en     km
en     km

អនុសាសន៍ទី៩របស់សម្ដេច ហ៊ុន សែន បានផ្ដល់តម្លៃដល់ស្រ្ដីកាន់តែសកម្មក្នុងមុខតំណែងរដ្ឋ

Share

ភ្នំពេញ៖ អនុសាសន៍មួយក្នុងចំណោម១១ដែលសម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជាបានដាក់ចេញកាលពីថ្ងៃ១៨កុម្ភៈគឺបានជម្រុញឲ្យគ្រប់ស្ថាប័នដែលពាក់ពន្ធ័ទាំងអស់ត្រូវតែផ្ដល់ឱកាសឲ្យបានច្រើនដល់ស្រ្ដីគ្រប់រូបក្នុងការចូលទៅបំពេញកិច្ចការនានានៅក្នុងមុខតំណែងជាអ្នកដឹកនាំទាំងនៅ នៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិ។សង្គមស៊ីវិលសាទរ តែទទូចសុំមាន​ការអនុវត្តអនុ​សាសន៍​នេះ​ដោយប្រសិទ្ធភាព។

កញ្ញា ហេង នីទី ជូនសេចក្ដីរាយការណ៍៖

 

ទសវត្សមុនៗ ស្រ្ដី​ត្រូវបានចាត់ទុកថាជាភេទដែលទន់ខ្សោយ ហើយក៏មិនត្រូវបានផ្ដល់ឱកាសច្រើនដូចជាបុរសគឺ មិនថាជាការរៀនសូត្រ ឬការធ្វើសេចក្ដីសម្រេចនានា។ សង្គមមួយដែលមិនសូវជាផ្ដល់តម្លៃឲ្យកូនស្រី ក៏បានក្លាយជាទម្លាប់ហើយ មកដល់ពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងនេះ​​ក្ដីស្រ្ដីក្នុងពេលបច្ចុប្បន្នក៏ហាក់មានសក្ដានុពលជាងស្រ្ដីនៅក្នុងសម័យមុនៗ បន្ដិចនៅត្រង់ថាស្រ្ដីនៅក្នុងសម័យបច្ចុប្បន្នហាក់បានទទួលការសិក្សាបានខ្ពស់ដូចបុរសដែរ ។តែអ្វីដែលគួរឲ្យសោកស្ដាយ គឺ តួនាទីរបស់ស្រ្ដីនៅក្នុងភាពជាអ្នកដឹកនាំនៅតែមានកម្រិតទាបនៅឡើយគឺទាំង ការសម្រេចចិត្តនៅក្នុងគ្រួសារ ឬនៅក្នុងសង្គម ពោលគឺផ្នត់គំនិតដែលគិតថាស្រ្ដីអន់ ឬទន់ខ្សោយ​ និងការរើសអើងលើស្រ្ដីហាក់នៅមានការដក់ជាប់នៅក្នុងសង្គមនៅឡើយ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះនៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ១១ចំណុចក្នុងការចូលរួមអភិវឌ្ឍន៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។

ក្នុងចំណោមនោះអនុសាសន៍​មួយគឺចំនុចទី៩​ បានសង្កត់ធ្ងន់ថាគ្រប់ក្រសួងស្ថាប័នអាជ្ញាធរដែនដីត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែងឲ្យមានតំណាងស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកានឹងផ្តល់ឱកាសឲ្យមានសំឡេងស្ត្រីចូលរួមផ្ដល់យោបល់ក្នុងការសម្រេចតែងតាំង ការបង្កើនសមត្ថភាពមន្រ្តីរាជការស៊ីវិលជាស្ត្រីតាមរយៈវគ្គបណ្ដុះបណ្ដាលទាំងក្នុងនិងក្រៅប្រទេស​ យកចិត្តទុកដាក់ជ្រើសរើសមន្រ្តីរាជការស៊ីវិលជាស្ត្រីសម្រាប់បន្តវេនលើគ្រប់វិស័យជាពិសេសនៅថ្នាក់ក្រោមជាតិ។ អនុសាសន៍ជំរុញឱ្យយកចិត្តទុកដាក់ចំពោះស្ត្រីមន្រ្តីរាជការស៊ីវិលជាស្ត្រីមុនចូលនិវត្តន៍ដោយដំឡើងឋានន្តរស័ក្កិ និងថ្នាក់ក្នុងប្រភេទក្របខណ្ឌរបស់ខ្លួនតាមអតីតភាពការងារឲ្យស្របតាមគោលការណ៍។

