មេដឹកនាំជាច្រើនដែលគេហៅថាបុរសខ្លាំង ឬជនផ្ដាច់ការ ច្រើនតែជួបវាសនាអាក្រក់បើមិន រងការបណ្ដេញចេញពីអំណាច ដោយប្រជាជនខ្លួនឯង គឺយ៉ាងហោចណាស់ដោយសារការធ្វើរដ្ឋប្រហារ ឬក៏ទំលាក់ពីអំណាចដោយ កម្លាំងទ័ពបរទេស។ មេដឹកនាំទាំងនោះ បើមិនឆក់ឱកាសដើម្បីសម្របខ្លួនគឺពួកគេ អាចមានវាសនាអាក្រក់ ។ ក្នុងទសវត្សចុងក្រោយនេះមើលទៅមានតែម្នាក់គត់ដែលមិនត្រូវបានប្រជាជនខ្លួន វាយទំលាក់ពីអំណាច គឺអតីតឧត្តមសេនីយ៍ ថ្វាន់ស្វេ នៃប្រទេសភូមាដែលបុរសនេះ យល់ព្រមបង្កើតរូបមន្តដឹកនាំប្រទេស ចម្រុះជាមួយពួកប្រជាធិបតេយ្យ។
តើជីវិតចុងក្រោយរបស់បុរសខ្លាំងនៅវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ អាចជួបវាសនាអាក្រក់ដូចសាដាមហូសេនឬហ្គាដាហ្វីឬក៏មេដឹកនាំដទៃទៀត?
លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល
ស្រមោលនៃការតាមផ្ដួលរំលំលោកនីកូឡាស់ម៉ាឌូរ៉ូ កាន់តែខ្លាំងក្លាហើយចាប់តាំងពី មេបក្សប្រឆាំងវ័យក្មេង ជួនហ្គាយដូ ប្រកាសខ្លួនឯងជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាប្រធានរដ្ឋសភា មកពីក្រុមប្រឆាំង។ ឥឡូវនេះ លោកជួនហ្គាយដូ ត្រូវបានប្រជាជន វេណេហ្សូអេឡា គាំទ្រលោកលើសលុប បើធៀបនឹងលោកម៉ាឌូរ៉ូ ហើយសូម្បីកងទ័ពមួយចំនួនក៏ចាប់ផ្ដើមងាក់មកខាងលោកដែរ។ បន្ថែមលើនេះទៀត លោកបានដណ្ដើមកាន់កាប់តម្លៃការទូតលើឆាអន្តរជាតិក៏ច្រើនជាងលោកម៉ាឌូរ៉ូដែរ គឺជាង៦០ប្រទេសបានគាំទ្រលោក ។ សហរដ្ឋអាមេរិកសហភាពអឺរ៉ុប ប្រទេសជប៉ុន និងប្រទេសជិតខាងវេណេហ្សូអេឡាសឹងទាំងអស់បានប្រឆាំងនឹងការកាន់អំណាចរបស់លោកម៉ាឌូរ៉ូ។ ចាប់តាំងពីថ្ងៃទី២៣មករាឆ្នាំ២០១៩មក ពោលគឺបន្ទាប់ពីលោកជួនហ្គាយដូប្រកាសខ្លួនឯង ជាប្រមុខរដ្ឋស្ដីទីស្របតាមរដ្ឋធម្មនុញ្ញ គឺគេសង្កេតឃើញជោគវាសានា របស់លោកម៉ាឌូរ៉ូកាន់ជួបរឿងអាក្រក់គឺពីមួយថ្ងៃទៅមួយថ្ងៃ។ រឿងរ៉ាវទាំងនោះ មានតែនាំទៅរកក្ដីវិនាស នៃអំណាចរបស់បុរសខ្លាំងរូបនេះតែប៉ុណ្ណោះ។ នៅពេលនេះ សូម្បីប្រទេសធំៗដូចជាចិន និងរុស្ស៊ី ដែលជាខ្នងបង្អែករបស់លោកម៉ាឌូរ៉ូ ក៏កំពុងរកវិធីដោះដៃផងដែរ គឺគ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ។
