ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា អឺរ៉ុបដកការអនុគ្រោះពន្ធពីកម្ពុជាមិនមែនមានន័យថា បាត់បង់ទំនាក់ទំនងការទូតនោះទេ ។ ដោយឡែក អ្នកវិភាគក៏បានបង្ហាញទស្សនៈបែបនេះដែរ តែក៏មានការព្រមានដែលថា ប្រសិនបើមានការគម្រាមកំហែង និងរំលោភសិទ្ធិជាងនេះ នោះនឹងអាចប៉ះពាល់ដល់ទំនាក់ទំនងការទូត ។
រាយការណ៍ដោយ លោក សោម លាភ
សហភាពអឺរ៉ុបបានសម្រេចដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធពីកម្ពុជាជាបណ្ដោះអាសន្ន ។ ការសម្រេចបែបនេះ ដោយសារតែមន្ត្រីរបស់សហភាពអឺរ៉ុបថា ស្ថានភាពនៃការគោរពតាមគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាកាន់តែមានស្ថានភាពអាក្រក់ទៅៗ ។
ការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសម្ដេច ហ៊ុន សែន កាលពីរសៀលថ្ងៃទី ១៤ កុម្ភៈម្សិលមិញ បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាដែលមានភាពល្អប្រសើរ អាចរស់បានដោយខ្លួនឯង មិនពឹងទៅលើការអនុគ្រោះពន្ធពីប្រទេសណាមួយ ។
ជាក់ស្ដែង សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA មិនអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះទេ ហើយអត់ប្រព័ន្ធអនុគ្រោះនេះ ក៏កម្ពុជាមិនស្លាប់ដែរ ។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញវិធានការអនុវត្ត និងកែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ដែលជាស្មារតីបំរើជាតិ និងប្រជាជនប្រកបដោយភាពស្មោះត្រង់ ។
ទោះបីជាយ៉ាងណាក្ដី សម្តេច ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរ និងកម្លាំងនគរបាលត្រូវប្រឹងប្រែងរួមគ្នាលើកកម្ពស់សេដ្ឋកិច្ច ដើម្បីពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ ។
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ។
សម្ដេច ថា បញ្ហា EBA ប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អឺរ៉ុបនោះឡើយ ។
សម្ដេចបញ្ជាក់ថា គ្មានប្រទេសណាមួយ ឬពាក្យណាមួយម៉ាត់សោះឡើយ ដែលជំទាស់ទៅលើតួនាទីរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី ១៣ ។
នាយករដ្ឋមន្ត្រីកម្ពុជាថា ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ នឹងធ្វើការសហការណ៍ជាមួយដៃគូរ គឺសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីប្រធានបទ និងកិច្ចដំណើរការ នៃការប្រជុំនេះ ។
សម្ដេចថា កម្ពុជានៅតែបន្តទំនាក់ទំនងជាដៃគូរជាមួយរដ្ឋដែលជាសមាជិករបស់សហភាពអឺរ៉ុបទាំងអស់ ។
លោក បណ្ឌិតមាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ១៥ កុម្ភៈនេះ ដោយលោកបណ្ឌិតក៏បញ្ជាក់ដូចសម្ដេច នាយករដ្ឋមន្ត្រីដែរ ពោលគឺការដកប្រព័ន្ធអនុគ្រោះពន្ធនេះ គឺមិនប៉ះពាល់ដល់ទំនាក់ទំនងការទូតនោះទេ ព្រោះនេះជារឿងពាណិជ្ជកម្ម ។
ផ្ទុយពីនេះ អ្នកវិភាគរូបនេះគម្រាមថា ទំនាក់ទំនងការទូតកម្ពុជា និងអន្តរជាតិ នឹងល្អក់កករ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាកាន់តែអាក្រក់ថែមទៀត ។
សម្តេច ហ៊ុន សែន អំពាវនាវដល់ក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយក្រោមម្លប់សុខសន្តិភាពរបស់កម្ពុជា ។
ថ្មីៗនេះ លោក សម រង្ស៊ីប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវ ឱ្យអ្នកវិនិយោគទាំងអស់ ដកខ្លួនចេញពីកម្ពុជា បើមិនចង់គ្រោះថ្នាក់ ឬជួបក្ដីវិនាសនោះ ។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី កុំមានការព្រួយបារម្ភបញ្ហា EBA ដរាបណាការងារនៅតែមានធ្វើ នៅតែទទួលបានប្រាក់ឈ្នួល ។
កម្ពុជា នឹងបាត់បង់លើការចំណាយប្រមាណជា ៧០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធមែននោះ ៕
អត្តបទដោយ៖ សោម លាភ