សេចក្ដីប្រកាសព័ត៌មានស្ថានទូតបារាំងបានចុះផ្សាយថាចាប់ពីថ្ងៃទី៧មិនា ដល់ថ្ងៃទី១០ មិនា ២០១៩នេះស្ថានទូតនឹងបង្កើតព្រឹត្តិការណ៍ដ៏អធិកអធមមួយដែលនឹងប្រព្រឹត្តទៅនៅសួនច្បារនៃមហាសណ្ឋាគារអង្គរ នាខេត្តសៀមរាប។
ទស្សនីយភាពដ៏រស់រវើកនិង ក្រុមហ៊ុនបារាំងនានាដែលមានវត្តមាននៅកម្ពុជា នឹងតាំងពិពរណ៍ស្ដង់ចំនួន ៦០ ដែលរំពឹងទុកថានឹងមានអ្នកទស្សនាចំនួន៤០០០នាក់ ។
ព្រឹត្តិការណ៍វប្បធម៌ពាណិជ្ជកម្មនៅសៀមរាបនេះមានឈ្មោះថា សប្ដាហ៍បារាំងនៅសៀមរាប ដែលរៀបចំឡើងដោយគណៈកម្មាធិការក្នុងស្រុកមួយ ដែលមានការគាំទ្រសភាពាណិជ្ជកម្ម និង ឧស្សាហកម្មបារាំង កម្ពុជា រួមនឹងស្ថានទូតបារាំងប្រចាំកម្ពុជា។
សប្ដាហ៍បារាំងនៅសៀមរាប នឹងមានការប្រកួតប្រជែងសិប្បកម្មបែបសិល្បៈស្ដីពីជំនាញបារាំងនៅកម្ពុជាលើកទី១ ដោយផ្ដោតទៅលើប្រធានបទ “កម្ពុជា ដី និងទឹក”។ ហើយស្នាដៃនៃការប្រកួតប្រជែងទាំងឡាយនឹងយកមកតាំងម្ដងទៀតនៅភ្នំពេញក្នុងវិទ្យាស្ថានបារាំងនៅកម្ពុជា។
ស្របតាមប្រកាសរបស់គណៈកម្មាធិការរៀបចំសប្ដាហ៍បារាំង ក៏បញ្ចូលនូវកម្មវិធីផ្លូវការឆ្នាំ២០១៩ សម្រាប់ថ្ងៃពុធទី៦មិនា គឺរាត្រីសប្បុរសធម៌បាយ័ន ដែលនឹងរៀបចំដោយ កម្មករឆ្នើមនៃប្រទេសបារាំង មេចុងភៅធ្វើនំសាលាបាយ័ន មានការទទួលស្រាសេរី ចាប់ឆ្នោតប្រគំតន្រ្ដីចាប់ពីវេលាម៉ោង ៦កន្លះតទៅ តែថានឹងមានការបង់ថ្លៃចូលរួម២៥ដុល្លារ ឬ អាចកក់សំបុត្របានតាមរយៈ [email protected]
ដោយឡែកថ្ងៃទី៧ដល់ថ្ងៃទី១០មិនា គឺមានការសម្ពោធភូមិបារាំងក្រោមវត្តមាន ជំទាវ អេវ៉ាំ ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជ ការបង្ហាញម៉ូត ក្រោមប្រធានបទពាក់ព័ន្ធនឹងកីឡា និង ការច្នៃប្រឌិត។ថ្ងៃបន្ទាប់ ស្ថានទូតនឹងធ្វើការអបអរទិវានារីអន្ដរជាតិ ក្រោមកិច្ចពិភាក្សាដែលធ្វើឡើងដោយស្រ្ដីបំពេញការងារក្នុងអង្គការសង្គមស៊ីវិលកម្ពុជា និង មានការចាក់បញ្ចាំងល្ខោនរឿង “ Cambodge, me voici “។ ក្រៅពីនេះមានកម្មវិធីកម្សាន្ដ គូររូបត្លុក ការប្រកួតប្រជែងបារមែន ការបញ្ចាំភាពយន្ដខ្នាតខ្លីពីនិស្សិតសាលាហ្វាពន្លឺសិល្បៈ ការចាក់ភាពយន្ដបារាំង ការប្រកួតជ័យលាភីនៃការប្រកួតប្រជែងច្នៃប្រឌិតសិប្បកម្ម។
សម្រាប់ឆ្នាំ២០១៩ នេះ ព្រឹត្តិការណ៍វប្បធម៌ពាណិជ្ជកម្ម ធ្វើឡើងជាលើកទី២ហើយនៅកម្ពុជា នាខេត្តសៀមរាប ។ គណៈកម្មាធិការរៀបចំសប្ដាហ៍បារាំងនៅរៀបចំសន្និសទិទសារព័ត៌មាននៅថ្ងៃអង្គារទិ២៦កុម្ភៈនៅមហាសណ្ឋាគារអង្គរ វេលាម៉ោង ៤រសៀលដើម្បីលម្អិតអំពីព្រឹត្តិការណ៍នេះជូនដល់បណ្ដាអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋនានា ៕