កត្តា បួនយ៉ាង ដែលអាចនាំឱ្យលោកម៉ាឌូរ៉ូត្រូវបានផ្ដួលពីអំណាច
ទីមួយ ៖ កត្តាសេដ្ឋកិច្ចនិងប្រជាជនខ្លួនឯង ៖
សេដ្ឋកិច្ចកំពុងតែធ្វើដំណើរទៅរកការក្រឡាប់ហើយ។ ផលិតផលក្នុងស្រុកជាងពាក់កណ្ដាល បានធ្លាក់ចុះ ជាខ្លាំងចាប់តាំងពីខែមករាឆ្នាំ២០១៩ មក។ តាមបណ្ដាញផ្សាយព័ត៌មានBBC ផលិតផលប្រេងឆៅដែលផលិតអោយចិន អាមេរិក និងឥណ្ឌា ក្នុងមួយថ្ងៃៗរាប់សែនធុង បានធ្លាក់ការផលិត ជាង៦០ភាគរយ។ ដោយឡែកទំនិញចូលប្រទេសនេះគឺមកពីប្រទេសជិតខាងសឹងតែគ្មានទេ ដែលរឿងនេះកំពុងនាំអោយពលរដ្ឋខ្វះស្បៀង ខ្វះថ្នាំពេទ្យ ហើយចំណាកស្រុកជាង៣លាននាក់។ ប្រជាជនគាំទ្រក្រុម ប្រឆាំងនិងកងទ័ព ក៏ចាប់ផ្ដើម លែងអោយតម្លៃលើមេដឹកនាំរូបនេះ ហើយថ្ងៃណាមួយ អាចមានរដ្ឋប្រហាររបស់ប្រជាជនដែលគាំទ្រដោយកងទ័ព។
ទីពីរ៖ចិនរុស្ស៊ីនិងសម្ព័ន្ធមិត្តអាចទាមទារឱ្យចុះចេញពីតំណែងដើម្បីផលប្រយោជន៍របស់ពួកគេ៖
រុស្ស៊ី ជាខ្នងបង្អែកនៃរបបលោកម៉ាឌូរ៉ូតាំងពីសម័យសង្រ្គាមត្រជាក់ ។ មហាអំណាចនេះជួយលោកម៉ាឌូរ៉ូទាំងវិស័យសេដ្ឋកិច្ច និងការពារជាតិ។ ប្រទេសវេណេហ្សូអេឡា ប្រើប្រាស់និងបច្ចេកទេសការពារជាតិទិញពីប្រទេសរុស្ស៊ី។ រុស្ស៊ីមានក្រុមហ៊ុនប្រេងធំចំនួន៣ ដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនរបស់វេណេហ្សូអេឡា។តែក្រុមហ៊ុនមួយបានសម្រេចព្យួរសកម្មភាពរកស៊ីរបស់ហើយ ដោយសារភ័យខ្លាចបាត់បង់ផលប្រយោជន៍។ ទំនងដោយសារដូចនេះ ក្រុងម៉ូស្គូតែងតែប្រឆាំងអាមេរិក កុំ ឱ្យធ្វើអន្តរាគមន៍កងទ័ព ដោយទុកឱកាសអោយខ្លួនជួយដោះស្រាយ។ ក្រុងម៉ូស្គូបាន លើកដំណោះស្រាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តែត្រូវបានអាមេរិក អង់គ្លេស និងបារាំង វេតូ គឺដោយសារនៅតែបង្ហាញដំណោះស្រាយមិនជាក់លាក់ចំពោះជោគវាសនារបស់លោកម៉ាឌូរ៉ូ។
ដោយឡែក ប្រទេសចិនវិញ ដែលជាម្ចាស់បំណុលដ៏ធំនៃរបបលោកម៉ាឌូរ៉ូ គឺប្រទេសនេះចង់ការពារផលប្រយោជន៍របស់ខ្លួនដោយបានឱ្យមន្ត្រីខ្លួនលួចទៅចរចាជាមួយក្រុមប្រឆាំងដែលនឹងមានវាសនាដឹកនាំប្រទេស។ ចិនពេលខ្លះ រត់តាមរុស្ស៊ី តែពេលខ្លះ ចង់ទៅខាងអាមេរិក។ មានន័យថា ក្រុងប៉េកាំង ពិតជាភ័យខ្លាំងរឿងបាត់បង់បំណុលរបស់ខ្លួន។ បើចិន និងរុស្ស៊ី ស្ថិតក្នុងស្ថានភាពលែងទុកចិត្តលំហ្នឹងនៃរបបលោកម៉ាឌូរ៉ូ័ហើយនោះ គឺពួកគេ អាចរុញច្រានលោកម៉ាឌូរ៉ូឱ្យចាកចេញពីអំណាចគឺដោយសារតែចង់ ការការពារផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មរបស់ពួកគេ។ ចំណែកប្រទេសដទៃទៀត ដូចជាគុយបា បូឡឺវី អេរ៉ង់តួកគី ជាដើម ចាំតែដើរតាមចិន និងរុស្ស៊ីតែប៉ុណ្ណោះ។
ទី៣៖ការទាញទំលាក់លោកម៉ាឌូរ៉ូនៅឯក្រុមប្រឹក្សាសន្តិសុខឬមហាសន្និបាតអង្គការសហប្រជាជាតិ៖
គិតមកដល់ពេលនេះ លោកម៉ាឌូរ៉ូកាន់តែធ្លាក់នូវការគាំទ្រនៅលើឆាកអន្តរជាតិខណៈលោកជួនហ្គាយដូ កាន់តែទទួលបានការគាំទ្រ។ មកដល់ពេលនេះ ជាង៦០ប្រទេសបានគាំទ្រលោក ជួនហ្គាយដូជាមេដឹកនាំបណ្ដោះអាសន្ន ជំនួសលោកម៉ាឌ៉ូរូ ហើយលោកម៉ាឌូរ៉ូ មានប្រទេសជិត៥០នៅបន្តគាំទ្រ។ ភាពប្រទាញ ប្រទង់គ្នានេះ គឺជាសញ្ញាអាក្រក់មួយ អាចនាំឱ្យរបបលោកម៉ាឌ៉ូ ត្រូវបានអូសយកទៅធ្វើការជម្រះនៅក្រុមប្រឹក្សាសន្តិសុខឬមហាសន្និបាតអង្គការសហប្រជាជាតិ។ បើករណីនេះ កើតមានគឺ លោកម៉ាឌូរ៉ូអាចនឹងត្រូវទាញទំលាក់ដោយដកហូត អាសនៈ នៅអង្គការសហប្រជាជាតិ ឬអាសនៈនៅឯមហាសន្និបាត ។ នេះបើយោងតាមមាត្រា ៥និង៦នៃធម្មនុញ្ញនៃអង្គការពិភពលោកនេះ។ អ្វីដែលនាំអោយ របបលោកម៉ាឌូរ៉ូងាយនឹង ដួលរំលំទៀតនោះ គឺករណី លោកមានឈ្មោះនៅក្នុងបញ្ជីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ បុរសជនបដិវត្តន៍នេះ ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កំពុងកសាងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមបណ្ដឹងរបស់អង្គការសិទិ្ធមនុស្សអន្តរជាតិ និងប្រទេសជាច្រើន ដូចជាបារាំង កាណាដា ប្រេស៊ីល កូឡំប៊ីជាដើម។ នៅក្រោមការដឹកនាំរបស់លោកពីឆ្នាំ២០១៣ គឺមនុស្សស្លាប់ជិត១៥០ នាក់ដោយការវាយបង្ក្រាបពីសំណាក់ កងសន្តិសុខរបស់លោក។ នេះគឺជាកត្តាមួយ ដែលអាចជាធាតិផ្សំការទាញទំលាក់របបលោកម៉ាឌូរ៉ូពីអំណាច។
ទី៤ ៖អន្តរាគមន៍កងទ័ពបរទេស គាំទ្រក្រុមប្រឆាំង
គិតមកដល់ពេលនេះ ស្ថានភាពទៅរកការផ្ដួលរំលំលោកម៉ាឌូរ៉ូពីអំណាចដោយ កងទ័ព បរទេស កាន់តែមានរូបភាពកាន់តែច្បាស់ឡើងៗ។ សហរដ្ឋអាមេរិក តាមរយៈទីប្រឹក្សាសន្តិសុខJohn Bolton និងរដ្ឋមន្ត្រីការបរទេស Mike Pompeo សុទ្ធតែបានព្រមានថា ជម្រើសទំម្លាក់លោកម៉ាឌូរ៉ូ មានច្រើន យ៉ាងតែ អន្តរាគមន៍ដោយកងទ័ព គឺជាជំរើសចុងក្រោយ។ពួកគាត់ថា ការទម្លាក់លោកម៉ាឌូរ៉ូគឺជាការស្ដារលទិ្ធប្រជាធិបតេយ្យ និង សន្តិសុខតំបន់។ ដោយសារស្ថានភាពនេះ អាមេរិកកំពុងត្រៀមបញ្ជូននាវាចម្បាំងទៅឆកសមុទ្រវេណេហ្សូអេឡាដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាដើម្បីការពារជនស៊ីវិលអាមេរិក និងជំនួយរបស់ខ្លួនរាប់តោនទៅអោយពលរដ្ឋវេណេហ្សូអេឡាដែលជំនួយទាំងនោះកំពុងកកស្ទះនៅតាមព្រំដែននៃប្រទេសកូឡំប៊ីជាប់នឹងព្រំដែនវេណេហ្សូអេឡា។ បន្ថែមលើនេះ អាមេរិកបញ្ចូនទ័ពអង្គភាពពិសេសជាង៨ពាន់នាក់ហើយទៅដាក់ពង្រាយនៅតាមព្រំដែនកូឡំប៊ី។ ជាមួយគ្នានេះ កូឡំប៊ី និងប្រេស៊ីលបានដាក់ពង្រាយរូចហើយកងទ័ពរបស់ពួកគេនៅតាមព្រំដែនជាមួយវេណេហ្សូអេឡា។ នេះគឺជាសញ្ញាអាក្រក់ខ្លាំងណាស់ចំពោះជោគវាសនារបស់លោកម៉ាឌូរ៉ូ។
តើលោកម៉ាឌូរ៉ូអាចជួបជីវិតចុងក្រោយដូចសាដាមហូសេនឬហ្គាដាហ្វីឬក៏មេដឹកនាំដទៃទៀតឬទេ?
