក្នុងស្ថានភាពណាក៏ដោយ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធផ្សេងៗ ​​​​​​​​និងចំពោះមុខសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថា រាជរដ្ឋាភិបាលកម្ពុជាមានថវិកាគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ។

លោក សោម លាភ រាយការណ៍៖

សម្ដេចបញ្ជាក់បែបនេះ ស្របពេលដែលមានបណ្ដាមជ្ឈដ្ឋានទូទៅបង្ហាញក្ដីព្រួយបារម្ភក្រោពេលដែលសហភាពអឺរ៉ុបសម្រេចយកពន្ធអង្ករពីកម្ពុជា និងកំពុងដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ ក្រៅពីអាវុធ ឬ EBA។ ​

បើតាមទំព័រហ្វេសបុករបស់អ្នកនាំពាក្យគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្ដេច បានបញ្ជាក់អំពីស្ថានភាពនយោបាយសកលដែលកំពុងវិវត្តនៅកម្ពុជា ។

ប្រភពដដែលបញ្ជាក់ថា សម្ដេច ហ៊ុន សែន បញ្ជាក់អំពីស្ថានភាពនយោបាយកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ដែលមានឧត្តមភាព និងប្រសិទ្ធភាពក្នុងការធានានូវប្រក្រតីភាពការងាររដ្ឋ ។

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អង្គប្រជុំ ដែលមានវត្តមានប្រតិភូគណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គឺរាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងការបើកប្រាក់បៀរវត្សមន្រ្ដីរាជការ ។

យ៉ាងណា សម្ដេចបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជា នឹងថែរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ដែលកម្ពុជាជាម្ចាស់កម្មសិទ្ធិ ហើយអធិបតេយ្យជាតិ និងអំណាចប្រជាពលរដ្ឋក្នុងកិច្ចទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួន ក៏តែងតែមាននៅកម្ពុជាផងដែរ ។

នាយករដ្ឋមន្ត្រីកម្ពុជា ប្ដេជ្ញាចិត្ត ក្នុងកិច្ចថែរក្សាសន្ដិភាព «មិនអនុញ្ញាតឱ្យជនណា​មួយ មានឱកាសបំផ្លាញសន្ដិភាព និងស្ថិរភាពកម្ពុជាបានឡើយ ហើយក៏មិនឱ្យឱកាសដល់ជនណា អង្គការណា ឬបរទេសណា ជ្រៀតជ្រែកក្នុងភាពកំរោលណាមួយបានឡើយ»

សម្ដេច ហ៊ុន សែន តែងតែបញ្ជាក់ទៅកាន់ពលរដ្ឋ ពិសេសកម្មករកម្មការនី និងមន្ត្រីជាការគ្រប់ជាន់ថ្នាក់ កុំចាំបាច់មានការព្រួយបារម្ភចំពោះការផ្ដាច់ជំនួយ ឬយកពន្ធផ្សេងៗ ព្រោះរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅក្បែជាមួយពលរដ្ឋក្នុងការដោះស្រាយគ្រប់ពេលវេលា មិនឱ្យប្រជាជាតិមួយនេះស្លាប់ឡើយ ។

សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីកម្ពុជា ដែលធ្វើឱ្យកម្ពុជាខាតចំណូលរហូតដល់ប្រមាណជា ៥៤ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ។ ការយកពន្ធអង្ករនេះ គឺដោយសារតែសហភាពនេះ គិតពីប្រយោជន៍របស់ប្រទេសដែលជាសមាជិករបស់ខ្លួន ។

សហភាពអឺរ៉ុប ក៏កំពុងដំណើរការនីតិវិធីដកប្រពន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ពីកម្ពុជាផងដែរ ដែលធ្វើឱ្យកម្ពុជា ខាតបង់ចំណូលប្រមាណ ៧០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ។ ការណ៍នេះ គឺផ្អែកទៅលើស្ថានភាពនៃនយោបាយកម្ពុជា ដោយថា កម្ពុជាគ្មានការគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស និងគ្មាននីតិរដ្ឋជាដើម ។

សហរដ្ឋអាមេរិក តាមរយៈសមាជិកព្រឹទ្ធសភា ២​រូប ក៏បានស្នើច្បាប់ដកការអនុគ្រោះពន្ធទូទៅពីកម្ពុជា ដែលធ្វើឱ្យកម្ពុជាខាតបង់ចំណូលប្រមាណ ជិត ២០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ។

សមាជិកព្រឹទ្ធសភាទាំងពីររូបនេះ ថាដោយសារតែកម្ពុជាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕

Share

ព័ត៌មានទាក់ទង

Image