សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា កម្ពុជានឹងលែងមានគ្រាប់មីនទៀតនៅ២០២៥ ដែលសម្ដេចជម្រាបជូនជនរួមជាតិ ដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីនឱ្យរក្សានូវភាពប្រុងប្រយ័ត្ននឹងសុវត្ថិភាពខ្ពស់បំផុត។
នាយករដ្ឋមន្ត្រីបាន ប្រកាសដូចនេះ តាមរយៈសារលិខិតចុះថ្ងៃទី១៣កុម្ភៈ ហើយបានផ្សព្វផ្សាយជាសាធារណៈនៅ ថ្ងៃព្រហស្បត្តិ៍នេះធ្វើឡើងក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីនសម្រាប់ខួបទី២០។
ឆ្លងកាត់នូវសង្គ្រាមដ៏រ៉ាំរ៉ៃនៃវិវាទឥណ្ឌូចិន និង សង្រ្គាមស៊ីវិលជាបន្ដបន្ទាប់អស់ពេលជាងបីទសវត្ស មីនដែលធ្លាប់ជាសព្វាវុធបង្កប់បំផ្លាញអាយុជីវិតសត្រូវ និង ជាយុទ្ធសាស្រ្ដយកឈ្នះក្នុងសមរភូមិ បាននៅតែកំពុងបន្សល់ប្រមាណជាង១៩៧០គីឡូម៉ែត្រទៀត។
រដ្ឋាភិបាលបានកំណត់នូវផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន អំឡុង៧ឆ្នាំ ២០១៨ ទល់នឹង ២០២៥ ដើម្បីកម្ចាត់នូវមីនលាក់មុខទាំងនោះ ក្នុងថវិកា ប្រមាណ៤៩៦លានដុល្លារអាមេរិក ដែលនេះក៏ជាចំណែកមួយនៃយុទ្ធសាស្រ្ដចតុកោណរ ស្របនឹងគោលដៅទី១៨នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
គិតមកដល់ឆ្នាំ២០១៩ រាប់ថា២៧ឆ្នាំហើយនៃការបោសសម្អាតមីន តែកត់សម្គាល់បានថា ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨បានរំដោះមីនអស់១៨០២គីឡូម៉ែត្រក្រឡា ជាមួយនឹងការរកឃើញកម្ទេចចោលគ្រាប់មីន១លាន៦២ពាន់៦៦១គ្រាប់ មីនប្រឆាំងរថក្រោះ២៤ពាន់៨៣២គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម២លាន៧៦ម៉ឺន២០គ្រាប់។ ជាវិបាកនាំឱ្យមានការខូចខាតទ្រព្យសម្បត្តិ ធ្វើឱ្យកាយសម្បទានបាត់បង់ និង គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស៤៣២០នាក់កាលពីឆ្នាំ១៩៩៦ តែធ្លាក់ចុះសល់ត្រឹម៥៨នាក់នៅក្នុងឆ្នាំ២០១៨។
ទោះបែបនេះក្ដី ប្រមុខរដ្ឋាភិបាលហៅការសម្អាតមីនតែម្យ៉ាងពីអាជ្ញាធរមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់យល់ជ្រាបអំពីគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះបានត្រឹមត្រូវ។
សម្ដេចនាយករដ្ឋមន្រ្ដីបន្ដណែនាំនិង អំពាវនាវដល់អាជ្ញាធរបីស្ថាប័នរួមមាន អាជ្ញាធរមីន អាជ្ញាធរដែនដី ប្រតិបត្តិករមីននិងដៃគូអភិវឌ្ឍ ឱ្យបង្កើនសមត្ថភាពបោសសម្អាត អនុវត្តកម្មវិធីអប់រំមីនជូនប្រជាពលរដ្ឋរួមនឹងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ត្រូវចេះរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវឆ្នៃនិងប្រកបរបរជាតិផ្ទុះមិនត្រូវប្រើប្រាស់គ្រឿងចក្រធ្ងន់ៗចូលរុករកព្រៃនោះទេ។
ចុងបញ្ចប់នៃសារលិខិតសម្ដេចបានធ្វើការថ្លែងអំណរគុណដល់បណ្ដាអាជ្ញាធរ អង្គការដៃគូជាតិអន្ដរជាតិ និង ប្រតិបត្តិដៃគូសកម្មភាពសម្អាតមីនទាំងអស់ដែលបានចូលរួមនឹងរដ្ឋាភិបាលក្នុងការធ្វើឱ្យមាននូវសន្ដិភាពចាកផុតអំពីការគម្រាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋជាការរួមចំណែកកសាងវិបុលភាពនៃសេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែរុងរឿងឆាប់រហ័ស៕