ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិបន្តរក្សាបាននូវស្ថានភាពសន្តិសុខជាតិបានយ៉ាងល្អប្រសើរជាងប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដោយបានឃាត់ខ្លួន មនុស្សចំនួន ១៣ នាក់ដែលធ្វើសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៨ ។ យ៉ាងណា មន្ត្រីសិទ្ធិមនុស្សថា ការអះអាងនេះមិនទាន់ត្រឹមត្រូវនោះទេ បើតាមការមើលទៅទិដ្ឋភាពនៃការរស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ។
លោក សោម លាភ រាយការណ៍៖
បើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងមហាផ្ទៃ ដែលចុះផ្សាយនៅថ្ងៃទី ២១ ខែកុម្ភៈនេះបញ្ជាក់បែបនេះ គឺធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
នាឱកាសនោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ បន្តរក្សាបាននូវស្ថានភាពសន្តិសុខជាតិយ៉ាងល្អប្រសើរ ។
លោកថា កម្ពុជាពិតជាមានសន្តិភាពខណៈដែលប្រទេសដទៃទៀតក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងតែប្រឈមបញ្ហាសន្តិសុខ និងបញ្ហាមួយចំនួនជាច្រើនទៀតផងដែរ ។
ជាក់ស្ដែង លោកថា កម្ពុជាបញ្ជៀសបាននូវអំពើភេរវកម្មស្របពេលដែលភេរវកម្មលើពិភពលោកកើនឡើង ៧៣លើក លើ៥៤ប្រទេស ។
អគ្គស្នងការនគរបាលជាតិ បន្ថែមថាព្រឹត្តិការណ៍នានា វេទិកាជាតិ និងអន្តរជាតិជាង ៨០០០លើក ត្រូវបានរក្សាការពារនូវសុវត្ថិភាពទាំងស្រុង ជាពិសេស ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតសភានីតិកាលទី៦ ពិធីបុណ្យជាតិជាច្រើន រួមទាំងកម្មវិធីសម្ពោធផ្សេងៗផងដែរ ។
លោកបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានទប់ស្កាត់ ក៏ដូចជាបង្រ្កាបទាន់ពេលវេលានូវក្រុមប្រដាប់អាវុធខុសច្បាប់ ដែលបានប៉ុនប៉ងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ តួយ៉ាង កងកម្លាំងនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យ១៣នាក់ និងរឹបអូសអាវុធ៣០ដើមផងដែរ ។ តែយ៉ាងណា លោកមិនបានបញ្រ្ជាបទេថា តើសកម្មភាពដែលចាត់ទុកថាជាសកម្មភាពប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលទាំងនោះ កើតឡើងតាមរូបភាពបែបណានោះទេ ។
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ បានទេ ដោយហៅទូរស័ព្ទចូលហើយ ប៉ុន្តែលោកចុចផ្ដាច់វិញ ។ លោក នេត សាវឿន ក៏បដិសេធន៍មិនធ្វើការអធិប្បាយលើរឿងនេះដែរ ។ តែលោកថា សកម្មភាពទាំងនេះអាចបញ្ជាក់បានពីសមត្ថភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបជនល្មើសយកមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ។
លោក ស៊ឹង សែន ករុណា មន្រ្ដីជាន់ខ្ពស់សមាគការពារសិទ្ធិមនុស្សអាហុក ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃទី ២១ កុម្ភៈនេះថា កម្ពុជាមិនទាន់មានសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អនៅឡើយនោះទេ ។
