សាកលវិទ្យាល័យ Suan Dusit ប្រទេសថៃបានបញ្ចេញលទ្ធផលនៃការស្ទង់មតិប្រជាពលរដ្ឋ១១៨៦នាក់ ពាស់ពេញតំបន់ ជុំវិញការបោះឆ្នោតដែលនឹងមកដល់នៅខែមិនា ថ្ងៃទី២៤ខាងមុខនេះ។
ការបោះឆ្នោតសភា នៅខែក្រោយនេះ គឺជាលើកដំបូងហើយ ដែលរដ្ឋាភិបបាលរាជាណាចក្រនេះ ធ្លាក់ក្នុងការគ្រប់គ្រងរបស់ ពួកយោធា នៅឆ្នាំ២០១៤។
អ្វីដែលជាចំណាប់អារម្មណ៍ចំពោះ លទ្ធផលស្ទង់មតិ បែរជាធ្វើឱ្យលេចចេញនូវការកត់សម្គាល់យ៉ាងខ្លាំង ទាក់ទងទៅនឹងលទ្ធភាពនៃការរំលាយគណបក្សថៃរក្សាជាតិ និង ស្ថានភាពទូទៅនៃដំណើរការបោះឆ្នោតក្រែងមានភាពមិនប្រក្រតីនិង អស្ថិរភាពនយោបាយទៀត។
តាមការចុះផ្សាយរបស់សារព័ត៌មាន ថៃ The Nation ការស្ទង់មតិមួយប្រកបដោយលក្ខណៈវិទ្យាសាស្រ្ដនោះ បានធ្វើការចោទសួរទៅកាន់ប្រជាពលរដ្ឋផ្ទាល់ នៅពេលសួរថាតើព័ត៌មាននយោបាយណាដែលពួកគេរកឃើញគួរឱ្យចាប់អារម្មណ៍គឺភាគច្រើន 62,54% នៃអ្នកផ្ដល់ព័ត៌មាន បានលើកឡើងពីការបោះឆ្នោតថ្ងៃទី 24 ខែមីនាដោយនិយាយថាវាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយអាចនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេស ដែលមានន័យថា រដ្ឋាភិបាលលោកប្រាយុទ្ធដែលកើតចេញពីរដ្ឋប្រហារប្រឈមនឹងការចាញ់ឆ្នោតខ្លាំង។ ទន្ទឹមនឹងនេះ ៣០.២២% នៃប្រជាជនទាំងនោះ បានបង្ហាញកង្វល់ដោយលើកឡើងពីការអនុវត្តច្បាប់ ដូចជាការរំលាយ បក្សរក្សាជាតិថៃ(Thai Raksa Chart Party) ករណីប្រឆាំងនឹងអតីតមេដឹកនាំក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ (PAD) 6 នាក់ ឬ មេដឹកនាំក្រុមអាវលឿងកាលពីវិបត្តិនយោបាយ២០០៨ និងការបិទវិទ្យុទូរទស្សន៍រយៈពេល 15 ថ្ងៃ។ ដោយឡែក មនុស្សប្រមាណ 21.04% ចាប់អារម្មណ៍ទៅលើបេក្ខភាពនយោបាយរដ្ឋមន្រ្ដី ស្របពេលដែលមនុស្ស 19.87% ពេញចិត្តលើសមាសភាពបេក្ខជន និងគណបក្សនយោបាយថ្មីៗ ដែល 15.29% ថានឹងរង់ចាំមើលយុទ្ធនាការបោះឆ្នោតរបស់គណបក្សនយោបាយនីមួយសិន។
សំណួរ ទាក់ទិនទៅនឹងបរិយាកាសបោះឆ្នោត ក្នុងនោះមនុស្សគិតជា 39.49% បារម្ភខ្លាចការបោះឆ្នោតប្រព្រឹត្តដោយការបន្លំ ខណៈ 31.98% ថាអាចមានរដ្ឋប្រហារកើតឡើង ដែលទាំងនេះផ្ទុយពី 27.41% នៃប្រជាជនដែលបានចូលរួមស្តង់មតិគិតគូរពិស្ថេរភាពសេដ្ឋកិច្ចប្រទេស និង ជីវភាពពួកគេក្រោយការបោះឆ្នោត។ តែយ៉ាងណាមនុស្ស ២០ .៥២ ភាគរយ ខ្វាយខ្វល់អំពីគោលការណ៍រើសនាយករដ្ឋមន្រ្ដី ជាមួយនឹង តួលេខ 14.21%នៃប្រជាជននៅតែមានបញ្ហានឹងវិធីសាស្រ្ដនៃការបោះឆ្នោត។
មកដល់សំណួរទាក់ទិននឹងប្រព័ន្ធផ្សព្វផ្សាយឬ ព័ត៌មានឥទ្ធិពលយ៉ាងណាទៅកាន់សន្លឹកឆ្នោតគឺ 35.44% ឱ្យដឹងថា ពួកគេតាមដានព័ត៌មានជានិច្ច ជាពិសេសលើគោលនយោបាយបក្សនីមួយៗ ក៏ដូចជាបុគ្គលិកលក្ខណៈរបស់មេដឹកនាំនីមួយ ផ្ទុយនឹងមនុស្ស24.67% បានត្រៀមកាយចិត្តចាំតែទៅបោះឆ្នោត ដោយហេតុថាពួកគេមានរួចមកហើយនូវគណបក្សដែលខ្លួនពេញចិត្ត។ ការស្ទង់មតិដដែលនោះ បានចង្អុលបញ្ជាក់ថា 15.89% គាត់មិនអាចបង្ហាញឆន្ទៈស៊ីជម្រៅនោះទេតែថានឹងបំពេញករណីយកិច្ចនេះជាក់ជាមិនខាន។យ៉ាងណាមនុស្សប្រមាណ 12.33% ចង់ឃើញមនុស្សថ្មី គណបក្សថ្មីជាប់ឆ្នោតដឹកនាំប្រទេស។
ការកត់សម្គាល់បានបង្ហាញថាប្រជាជនមិនតិចទេបានជជែកគ្នាជុំវិញការបោះឆ្នោតក្នុងជីវភាពរស់នៅ។ ពួកគេភាគច្រើនតាមដានព័ត៌មានជានិច្ចជាពិសេសលើជោគវាសនារបស់គណបក្សថៃរក្សាជាតិដែលកំពុងប្រឈមនឹងរំលាយដោយសារបក្សនេះ ជ្រើ់សតាំង ស្ត្រីម្នាក់ ជាបងរបស់ ព្រះមហាក្សត្រ ។ តាមច្បាប់បោះឆ្នោត របស់រាជាណាចក្រនេះ បានហាម រាជវង្សប្រឡូកនឹងនយោបាយ។ ព័ត៌មានថៃឱ្យដឹងថា សវនាការតុលាការធម្មនុញ្ញលើកដំបូងនឹងបើកនៅថ្ងៃ២៧ខាងមុខនេះ៕