ភ្នំពេញ៖ កម្ពុជាប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ គឺគំរោងEBA ពីសហភាពអឺរ៉ុប ។ ក្នុងអន្តរកាលនេះ មន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីបក្សកាន់អំណាច រួមទាំងក្រសួងពាក់ព័ន្ធបានបញ្ចេញប្រតិកម្មព្រមៗគ្នា តែមិនឃើញមានឆ្លើយតបថា នឹងដោះស្រាយតាមសំណើររបស់សហភាពអឺរ៉ុបឡើយ ។ ពាក់ព័ន្ធនឹងការវិវត្តន៍ស្ថានការណ៍បែបនេះ ថាតើពលរដ្ឋខ្មែរមួយចំនួន រួមទាំងអ្នកវិភាគបង្ហាញនូវគំនិតទស្សនៈរបស់ខ្លួនបែបណា ។
រាយការណ៍ដោយលោក សោម លាភ
តើសហភាពអឺរ៉ុបចេញសេចក្ដីប្រកាសអ្វីដល់កម្ពុជា ?
សហភាពអឺរ៉ុប បានបញ្ជាក់មកកម្ពុជាតាមរយៈសេចក្ដីប្រកាសថា សហភាពមួយនេះថាខ្លួន កំពុងតែដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធពីកម្ពុជា ។
មន្ត្រីសហភាពអឺរ៉ុប បញ្ជាក់ថា ការឈានទៅដល់វិធានការដំណាក់កាលនេះ គឺដោយសារតែសហភាពនេះមើលឃើញថា កម្ពុជាមានការដោះស្រាយតិចតួចណាស់ លើបញ្ហានយោបាយមួយចំនួន គឺដោះលែងអ្នកទោសនយោបាយ អ្នកវិភាគឯករាជ្យ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកសារព័ត៌មាន រួមទាំងការបន្ថយ ការរឹតត្បិតលើ សកម្មភាព សង្គមស៊ីវិលនិងសកម្មជន សហជីព ។ នេះជាចំណាត់ការស្ដារស្ថានភាពនយោបាយដែរ តែមិនទាន់គ្រប់គ្រាន់តាមតម្រូវការរបស់សហភាពអឺរ៉ុបនោះទេ ។
លោកស្រី Federica Mogherini ប្រមុខការទូត និងជាអនុប្រធានគណៈកម្មការអឺរ៉ុបថា ស្ថានភាពប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ នៅកម្ពុជាកាន់តែអាក្រក់ទៅៗ ។
សហភាពអឺរ៉ុបបញ្ជាក់ថា រយៈពេល ៦ខែទៀតនេះ គឺជាពេលវេលាតាមដាន និងវាយតម្លៃជាក់ស្ដែងហើយរយៈពេល ៣ខែម្ដង គឺសហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃដំណើរការវិវត្តនៅកម្ពុជា ។ ក្រោយពីធ្វើការតាមដាន និងវាយតម្លៃ ១២ខែនេះទៅ គឺជាពេលវេលានៃការ ដកការអនុគ្រោះពន្ធ EBA ជាផ្លូវការដោយមានការកំណត់ថេរវេលានៃការដកការអនុព្រោះពន្ធនេះ ។
សហភាពអឺរ៉ុប មានគោលដៅធ្វើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស អនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ។ បើមានការដកការអនុគ្រោះពន្ធមែននោះគឺកម្ពុជាត្រូវបង់ខាតប្រាក់ជិត៧០០លានដុលា្លរក្នុងមួយឆ្នាំៗ។
តើកម្ពុជាការឆ្លើយតបទៅសហភាពអឺរ៉ុបដូចម្ដេចខ្លះ ?
