en     km
en     km

កម្ពុជា-ឡាវ បន្តសហការគ្នាដោះស្រាយបញ្ហាតាមព្រំដែន

Share

ភ្នំពេញ៖ បញ្ហាធំៗមួយចំនួនរាប់ចាប់តាំងពីការបោះបង្គោលព្រំដែន ភាគីកម្ពុជា និងឡាវ បន្តព្រមព្រៀងគ្នាដើម្បីសហការដោះស្រាយ ឈានឱ្យព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងសេដ្ឋកិច្ច។ ការព្រមព្រៀងនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងឡាវនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២១ និង២២កុម្ភៈ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៣ កុម្ភៈដែលក្រសួងទើបបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃម្សិលមិញ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបង្ហាញថា ភាគីទាំងពីរបានពិភាក្សាអំពីការដោះស្រាយបញ្ហាព្រំដែន លើកទឹកចិត្តឱ្យក្រសួងការបរទេសប្រទេសទាំងពីរ​បញ្ចប់សេចក្តីព្រាងបែបបទបច្ចេកទេស(TOR) ឱ្យបានឆាប់ស្របតាមខ្លឹមសារនៃលិខិតរួមរបស់នាយករដ្ឋមន្រ្តីទាំងពីការពីថ្ងៃទី​៦កញ្ញា ឆ្នាំ២០១៧ ដែលបានផ្ញើជូនប្រធានាធិបតីបារាំង។

ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋរបស់ខ្លួន លើឯកសារព្រំដែនដែលបានព្រមព្រៀងដោយប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារ អន្តោប្រវេសន៍ខុសច្បាប់ ពាណិជ្ជកម្មខុសច្បាប់ និងការឆ្លងដែនខុសច្បាប់តាមបណ្តោយព្រំដែន។

កិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវនេះ ភាគីទាំងពីរក៏បានឯកភាពលើវិស័យមួយចំនួនផងដែរ ក្នុងនោះរួមមាន អប់រំ ព័ត៌មាន កសិកម្ម ទេសចរណ៍​វប្បធម៌ សុខភាពសាធារណៈ ប្រៃសណីយ៍ និងទូរគមនាគមន៍ ច្បាប់ កិច្ចសហប្រតិបត្តិការតុលាការ និងកុងស៊ុលជាដើម។

ក្រៅពីពិភាក្សាលើផ្នែកព្រំដែននេះ ភាគីទាំងពីបានឯកភាពគ្នាសម្រួលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដើម្បីបង្កើនការអនុវត្តកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ព្រមទាំងបង្កើនបរិយាកាសអំណោយផលដល់អ្នកវិនិយោគិន។ ធ្វើបែបនេះដើម្បីលើកកម្ពស់លំហូរចេញចូលនៃវិនិយោគរវាងប្រទេសទាំងពីរ។

​គួរ​រំឭក​ដែរ​ថា ​កាល​ពី​ខែ​កុ​ម្ភៈ​ ឆ្នាំ​ ២០១៧​ យោធា​ឡាវ​រាប់រយ​នាក់​បាន​ចូល​មក​ទឹកដី​កម្ពុជា​ក្បែរ​តំបន់​​អូរ​អាឡៃ​ និង​អូរ​តា​ង៉ាវ​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​ ដើម្បី​រារាំង​កម្លាំង​វិស្វ​កម្ម​កម្ពុជា​មិន​ឲ្យ​សង់​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ក្នុង​ទឹក​ដី​កម្ពុជា​ និង​បាន​ឈរ​ជើង​​នៅ​ទី​នោះ​រហូត​​ដល់​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ព្រមាន​ និង​បាន​ដាក់​ឱសាន​វាទ​​ ​៦ ថ្ងៃ​ឲ្យ​ដក​ទ័ព​ចេញ​ពី​ទឹកដី​កម្ពុជា។​

​កម្ពុជា​ និង​ឡាវ​ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​ ៥៤០​ គីឡូ​ម៉ែត្រ​ដែល​ត្រូវ​បោះ​បង្គោល​ប្រមាណ​ ១៤៥ ប៉ុន្តែ​រហូត​មក​ទល់​ពេល​​នេះ​ ទើប​តែ​បោះ​បាន​ ១២១ បង្គោល​ស្មើ​នឹង​ ៨៣ ភាគ​រយ​ហើយ​សល់​ប្រមាណ ២៤ បង្គោល​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image