ភ្នំពេញ៖ ជាថ្មីម្ដងទៀតកាលពីថ្ងៃទី១៤កុម្ភៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន បានព្រមានថា «ការដក EBA មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង »។ នេះជាលើកទី២ហើយ ដែលមេដឹកនាំខ្មែរ ដ៏មានអំណាចបានព្រលយដូចនេះ ដែលកាលពីមួយខែមុន សម្ដេចចង់ឱ្យសហភាពអឺរ៉ុបមកចរចាជាមួយកម្ពុជាដើម្បីរក ដំណោះស្រាយរួមជាមួយគ្នា។ ប្រតិកម្មរបស់សម្ដេច គឺជាការឆ្លើយតបសហភាពអឺរ៉ុប ដែលសម្រេចដាក់អោយដំណើរការនីតិវិធីដំណាក់កាលទីពីរ ដើម្បីឈានដល់ការដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។
តើប្រសាសន៍របស់សម្ដេចហ៊ុនសែន នេះចង់មានន័យថាកម្ពុជា បន្តត្រូវការEBA ហើយបើបាត់EBA ស្មើនឹងសម្លាប់បក្សប្រឆាំងមែនឬ? តើបក្សCNRP នឹងរស់ឡើងវិញ តាមរយៈ ដង្ហើម របស់EBA មែនឬ?
លោកនួន បូរិន ជូនសេចក្ដីអធិប្បាយ ដូចតទៅ៖
EBA បានក្លាយជា អាវុធដ៏មុតស្រួចនិងមានតម្លៃក្រៃឡែង នៅពេលនេះ ដែលអ្នកណាៗ ក៏ ស្គាល់ក៏លឺដែរ។ EBA ជាគំរោងមួយ របស់សហភាពអឺរ៉ុប ពាក់ព័ន្ធ នឹងប្រព័ន្ធអនុគ្រោះពន្ធ ទូទៅ លើលែងតែអាវុធ -Everything But Arms – ។ សហភាពអឺរ៉ុប ដាក់ចុះគំរោងនេះ សំដៅ ជួយប្រទេស ក្រីក្រមួយចំនួន ដែលនាំទំនិញចូលទីផ្សារអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ។ មានប្រទេសជាច្រើន ចង់បាន ប្រព័ន្ធអនុគ្រោះពន្ធប្រភេទនេះ ។ នៅអាស៊ីអាគ្នេយ៌ មានបីប្រទេសប៉ុណ្ណោះ គឺកម្ពុជា ភូមា និងឡាវ ដែលទទួលបាន គំរោងEBA។ សម្រាប់កម្ពុជា EBA បានជួយកំណើនសេដ្ឋកិច្ចជាខ្លាំង ។ បើគិតមកដល់ឆ្នាំ២០១៨ កម្ពុជានាំទំនិញគ្រប់មុខទៅកាន់ទីផ្សាយអឺរ៉ុប លើកលែងតែអាវុធ គឺមានទំហំពាណិជ្ជកម្មជិត៦ពាន់លានដុល្លារអាមេរិក ហើយ បើត្រូវបង់ពន្ធចូលទីផ្សាយអឺរ៉ុប គឺជិត៧០០លានដុល្លារក្នុងមួយឆ្នាំ គឺចាប់ពីពេលនេះទៅ។ តែកម្ពុជា បានទទួលគម្រោងEBA ជិត២០ឆ្នាំមក ហើយ។ ឥឡូវនេះ កម្ពុជា កំពុងប្រឈមនឹងការបាត់ ប្រព័ន្ធនេះវិញ នៅរយៈ១២ខែទៅមុខទៀត។ តាមលោកច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា គឺកម្ពុជា ស្ថិតក្នុងប្រទេស ដែលទទួលបានប្រព័ន្ធពន្ធEBA ដល់ឆ្នាំ២០២៧។ មានន័យ ថា បើកម្ពុជា បាត់EBA នៅឆ្នាំ២០២០ គឺកម្ពុជាត្រូវចំណាយប្រាក់ដើម្បីបង់ពន្ធដល់ទៅ ៥៦០០លានដុល្លារគឺ ៨ឆ្នាំគុណនឹង៧០០លានដុលា្លរ ។ បើតាមតួលេខនេះ គឺមហាសម្បើមណាស់ដែលកម្ពុជា ខាតបង់។ យ៉ាងណា ហួសនឹងស្ដាយទៅហើយ បើកម្ពុជា របូតEBA មែននោះ ។
សម្រាប់ សម្ដេចហ៊ុនសែន ប្រទេស ដែលសេដ្ឋកិច្ចហក់ឡើងខ្ពស់ ដូចកម្ពុជា គឺតម្លៃសហប្រតិបត្តិពាណិជ្ជកម្ម ស្មើភាពក៏ល្អម្យ៉ាងដែរ។ មានន័យថាបើ ទំនិញគេមកយើង គឺ គេត្រូវបង់ពន្ធអោយយើង បើទំនិញយើងទៅគេ គឺយើងត្រូវ បង់ពន្ធអោយគេ។នេះជាទីផ្សារសេរី។ តែទំនគិតថា ទំនិញកម្ពុជាឡើងទៅទីផ្សារអឺរ៉ុប មានដល់ទៅជិត៦ពាន់លានដុល្លារហើយ គឺគិតមកដល់ឆ្នាំ២០១៨នេះ ហើយ នឹងឡើងពន្ធជិត៧០០លានដុល្លារ គឺច្រើនណាស់ មួយឆ្នាំៗត្រូវចំណាយ៧០០លានដុល្លារនោះ។ ប្រាក់ដ៏ច្រើនសម្បើមនេះ បើគិតដល់៥ឆ្នាំមួយអាណ្ណត្តិនៃសភា កម្ពុជាគឺ៣៥០០លានដុល្លារ អាមេរិក។
តើកម្ពុជា គួរបណ្ដោយអោយរបូតគំរោងនេះឬទេ?
