en     km
en     km

សមត្ថកិច្ចយកដីកាជំនុំជម្រះលោក សម រង្ស៊ីទៅបិទនៅផ្ទះលោក ទោះដឹងថាគ្មានវត្តមានម្ចាស់ផ្ទះក៏ដោយ

Share

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានចេញលិខិតជូនដំណឹងស្ដីពីការបញ្ជូនសំណុំរឿងក្ដីរបស់លោក សម​ រង្ស៊ី ប្រមាថព្រះមហាក្សត្រទៅជំនុំជម្រះ តែយ៉ាងណាមិនទាន់មានកាលបរិច្ឆេទនៃដំណើរការសាវនការនៅឡើយនោះទេ ។ យ៉ាងណា ការបិទដីកានេះ គឺម្ចាស់ផ្ទះមិនមានវត្តមាននោះទេ។

លោក សោម លាភ រាយការណ៍៖

 

ថ្វីត្បិតតែលោក សម រង្ស៊ី រងបណ្ដឹងច្រើនពីតុលាការ ឬមានដីកាកោះ ឬសេចក្ដីសម្រេចជាច្រើនផ្តន្ទាទោសលោកក៏ដោយ ក៏លោកមិនដែលចូលខ្លួន ឬជាប់ពន្ធនាគារម្ដងណាឡើយ ។

តាមរយៈលិខិតជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរគឺលោក ហម ម៉េងសែ នេះ ចុះនៅថ្ងៃទី ១៥ កុម្ភៈ តែអាជ្ញាធរមានសមត្ថកិច្ចនៅថ្ងៃទី២៦ កុម្ភៈនេះយកទៅបិទនៅលំនៅឋានរបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងលិខិតនេះ បញ្ជាក់ថាករណីប្រមាថព្រះមហាក្សត្រ ពីលោក សម រង្ស៊ី នឹងត្រូវទៅបញ្ជូនទៅជំនុំជម្រះ ។ តែយ៉ាងណា មិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយនោះទេ អំពីកាលបរិច្ឆេទនៃការដំណើរការជំនេះជម្រះក្ដីប្រឆាំងលោកសមរង្ស៊ី។

ការចេញលិខិតជូនដំណឹងនេះ ធ្វើឡើងក្រោយពេលដែលចៅក្រមស៊ើបសួររូបនេះដដែល គឺលោក ហម ម៉េងសែ បានបញ្ចប់នីតិវិធីស៊ើបសួរ លើសំណុំរឿងរបស់លោក សម រង្ស៊ីពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ។

ក្នុងលិខិតរបស់ចៅក្រម ហម ម៉េងសែ បានបញ្ជាក់ថា លោក សម រង្ស៊ី ស្ថិតក្រោម ការពិនិត្យពីបទប្រមាថ ព្រះមហាក្សត្រ ។

ព្រះបាទសម្ដេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។

លោក សម រង្ស៊ី ថា ព្រះរាជសាររបស់ព្រះមហាក្សត្រជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ។ ក៏ប៉ុន្តែព្រះបរមរាជវាំងក៏បានបានទាត់ចោល នូវពាក្យសំដីរបស់លោក សម រង្ស៊ី ។

សូមបញ្ជាក់ផងដែរថា មុនពេលដែលព្រះរាជសារព្រះមហាក្សត្របានចេញផ្សាយជាសាធារណៈ លោកសម រង្ស៊ី ក៏បានអំពាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតផងដែរ ។

លោក សម រង្ស៊ី រងការចោទបណ្ដឹងព្រហ្មទណ្ឌមាត្រា ៤៣៧ស្ទួន ដែលទើបតែវិសោធនកម្មរួច ។

យ៉ាងណា មាត្រានេះក្រោយវិសោធនកម្ម គឺការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល ហើយនីតិបុគ្គលក៏អាចត្រូវបាន ផ្តនា្ទទោសពិន័យជាប្រាក់១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ។

ការបញ្ចប់ការស៊ើបសួរ និងត្រៀមបញ្ជូនទៅជំនុំជម្រះលើសំណុំរឿងលោក សម រង្ស៊ីនេះ ធ្វើឡើងក្រោយពេលដែលលោក បានប្រកាសចូលមកកម្ពុជាក្នុងឆ្នាំ ២០១៩ នេះ ដើម្បីដោះស្រាយបញ្ហានយោបាយដែលកំពុងតែជាប់គាំង ។

យ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច មន្ត្រីជាន់ខ្ពស់មន្ត្រីរាជរដ្ឋាភិបាល បានប្ដេជ្ញាថាបង្ក្រាបក្រុមលោក សម រង្ស៊ី ដែលមានវត្តមាននៅកម្ពុជាឱ្យខានតែបាន ។

អ្នកវិភាគធ្លាប់មានប្រសាសន៍ថា ថ្នាក់ដឹកនាំកម្ពុជាធ្វើបែបនេះ ដោយសារតែមានការព្រួយបារម្ភចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ប្រសិនបើលោក សម រង្ស៊ី មកវិញមែននោះ ។

លោក សម រង្ស៊ី ជាប់​បណ្ដឹង​នៅ​តុលាការ​ជិត ១០បណ្ដឹង ។ បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ីនោះ គឺទាក់ទង​នឹង​បញ្ហា​ព្រំដែន បណ្ដឹង​បរិហារកេរ្តិ៍​​នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ។ បណ្ដឹងនោះ ​សម្ដេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត មួយលាន​ដុល្លារ ហើយកញ្ញា ធី សុវណ្ណថា ទារ​សំណង​ជំងឺ​ចិត្ត ៥០ម៉ឺន​ដុល្លារ ។ ​បណ្ដឹងមួយចំនួនទៀតភាគ​ច្រើន ជា​ប់ពាក់ព័ន្ធនឹងមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន ។

ទោះបីជារងបណ្ដឹងជាប់ខ្លួនជាច្រើនក្ដី ក៏លោក សម រង្ស៊ី មិនដែលជាប់ពន្ធនាគារម្ដងណាឡើយ ។ អ្នកវិភាគមួយចំនួនដែលវិទ្យុស្រ្តីបានសុំការយល់ឃើញ អំពីករណីរបស់លោកសមរង្ស៊ី  ពួកគាត់យល់ថា អ្នកនយោបាយ មានជ ម្លោះនឹងគ្នា ទោះជាតាមផ្លូវតុលាការ ក៏រឿងក្ដីនោះ ត្រូវមើលឃើញថាជារឿងនយោបាយដែរ៕

អត្តបទដោយ ៖ សោម​ លាភ

Share

ព័ត៌មានទាក់ទង

Image