en     km
en     km

សហជីពមួយអំពាវនាវកុំឱ្យមានការព្រួយបារម្ភអំពីEBA

Share

ភ្នំពេញ៖ មេសហជីពធំមួយនៅកម្ពុជាបានថ្លែងដោយអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភខ្លាំងពេកចំពោះការព្យួរពន្ធលើទំនិញរបស់កម្ពុជាដែលនាំទៅកាន់ទីផ្សារអឺរ៉ុបឬEBA ដែលសហជីពមួយនេះថា ស្ថាប័នរដ្ឋាភិបាលអាចបន្តធ្វើកិច្វជាមួយសហភាពអឺរ៉ុប ស្របតាមបច្ចេកទេសច្បាប់ជាតិ និងច្បាប់អន្តរជាតិបាន។

នេះជាការថ្លែងរបស់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជានៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពីសជិកសមាជិកគណៈកម្មាធិការប្រតិបត្តិ និង ក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាទៅលើស្ថានភាពទូទៅ នៃសភាពការនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជានៅថ្ងៃនេះ។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ដំណើរនីតិវិធីរបស់សហភាពអឺរ៉ុបក្នុងការដក ឬ ព្យួរ EBA ជានីតិវិធីគឺនៅវែងឆ្ងាយ ពីព្រោះនីតិវិធីនេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ខែសីហា ឆ្នាំ២០២០។ លោកបន្តថា ការព្យួរនេះនៅសល់រយ:ពេល១៨ខែទៀត ដូចនេះលោកអំពាវនាវកុំឱ្យមានការព្រួយបារម្មណ៍ពីរឿងនេះពេក។ លោកឱ្យដឹងថា បញ្ហានេះក្រសួងជំនាញរបស់រាជរដ្ឋាភិបាល បន្តធ្វើកិច្វនេះជាមួយសហភាពអឺរ៉ុប ស្របតាមបច្ចេកទេសច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

លោក សោម អូន បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាពិតជាបានខិតខំបន្តកំណែទម្រង់ស៊ីជម្រៅបន្ថែមទៀត ដើម្បីពង្រឹងនូវលំនឹងនៃសេដ្ឋកិច្ចជាតិ និងឯករាជ្យភាព ដើម្បីទប់ទល់នូវហានិភ័យ ណាមួយដែលអាចកើតឡើងពីឥទ្ឋិពលខាងក្រៅ។

មេសហជីពដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលមួយនេះ ​ក៏បានបង្ហាញនូវជំហររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាថា «ក្នុងនាមយើងជាសហជីព គឺត្រូវត្រៀមខ្លួនជាស្រេចដើម្បី ចូលរូមជាមួយរាជរដ្ឋាភិបាល ក្នុងការកំណែទម្រង់ ដើម្បីការថែរក្សា និងការពារសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំ និងធានាបាននូវស្ថេរភាពការងារ និងសន្តិសុខការងារសម្រាប់កម្មករនិយោជិត ទោះបីទៅអនាគតកម្ពុជាមិនមាន EBA ក៏ដោយ»។

សហភាពអឺរ៉ុបបានសម្រេចដាក់ដំណើរនីតិវិធីក្នុងការដក ឬ ព្យួរ EBAលើទំនិញរបស់កម្ពុជា។ នេះមានន័យថា រាល់ទំនិញរបស់កម្ពុជាគ្រប់ប្រភេទដែលនាំចូលទឹកដីអឺរ៉ុបនឹងត្រូវបង់ពន្ធ បើសិនការព្យួរនេះចូលជាធរមាន។ កម្ពុជានឹងត្រូវខាតបង់ថវិកាជាង៧០០លានដុល្លារអាមេរិក បើសិនជាប់កាតព្វកិច្ចបង់ពន្ធជូនសហភាពអឺរ៉ុបមែននោះ។ យ៉ាងណានៅមុនពេលព្យួរជាបណ្តុះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធEBAនេះ សហគមន៍អឺរ៉ុបបានអំពាវនាវជាច្រើនលើកច្រើនសារទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញឱ្យគោរពប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន ដោះលែងសកម្មជននយោបាយ ដោះលែងមេបក្សប្រឆាំងលោក កឹម សុខា ជាដើម។

តែជំហររដ្ឋាភិបាលបង្ហាញថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះគឺជារឿងធម្មតានោះទេចំពោះកម្ពុជាដែលបានរួមចាកពីប្រទេសក្រក្រីនោះ៕

Share

ព័ត៌មានទាក់ទង

Image