អ្នកជំនាញសេដ្ឋកិច្ច ក្ដី អ្នកជំនួញក្ដី អ្នកវិភាគក្ដី ដែលវិទ្យុស្ត្រី បានសុំការយល់ឃើញ គឺពួកគេ ថា មិនគួរបណ្ដោយឱ្យរបូតEBAនោះទេ។ អ្នកសេដ្ឋកិច្ចថា ទំនិញ ក្នុងគំរោងរបស់EBA ដែលកម្ពុជានាំទៅទីផ្សារអឺរ៉ុប ច្រើនជាងគេ គឺសំលៀកបំពាក់ ស្បែងជើង ស្រោមជើង និងកង់ ។ ទំនិញទាំងនេះ កើតចេញពីកម្លាំងពលកម្មរបស់កម្មករកម្មការិនី ជិតមួយលាននាក់ ដែលពួកគេ កំពុងធ្វើការនៅតាមរោងចក្រ ជាង១០០០ពាន់ ក្នុងនោះរោងចក្រ មានស្ដង់ដារត្រឹមត្រូវជាង៦០០ រោងចក្រ។ អ្នកសេដ្ឋកិច្ចថា បើដកEBA អាចប៉ះពាល់ធ្ងន់ធ្ងរ ចំពោះកម្លាំងពលកម្មនៅកម្ពុជា ហើយអាចធ្វើក្រុមហ៊ុនខ្លះដែល មិនចង់បង់ពន្ធពួកគេអាចចេញពីកម្ពុជា ទៅរកប្រទេសដែលបានគំរោងEBA។ ថែមពីលើនេះ ទៀត អាចប៉ះពាល់ អ្នកទទួលបានផលប្រយោជន៍ប្រយោល ជាងមួយលាននាក់។ សម្រាប់អ្នកវិភាគវិញថា EBA គឺកត្តាបំពេញ ឆ្នាំងបាយរបស់ កម្មករ។ ការបាត់EBA ក៏អ្នកបញ្ជាទីញ មានផលលំបាកដែរ ព្រោះធ្លាប់យកទំនិញ ថោកតែបើថ្លៃគឺត្រូវពិចរណាឡើងវិញ។
កត្តា នយោបាយនៅកម្ពុជា នាំអោយ សហភាពអឺរ៉ុប ដាក់ចេញវិធានការបែបនេះ
ជាការពិតសហភាពអឺរ៉ុបបានដាស់តឿនឱ្យកម្ពុជា ជាពិសេសបក្សកាន់អំណាចរបស់សម្ដេច ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ គឺតាំងពីអង្គការនេះចេញដំណោះស្រាយនៅចុងឆ្នាំ២០១៧ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ។ ដំណោះស្រាយរបស់សភា សហភាពអឺរ៉ុបបានទម្លាក់ជាបន្តបន្ទាប់ឱ្យកម្ពុជាបើកការចរចានយោបាយឡើងវិញជាមួយគណបក្សសង្គ្រោះជាតិ ប្រយោជន៍ឱ្យបក្សនេះរស់ឡើងវិញ ។ តែទីបំផុត បក្សកាន់អំណាចមិនបានទទួលយកឡើយ ហើយផ្ទុយទៅវិញបានប្រើពាក្យថា កម្ពុជាជារដ្ឋអធិបតេយ្យមិនរណបប្រទេសណាមួយឡើយ ។ ពាក្យថាអធិបតេយ្យនេះ មិនត្រូវបានសហភាពអឺរ៉ុប និងអាមេរិក ឱ្យតម្លៃនោះទេសម្រាប់កម្ពុជា ដែលមើលទៅគ្មានឯករាជ្យអ្វីឡើយ ព្រោះតែពួកគេថា ស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសចិន ដែលជាម្ចាស់ជំនួយ និងម្ចាស់បំណុលដ៏ធំសម្រាប់កម្ពុជា ។ ភាពមិនចុះមិនចាញ់គ្នានេះ រវាងសហភាពអឺរ៉ុប និងបក្សកាន់អំណាចនៅកម្ពុជា បាននាំឱ្យស្ថានការណ៍តានតឹងរវាងភាគីទាំងពីរកាន់តែខ្លាំងឡើងៗ ។ ជាចុងក្រោយ សភាសហភាពអឺរ៉ុប បានសម្រេចឱ្យគណៈកម្មការអឺរ៉ុបរៀបចំផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា ។ គណៈកម្មការអឺរ៉ុប បានចាត់វិធានការដំណើរលើនីតិវិធីដកEBAនេះ គឺតាំងពីខែតុលា ឆ្នាំ ២០១៨ ហើយគិតមកដល់ខែកុម្ភៈនេះ គឺរយៈពេល ៦ ខែហើយ ដែលស្ថាប័នអន្តរជាតិនេះ សម្រេចដាក់ដំណើរការលើEBA លើប្រទេសកម្ពុជាដំណាក់កាលទី ២ ។ បើចូលដល់ដំណាក់កាលទី ៣ គីជាដំណាក់កាលផ្ដាច់ព្រ័ត្រ ហើយEBAត្រូវដកទាំងស្រុង។ មានន័យថា ចូលដល់ឆ្នាំ ២០២០ ជាការកំណត់ចុងក្រោយថាតើកម្ពុជាសមទទួលEBAបន្តទៀតឬទេ ។ យ៉ាងណាក៏ដោយ សមាជិកសហភាពអឺរ៉ុបបានមូលមតិគ្នាជាឯកឆន្ទហើយ កាលពីថ្ងៃ ២៩ មករា ឱ្យមានវិធានការដកEBA ពីកម្ពុជា ។ មានន័យថា សហភាពអឺរ៉ុប រកសម្លេងគ្រប់គ្រាន់ហើយ ដើម្បីអនុវត្តវិធានការរបស់ខ្លួន ។ យ៉ាងណា សម្ដេច ហ៊ុន សែន បានបោះពាក្យសម្ដីពីរលើកហើយ ទៅឱ្យសហភាពអឺរ៉ុបមកចរចាជាមួយកម្ពុជា ដើម្បីរកដំណោះស្រាយ ។ សម្ដេចថា ដំណោះស្រាយអាចកើតមានបើមានការយល់យោគគ្នាឡើងវិញ ។ មានន័យថា EBA នៅបន្តគឺការជាប់គាំនយោបាយក៏អាចនឹងត្រូវដោះស្រាយបានដែរ ។
តើបក្សCNRP នឹងរស់ឡើងវិញ តាមរយៈ ដង្ហើម របស់EBA មែនឬ?
បើនិយាយពីដំណោះស្រាយនយោបាយ មានតែរបៀបវារៈមួយគត់នៅលើតុចរចា គឺករណីគណបក្សសង្គ្រោះជាតិ ។ ដើមចមដែលនាំឱ្យសហភាពអឺរ៉ុប សើរើEBAនេះ គឺដោយតែការរំលាយគណបក្សសង្គ្រោះជាតិ ។ រចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ ១១៨ រូប ត្រូវជាប់បម្រាមនយោបាយ ហើយក្រុមប្រឹក្សាឃុំសង្កាត់ ៥០០៧នាក់ ក៏ត្រូវបានរឹបអូសតំណែងពួកគេដែរ ។ ទាំងនេះ គឺជាកត្តាមួយដែលស្ថិតនៅក្រោមតុចរចារបស់ EBA។ យ៉ាងណាក៏ដោយ បើតាមប្រសាសន៍ចុងក្រោយបំផុតរបស់នាយករដ្ឋមន្ត្រីគឺកាលពីថ្ងៃទី ១៤ កុម្ភៈ សម្ដេចបានព្រលយថា «ការដក EBA មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង » ។ ប្រយោគរបស់សម្ដេច មានន័យស៊ីជម្រៅណាស់ គឺស៊ីជម្រៅពាក់ព័ន្ធនឹង EBA បើទោះបីជាសម្ដេច អះអាងថា គ្មាន EBAក៏កម្ពុជាមិនស្លាប់ដែរ ។ តែទំនងបើមាន EBA គឺកម្ពុជាកាន់តែរុងរឿង ៕
អត្ថបទដោយនួន បូរិន