ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតថា សម្ដេចមានអាយុយូរ ហើយជនណាដែលប្រមាថអាយុជីវិតសម្ដេច គឺចាំជាតិក្រោយ ។ ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីស្របពេលដែល អ្នកនយោបាយក្រុមប្រឆាំងថា អវត្តមានរបស់សម្ដេច ២ សប្ដាហ៍កន្លងមក គឺស្ថិតក្នុងស្ថានភាពឈឺធ្ងន់ធ្ងរ ។ យ៉ាងណាក៏ដោយ សម្ដេច បានអះអាងថា កម្ពុជានៅតែអនុវត្តនយោបាយផ្ទាល់ខ្លួនឱ្យខានតែបាន បើទោះបីជាការគម្រាមដកប្រព័ន្ធអនុគ្រោះពន្ធកាន់តែខ្លាំងឡើងៗ ។ អ្នកវិភាគ ថា សេដ្ឋកិច្ចកម្ពុជា នឹងប្រឈមនឹងការស្រុតចុះ បើសហភាពអឺរ៉ុបទម្លាក់EBA។
លោក សោម លាភ រាយការណ៍៖
ថ្លែងនៅក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២០ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតថា កម្ពុជានៅតែបន្តប្រកាន់គោលជំហរថា មិនធ្វើតាមអន្តរជាតិបង្វិលក្បាលនោះទេ ។
យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញពីការកើនឡើងនៃការវិនិយោគនៅកម្ពុជា និងសក្ដានុពលនៃវិស័យទេសចរណ៍ ។
ជាងនេះសម្ដេចថា វិស័យឧស្សាហកម្មនៅកម្ពុជា ក៏មានការរីកចម្រើនខ្លាំងផងដែរ ហើយថា បើទោះបីជាកាលៈទេសៈណាក៏ដោយ ក៏កម្ពុជាមិនស្លាប់ទេ ហើយកម្ពុជានឹងឈានទៅមុខដោយភាពថ្លៃថ្នូរ ។
សម្ដេចបន្តថា កម្ពុជា បើកចំហទទួលវិនិយោគិនបរទេស គ្រប់មជ្ឈដ្ឋាន ក្នុងការមកធ្វើធុរកិច្ច និងវិនិយោគ ដោយគ្មានការរើសអើងនោះទេ ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្ដេចបានសង្កេតឃើញថា សព្វថ្ងៃកម្មករ កម្មការនី អត់ខ្វល់ អត់តក់ស្លុតដោយសារសង្រ្គាមចិត្តសាស្រ្តញុះញុងផ្សេងៗនោះទេ ពោលគឺពួកគាត់ ចូលធ្វើការធម្មតា, សម្រាកតាមម៉ោងធម្មតា, ហើយបើកប្រាក់ខែ ២អាទិត្យម្តងៗជាធម្មតា ។
សម្ដេច ហ៊ុន សែន បានសម្ដែងការប្ដេជ្ញាចិត្តរស់ នៅជាមួយប្រជាជនកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
សម្ដេចថាជនណាដែលប្រមាថអាយុជីវិតសម្ដេចគឺខុសហើយ ។ សម្ដេចចំអកថា ចាំជាតិក្រោយចុះ ។
សហភាពអឺរ៉ុបតាមរយៈមន្ត្រីរបស់ខ្លួនចំនួនពីររូបបានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលទីពីរនៃវិធានការនៃការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ក្រៅពីអាវុធ EBA ។ មន្ត្រីទាំងពីរនេះថា ដោយសារតែកម្ពុជាគ្មានការគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងគ្មាននីតិរដ្ឋ ។
សហភាពអឺរ៉ុប បានសម្រេចយកពន្ធលើការនាំចូលអង្ករពីកម្ពុជា ដោយសំអាងលើការទាមទាររបស់ប្រទេសជាសមាជិកនៃសហភាពនេះ ។
កម្ពុជា ខាតបង់លើការចំណាយពន្ធទៅសហភាពអឺរ៉ុប លើការយកអង្ករនេះប្រមាណជាង ៥០ លានដុល្លារសហរដ្ឋអាមេរិក ។
សម្ដេច ហ៊ុន សែន បញ្ជាក់នៅថ្ងៃនេះ ដោយចាត់ឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យយកចិត្តទុកដាក់ សិក្សាដោះស្រាយលើករណីនេះ ឱ្យបានមែនទែន ។
សម្ដេច បញ្ជាក់ថា កម្ពុជាអាចនាំចេញនូវអង្ករទៅវៀតណាមចំនួន ៣០ ម៉ឺនតោន និងចិនចំនួន ៤០ ម៉ឺនតោន ដែលសម្ដេចថា ជាការនាំចេញស្មើនឹងស្រូវជាងមួយលានតោន ។
យ៉ាងណា អ្នកស្រាវជ្រាវសង្គម យល់ខុសពីសម្ដេច ។ អ្នកវិភាគគឺលោកបណ្ឌិតមាសនី ថា គេមិនត្រូវគិតពីទសវត្សមុន ព្រោះពេលនេះ សេដ្ឋកិច្ចកម្ពុជាមានស្ថានភាពផ្សេងហើយមាន ករណី EBA គឺអាចមានគុណវិបត្តិកើតឡើង។
អ្នកវិភាគធ្លាប់បានមានប្រសាសន៍ថា ប្រទេសចិនមិនអាចទទួលទិញអង្ករពីកម្ពុជាដូចចំនួននេះបានទេ ។ ជាងនេះ ប្រទេសវៀតណាម ក៏ជាប្រទេសដែលនាំចេញអង្ករទៅបរទេសច្រើនជាងកម្ពុជាផងដែរ បន្ទាប់ពីថៃ និងឥណ្ឌា ៕