ក្រោយការប្រកាសរបស់សហភាពអឺរ៉ុប ក៏កម្ពុជាបានឆ្លើយតបជុំវិញបញ្ហានេះផងដែរ ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់លើទំព័រហ្វេសបុកថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ ។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបង្ហាញពីការតាំងចិត្ត និងជំហរ ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិពលរដ្ឋទាំងអស់ ស្របតាមគុណតម្លៃ និងប្រពៃណីនៃកម្ពុជា ។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្ដែងអំណរអរគុណចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងសហភាពអឺរ៉ុបកន្លងមក ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បង្ហាញពីការខកចិត្តចំពោះសហភាពអឺរ៉ុប ដែលចាប់ផ្ដើមដំណើរការវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បណ្ដោះអាសន្នពីកម្ពុជា ។
ស្ថាប័នមួយនេះបញ្ជាក់ថា ការសម្រេចនេះ គឺផ្នែកទៅលើទិដ្ឋភាពនយោបាយនៅពីក្រោយ ។ យ៉ាងណា កម្ពុជាគោរពទៅតាមឆន្ទៈពលរដ្ឋដែលចូលរួមបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដា រហូតដល់ទៅ ៨៣,២ % ក្នុងការសម្រេចជ្រើសរើសតំណាងរបស់ខ្លួន ។
ជាងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងសេចក្ដីសម្រេចនេះរបស់សហភាពអឺរ៉ុបផងដែរ ។
ជាក់ស្ដែង ក្រសួងមួយនេះ បានបង្ហាញពីចំណាត់ការនានាដែលបង្ការដល់បច្ច័យអវិជ្ជមានមួយចំនួនប្រសិនមានការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ នៃរដ្ឋាភិបាលអាណត្តិទី ៦ ដែលបណ្ដាក្រសួងពាក់ព័ន្ធបានធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយថ្លៃដើមផលិតកម្ម ដឹកជញ្ជូន និងលើកស្ទួយអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់កម្មករ កម្មការនី និងកសិករ និងប្រជាជនកម្ពុជាគ្រប់រូប ។
ជាងនេះទៅទៀត ក្រសួងក៏បានលុបចោលនូវការយកកម្រៃសម្រាប់គ្រប់គ្រងការនាំចេញ ដោយមិនត្រូវបង់កម្រៃ និងសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមនៃទំនិញ និងបានរំកិលទីតាំងឈរជើងរបស់នាយកដ្ឋានកាំកុងត្រូលផងដែរ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ក៏បានចេញសេចក្ដីថ្លែងការរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបចំពោះសហភាពអឺរ៉ុប។
ជាក់ស្ដែង ក្រសួងការបរទេសបានចាត់ទុកថា ការសម្រេចរបស់សហភាពអឺរ៉ុបបែបនេះ គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជាជាខ្លាំង ។
សេចក្ដីថ្លែងការណ៍នេះថា សហភាពអឺរ៉ុបមិនអើពើរចំពោះវិធានការជាក់ស្ដែង និងវឌ្ឍនភាពដែលអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ។
ក្រសួងការបរទេសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់ និងប្ដេជ្ញាចិត្ត ក្នុងការអនុវត្តអនុសញ្ញាស្នូលទាំង ១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេលក្ខខ័ណ្ឌក្នុងការបន្តផ្ដល់ការអនុគ្រោះពន្ធ EBA ។
ជាងនេះទៅទៀត ក្រសួងនេះបញ្ជាក់ថា គណៈកម្មការអឺរ៉ុបធ្វើសកម្មភាពដោយមិនមានភាពស្មោះត្រង់ និងយុត្តិធម៌នោះទេ ។ ពោលគឺគណៈកម្មការនេះ មិនក្រឡេកមើលប្រទេសដទៃទៀត មិនបានអនុត្តពេញលេញតាមលក្ខខ័ណ្ឌដែលទទួលបានការអនុគ្រោះពន្ធប្រភេទនេះនោះឡើយ ។
សេចក្ដីថ្លែងការនេះបញ្ជាក់ថែមទៀតថា ការសម្រេចរបស់សហភាពអឺរ៉ុបបែបនេះ ធ្វើឡើងដោយគ្មានការពិចារណា ទៅលើជោគវាសនារបស់កម្មករ កម្មការនី នៅកម្ពុជាជិតមួយលាននាក់ និងមិនគិតពីផលប្រយោជន៍នៃបណ្ដាសមាគមធុរកិច្ចរបស់អឺរ៉ុបនៅកម្ពុជានោះទេ ។ យ៉ាងណា កម្ពុជា នៅតែបន្តពង្រឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិការងារ ហើយក៏ប្ដេជ្ញាចិត្តថា ការពារសន្តិភាព ស្ថិរភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាឱ្យបានជាដាច់ខាត ។
បណ្ដាអ្នកជំនួញធំៗនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ទៅសហភាពអឺរ៉ុបផងដែរ ដោយបញ្ជាក់ឱ្យពិចារណាឡើងវិញ ព្រោះនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាខ្លាំង បើមានការព្យួរការអនុគ្រោះពន្ធនេះមែននោះ ។
តើអ្នកវិភាគមានទស្សនៈបែបណា ចំពោះការឆ្លើយតបពីកម្ពុជា ?