លោកបញ្ជាក់ថា អាជ្ញាធរកម្ពុជាបច្ចុប្បន្នតែងតែយកវិធានការបង្ក្រាប ជាជាងវិធានការបង្ការ ខណៈដែលសង្គមស៊ីវិលចង់ឃើញឱ្យមានការបង្ការឱ្យបានច្រើន ។
លោកថា សន្តិភាពនៅកម្ពុជា ក៏ពុំទាន់មានដែរ ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ស្នើទៅភាគីនៃប្រទេសចិនឱ្យផ្ដល់បច្ចេកទេស រួមទាំងការគ្រប់គ្រងសន្តិសុខសាធារណៈនៅកម្ពុជា ។
ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រួមទាំងមន្ត្រីបក្សកាន់អំណាច បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការប្រឆាំង និងកំទេចក្រុមបដិវត្តន៍ពណ៌ដែលប៉ុនប៉ងផ្ដូលរំលំរាជរដ្ឋាភិបាល ។
ជាងនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានដាក់បញ្ជាឱ្យទាហានទាំងអស់ប្រឆាំងកំទេចក្រុមនោះផងដែរ បើទោះបីជាមួយការសម្លាប់មនុស្សមួយចំនួនក៏ដោយ ។
យ៉ាងណា ក៏មានការរៀបចំកម្លាំងរួចរាល់ហើយ នៅតាមអាកាសយានដ្ឋាន និងច្រកទ្វារអន្តរជាតិផ្សេងៗទៀត ដើម្បីចាប់លោក សម រង្ស៊ី និងក្រុមរបស់លោក នៅពេលមានវត្តមាននៅកម្ពុជា ។
លោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោក នឹងវិលចូលកម្ពុជានៅឆ្នាំ ២០១៩ នេះ ។ បើតាមមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ និងតាមរយៈការសរសេរលើទំព័រហ្វេសបុករបស់លោក សម រង្ស៊ី ជាច្រើនបញ្ជាក់ថា អាចនឹងមានកម្លាំងបរទេសរួមដំណើរជាមួយលោក មកកម្ពុជាផងដែរ ។
សម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា កម្ពុជានៅតែមានវិធានការម៉ឺងម៉ាត់ ក្នុងការដោះស្រាយរឿងនេះ ព្រោះដើម្បីធ្វើឡើងការពារស្ថិរភាពនយោបាយ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតឡើងពីការបោះឆ្នោតដោយពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈកម្ពុជា ។
កាលពីម្សិលមិញ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា ក្រុមក្រៅច្បាប់ ដែលមជ្ឈដ្ឋានទូទៅដឹងថា ដឹកនាំដោយ លោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ គឺជាក្រុមកំពុងធ្វើសកម្មភាពប៉ុនប៉ងប្រឆាំងនឹងសុខសន្តិភាពនៅកម្ពុជា ។
សម្ដេច ស ខេង សម្ដៅថា ការចង់មកកម្ពុជារបស់លោកសម រង្ស៊ី ឆ្នាំ២០១៩ នេះ គឺការប៉ុនប៉ង ដើម្បីបំផ្លាញសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ។ សម្ដេចថា កាលណាចូលមកខុសច្បាប់ ប្រមូលកម្លាំងគាំទ្រចូលរួម ដើម្បីទទួលឬធ្វើសកម្មភាពណាមួយ គឺជាការប្រឆាំងទៅនឹងសកម្មភាពទាំងនេះ។
កម្ពុជាធ្លាប់មានព្រឹត្តិការណ៍ហិង្សាជាច្រើន ដែលជាការដណ្ដើមអំណាច ហើយព្រឹត្តិការណ៍ធំជាងគេ នៅថ្ងៃ៥-៦កក្កដា នៅឆ្នាំ១៩៩៧ ដែលកាលនោះកងទ័ពស្មោះត្រង់គណបក្សប្រជាជនកម្ពុជាបានប៉ះទង្គិចគ្នានៅកណ្ដាលរាជធានីភ្នំពេញ ។តែជ័យជម្នះបានទៅលើកងទ័ពគាំទ្រ បក្សប្រជាជនកម្ពុជា ។ ព្រឹត្តិការណ៍នោះ បណ្ដាលអោយស្លាប់មនុស្ស និងកងទ័ពជាច្រើន ៕
អត្តបទដោយ៖ សោម លាភ