មានមេដឹកនាំផ្ដាច់ការជាច្រើនហើយដែលជួបវាសនាអាក្រកបំផុតនៃការធ្លាក់ពីអំណាច។ អតីតប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussen ត្រូវបានបញ្ចប់ជីវិតដោយការកាត់ទោស គឺការព្យួរករនៅឆ្នាំ២០០៣ បន្ទាប់ពីកងទ័ពអាមេរិកចាប់ខ្លួនបានខណៈលាក់ខ្លួនក្នុងរូងដី។ បុរសនេះ ចាញ់សង្រ្គាមរបស់អាមេរិក។លោកវរៈសេនីយ៍ឯង Muammar Gaddafi, អតីតមេដឹកនាំលីប៊ី ត្រូវបានកងទ័ពបារាំង គាំទ្រដោយកងទ័ពណាតូ និងពួកបះបោរ បាញ់សម្លាប់ខណៈលោកចេញពីរូងដីគឺនៅឆ្នាំ២០១១។ តែយ៉ាងណាក៏មាន មេដឹកនាំខ្លះ មិនបានជួបវាសនាអាក្រក់ ដូច បុរសខ្លាំងពីររូបនេះទេគឺពួកគេ ត្រូវបានពលរដ្ឋខ្លួនឯងទាញទំលាក់ពីអំណាច ហើយនាំខ្លួនឡើងតុលាការដើម្បីកាត់ទោស ក្នុងនោះមានដូចជា ប្រធានាធិបតីអេហ្សិបលោក Hosni Mubarak នៅឆ្នាំ២០១១។ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Suharto នៅឆ្នាំ១៩៩៨។ ដោយឡែកលោក Manuel Noriega មេដឹកនាំប្រទេសប៉ាណាម៉ា ត្រូវបានអាមេរិកនាំទ័ពចូលលុកលុយ ដើម្បីចាប់ខ្លួននៅឆ្នាំ១៩៨៩ ហើយនាំខ្លួនមកកាត់ទោសនៅរដ្ឋអាមេរិក ពីបទលាងលុយកង្វក់ រត់ពន្ធគ្រឿងញៀន រត់ពន្ធអាវុធ ដែលបង្កអសន្តិសុខមកលើទឹកដីអាមេរិក។តែបែបនេះក្ដី ទំនងមានតែម្នាក់គត់នៅអាស៊ីអាគ្នេយ៌ដែលមានវាសនាខ្ពស់ណាស់ មិនបានរងកាត់ទោស ឬ ផ្ដួលរំលំដោយហិង្សា គឺមេដឹកនាំភូមា អតីតឧត្តមសេនីយ៍ថាន់ស្វេ។ អតីតឧត្តមសេនីយ៍រូបនេះ បានសម្រេច កែទម្រង់ការដឹកនាំដោយអោយកងទ័ពទម្លាក់អំណាចហើយបើកផ្លូវអោយមានការបោះឆ្នោតមួយដែលគណបក្សប្រឆាំងចូលរួមប្រកួតហើយទីបំផុត បក្សប្រជាធិបតេយ្យបានឈ្នះឆ្នោតលើបក្សរបស់ពួកយោធាដែលលោកថាន់ស្វេនៅពីក្រោយ។ ពួកយោធាបានយល់ព្រមផ្ទេរអំណាចដោយសន្តិវិធី ទៅអោយបក្សប្រឆាំងក្រោមរូបមន្តមួយមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលពួកយោធា កាន់ក្រសួងការពារជាតិនិងសន្តិសុខជាតិហើយមានអាសនៈនៅសភា២០ភាគរយ នៃអាសនៈសរុបចំនួន៦០០។ អតីតបុរសខ្លាំងថាន់ស្វេទទួល បានសេចក្ដីសុខ មកដល់ពេលនេះ។ យ៉ាងណា ចំពោះលោកម៉ាឌូរ៉ូ មិនអាចគិតថា ជោគវាសនារបស់លោក នឹងដូចមេដឹកនាំណាមួយនោះទេ ។ប៉ុន្តែ បើគិតអំពី អតីតមេដឹកនាំ ប្រទេសប៉ាណាម៉ាវិញទំនងអាចត្រូវច្រើនជាងព្រោះតែភាពខ្លាំងរបស់បុរសនេះ ហាក់កំពុងរុញឱ្យអាមេរិកមានវិធានការកងទ័ពកាន់តែខ្លាំងឡើងៗ។ តែបើប្រជាជនទម្លាក់ក៏អាចមានវាសនា ដូចអតីតប្រធានាធិបតី លោក Suharto ឬមេដឹកនាំ អេហ្សិបដែរ គឺមានទោសអស់មួយជីវិត។លោកម៉ាឌូរ៉ូមិនអាច ដូចលោកថាន់ស្វេទេ ដោយសារលោកមានសត្រូវផ្ទាល់មុខទៅហើយគឺសហរដ្ឋអាមេរិក៕
អត្ថបទ ដោយនួនបូរិន