ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា សហរដ្ឋអាមេរិកធ្វើទង្វើគ្រប់បែបយ៉ាងដើម្បីដកខ្លួនចេញពីការទទួលខុសត្រូវ ដោយសារភាពភ័យខ្លាចទៅនឹងការពិត ។ លោកថា ទង្វើនេះរំលោភលើច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា ។
រាយការណ៍ដោយលោក សោម លាភ
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ។ ករណីនេះមន្ត្រីស្ថានទូតនេះ បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ដោយសារតែមានមូលហេតុពីរយ៉ាង គឺ៖
ទី១ សហរដ្ឋអាមេរិកជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ដូច្នេះហើយ ប្រទេសមហាអំណាចនេះ មានភារកិច្ចទទួលខុសត្រូវ លើកិច្ចព្រមព្រៀងនេះ ដោយឃ្លាំមើល និងចង់ឱ្យមានការអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាកើតមានឡើង ។
ទី២ គឺកម្ពុជាបានទាញសហរដ្ឋអាមេរិក ឱ្យមកពាក់ព័ន្ធផ្ទាល់ ក្នុងករណីសំណុំរឿងលោក កឹម សុខា ។
ប្រភពដដែលបញ្ជាក់ថា ការឃុំខ្លួនលោក កឹម សុខា និងចោទប្រកាន់ លោកពីបទសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា គឺជាការចោទប្រកាន់មិនពិត ហើយករណីនេះមិនគួរនឹងកើតមាននោះទេ ។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោយពេលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តតជាតិនៃកម្ពុជា ដោយចាត់ទុកទង្វើរបស់សហរដ្ឋអាមេរិកកន្លងទៅថា ធ្វើឡើងដោយមិនមានលក្ខណៈការទូត ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសរសេរលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា អាជ្ញាធរកម្ពុជាបានឃុំខ្លួនលោក កឹម សុខា រយៈពេល ៥៣០ ថ្ងៃហើយ ។
ស្ថានទូតនេះបញ្ជាក់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ហើយត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត ។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងលោក កឹម សុខាឡើយ ហើយក៏មិនទាន់ការកំណត់បើកសវនាការកាត់ទោសលើរូបលោកដែរ ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌ ។
លោក កឹម សុខា ត្រូវបានតុលាការកម្ពុជាចោទក្រោមសន្ទិដ្ឋិភាពជាមួយបរទេស ដោយយោងតាមវីដេអូឃ្លីដែលលោក ថ្លែងសន្ទរកថានៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៣ ។ កម្លាំងសមត្ថកិច្ចបានចុះទៅចាប់ខ្លួនលោកដល់ក្នុងផ្ទះក្នុងពាក់កណ្ដាលអធ្រាត្រ ដោយសំអាងថា ជាបទល្មើសជាក់ស្ដែង ។
បទ សន្ទិដ្ឋិភាពជាមួយបរទេស មានចែងនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ នៅមាត្រា ៤៤៣ ។
មន្ត្រីពាក់ព័ន្ធមួយចំនួនរបស់កម្ពុជា បញ្ជាក់ថា លោក កឹម សុខា បានរៀបចំផែនការសម្ងាត់ឃុបឃិតនិងធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយយកគម្រូដូចប្រទេសយូហ្គោលស្លាវី និងស៊េប៊ី ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់មណ្ឌលព័ត៌មានស្ដ្រីកម្ពុជានៅថ្ងៃទី ១៨ កុម្ភៈនេះថា ជាការពិត ដែលអាមេរិកជាប់ទាក់ទងនឹងកម្ពុជាដោយសារតែប្រទេសនេះជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក៏ប៉ុន្តែមិនមែនមានន័យថាប្រទេសមហាអំណាចមួយនេះ អាចធ្វើអ្វីៗបានតាមតែចិត្តមកលើកម្ពុជានោះទេ ព្រោះជាការជ្រៀតជ្រែកអធិបតេយ្យកម្ពុជា ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កម្ពុជាមិនបានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថាជាប់ពាក់ព័ន្ធនឹងករណីលោក កឹម សុខានោះទេ តែនេះជាដំណើរការនៃការស៊ើបអង្កេតរបស់ស្ថាប័នតុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យ ។
លោកថា ការពិតទៅគឺលោក កឹម សុខា ទៅវិញនោះទេ ដែលជាអ្នកនិយាយផ្ទាល់ថាអ្នកណានៅពីក្រោយ អ្នកណាជាអ្នកផ្ដល់យុទ្ធសាស្ត្រ ហើយអ្នកណាជាអ្នកឧបត្ថម្ភ ។
យ៉ាងលោកក៏បញ្ជ្រាបដែរថា ក្នុងដំណាក់កាលនេះគ្រាន់តែជាដំណាក់កាលស៊ើបអង្កេត មិនទាន់បានចេញសេចក្ដីសម្រេចណាមួយឡើយថា អាមេរិកជាអ្នកពាក់ព័ន្ធ ។
លោកបង្ហាញពីគោលបំណងរបស់សហរដ្ឋអាមេរិកថា ជាទង្វើលាងខ្លួនចេញពីភាពភ័យខ្លាច ហើយចោទទៅប្រព័ន្ធយុត្តិធម៌កម្ពុជាថាមិនមានយុត្តិធម៌ឱ្យបានមុន។
លោក ជិន ម៉ាលី៖
លោក ជិន ម៉ាលីន ថា ទង្វើរបស់អាមេរិកបែបនេះ គឺរំលោភលើច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ទំនាក់ទំនងការទូត និងបំពានច្បាប់កម្ពុជាផងដែរ ។
លោក ជិន ម៉ាលី៖
អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រសិនបើទង្វើរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបែបនេះ ធ្វើឡើងនៅប្រទេសមហាអំណាច ដែលលោកលើកឡើងប្រទេសកុម្មុយនីស្តដូចជា ប្រទេសចិន រុស្ស៊ី នោះប្រហែលជាស្ថានទូតនេះ មិនអាចនៅប្រទេសទាំងនោះបានទេ ពោលគឺនឹងការដេញចេញមិនលើសពី ២៤ ម៉ោងនោះទេ ។
លោកថា កម្ពុជាមិនធ្វើបែបនេះ ដោយសារតែកម្ពុជាចង់បង្កើនទំនាក់ទំនងការទូតជាមួយបរទេសដទៃ ដោយមិនយកប្រទេសណាធ្វើជាសត្រូវ ។
អ្នកវិភាគកម្ពុជាធ្លាប់មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយដែលស្ម័គ្រអនុវត្តតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដូចនេះត្រូវតែស្ដាប់ ហើយអនុវត្តតាមកិច្ចព្រមព្រៀងនេះដោយមិនត្រូវគិតថាជាការរំលោភដែនអធិបតេយ្យនៃរដ្ឋ ៕
អត្តបទដោយ៖ សោម លាភ