ជាការពិតណាស់បើមើលទៅតាមអនុសាសន៍ដែលសម្ដេចបានលើកឡើងគឺបានបង្ហាញពីកង្វល់ និងការយកចិត្តទុកដាក់ជាខ្លាំងទៅលើស្រ្ដីក្នុងការបំពេញមុខងារ ឬឋានន្ដរស័ក្កិ ហើយអ្វីដែលពិសេសនោះគឺការផ្ដល់ឱកាសដល់ស្រ្ដីក្នុងការធ្វើសេចក្ដីសម្រេចនានាផងដែរ។

តែអ្វីដែលនៅចោទជាបញ្ហានៅឡើយគឺថាតើបណ្ដាស្ថាប័នដែលពាក់ពន្ធ័ ជាពិសេសនោះគឺក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ពួកគាត់មានវិធីសាស្រ្ដយ៉ាងណាខ្លះដើម្បីធ្វើឲ្យចំនួនស្រ្ដីកាន់តែមានការកើនឡើងនៅក្នុងស្ថានប័ននានា។

មន្ត្រីម្នាក់នៃក្រសួងកិច្ចការនារី  ដែលជាអនុប្រធាន នាយកដ្ឋាន ការពារផ្លូវច្បាប់ អ្នកស្រី សរ ស៊ីណេត មានប្រសាសន៍ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីថា យើងបានតស៊ូហើយដើម្បី បង្កើនចំនួនស្ត្រីក្នុងស្ដាប័ន ជាតិនិងថ្នាក់ក្រោមជាតិ គឺតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី។

ចំពោះទស្សនៈរបស់លោកស្រី រស់សុភា ដែលជានាយិការប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងជាសមាជិកគណៈកម្មាការដឹកនាំ គណៈកម្មាធិការលើកស្ទួយស្រ្ដីក្នុងវិស័យនយោបាយវិញ​ មានប្រសាសន៍ ថា អនុសាសន៍របស់ប្រមុខរដ្ឋាភិបាល គឺជាការ​ប្រការដែល សង្គមស៊ីវិល ធ្វើការផ្នែកស្ត្រីចង់បាន។ លោកស្រីថា បើគិតជាភាគរយតិចនៅឡើយហើយ​តិចបំផុតស្ត្រីក្នុងតំណែងសមាជិករាជរដ្ឋាភិបាលនិងថ្នាក់អភិបាលខេត្តក្រុង។

លោកស្រី គិតថា អនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី អាចជាការលំបាកតិចតួចដែរ ក្នុងការយកទៅអនុវត្តព្រោះតែ អាចប៉ះពាល់បុរសដែលមានតួនាទីស្រាប់។

យ៉ាងណា លោកស្រី ទទូចឱ្យ ស្ដាប័ននិងក្រសួងនិមួយត្រូវមានគោលនយោបាយ ដើម្បីស្រ្តី មានភាព​ជាក់លាក់ ទើប អាចបញ្ជ្រៀតស្ត្រីក្នុងស្ថាប័នទាំងនោះកាន់តែច្រើ់ន។

ជាការកត់សំគាល់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់កាលពីថ្ងៃទី៤មីថុនាឆ្នាំ ២០១៧  គេសង្កេត​ឃើញបក្សនយោបាយនិមួយហាក់ខិតខំ ដាក់សមាសភាពបេក្ខជនស្ត្រីច្រើន ជាពិសេស គណបក្ស​ធំពីរ​គឺ​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ​៕

 

Share

ព័ត៌មានទាក់ទង

Image