ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមជាមួយអង្គការសិកម្ម និងស្បៀងអាហារ (FAO) ព្រមទាំងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការដៃគូផ្សេងៗទៀត នៅថ្ងៃ សុក្រនេះ បានប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ «កិច្ចគាំពារសង្គម និងកសិកម្ម ដើម្បីកាត់ផ្ដាច់វដ្ដនៃភាពក្រីក្រនៅជនបទ» ។
កម្មវិធីនេះបានរៀបចំឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ក្នុងទិវាស្បៀងអាហារពិភពលោក ។
យោងសេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការកសិកម្ម និងចំណីអាហារ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះឲ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីទាញការយកចិត្តទុកដាក់ជាសាកល លើតួនាទីក្នុងការគាំពារសង្គម ដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រ ខណៈដែលវាត្រូវបានកំណត់អាទិភាព ក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ។
សេចក្ដីប្រកាសព័ត៌មានរួមបន្តថា ភស្តុតាងបានបង្ហាញថា កម្មវិធីគាំពារសង្គមនេះ អាចជួយសហគមន៍ក្រីក្រ ឲ្យយកឈ្នះលើឧបសគ្គផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ ដែលជាធម្មតា តែងតែធ្វើឲ្យប្រជាសហគមន៍ក្រីក្រទាំងនោះ បាក់ទឹកចិត្ត ដោយសារពួកគាត់ចង់បានប្រាក់ចំណេញខ្ពស់ ៕