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា សហភាពអឺរ៉ុប ងាយក្នុងការដកការអនុគ្រោះពន្ធពីកម្ពុជា ព្រោះការដកនេះ មិនមែនលុះតា្រតែទទួលបានសម្លេងឯកភាពគ្នាទាំងអស់នៃរដ្ឋជាសមាជិកនោះទេ តែគឺគ្រាន់តែសម្លេង ៥០ +១ គឺគ្រប់គ្រាន់ហើយ ។
អ្នកវិភាគរូបនេះបញ្ជាក់ទៀតថា ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធនាំទំនិញចូលសហភាពអឺរ៉ុប នោះការព្យាករថាកម្ពុជានឹងមានចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ នោះគឺមិនអាចទៅរួចនោះទេ ។
លោកឯម សុវណ្ណារ៉ា ថាជាការល្អដែលរាជរដ្ឋាភិបាលលើកឡើងអំពីឯករាជ្យ អធិបតេយ្យភាព បូរណភាពកម្ពុជាដោយមិនដោះដូរជាមួយនឹងជំនួយបរទេស ។ តែលោកបញ្ជាក់ថា ការអនុគ្រោះពន្ធ EBA នេះមិនពាក់ព័ន្ធនឹងករណីនេះទេ ។
លោក ឯម សុវណ្ណារ៉ា ៖
តើអ្នកតាមដានព័ត៌មានលើបណ្ដាញសង្គមហ្វេសបុកមានមតិយោបល់បែបណា ជុំវិញករណី EBA ?
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បានដាក់ការចាប់អារម្មណ៍ទៅលើករណីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាជាខ្លាំង ។
អ្នកប្រើប្រាស់ហ្វេសបុកម្នាក់ឈ្មោះថា Bong Rath សរសេរបញ្ចេញមតិយោលក្នុងប្រអប់ខុមិនថា «កុំទៅខ្វល់ដកឲស្រលះទៅ មែនខាតកម្មករឯណា គឺខាតប្រយោជន៍ថៅកែចិនសោះហ្នឹង!» ។
ហ្វេសបុកម្នាក់ទៀតឈ្មោះថា Yuth បានសរសេរថា «ខ្លួនមានកំហុសមិនព្រមកែខ្លួន បែរជាស្ដីបន្ទោសអោយគេថា ដាក់សម្ពាធមកលើខ្លួនទៅវិញ។ ភាពមានះរឹងរួស អាត្មានិយម នឹងធ្វើអោយខ្លួនអន្តរាយ ស្ដាយក្រោយ និង មានវិប្បដិសារី »។
ដោយឡែក គណនីហ្វេសឈ្មោះថា Nak Soriyano បញ្ចេញយោបល់ថា «ចាំមើលតែដកEBAហើយកម្ពុជាមិនស្លាប់ ចឹងពួកអមិត្តទាំងអស់ រួមទាំងអាមេរិក មិនខុសពីអាចម៏គោមួយដុំនៅតាមផ្លូវត្រូវឡានកិននោះទេ ។អស់ពីEBAតើនៅមានស្អីទៀតពួកជាតិសាសន៏ដ៏ពិសពុលទាំងឡាយ មកគាបលើកម្ពុជាទៀត »។
ឈ្មោះ សេង ទី បានសរសេរជាការដាក់បន្ទុកនេះទៅលើលោក សម រង្ស៊ី ។ ជាក់ស្ដែង លោក សរសេរថា « ដកក៏ដកទៅ… សមរង្ស៊ី អ្នកឯងត្រូវចាំទុកទង្វើរបស់អ្នកឯងមួយនេះ» ។
លោក Harry W. Harris សរសេរថា «បើក្រហើយម្តេចឡើយមិនធ្វើឲ្យគេអាណិត??? ម៉ាត់ណាក៏ឯករាជ្យ ម៉ាត់ណាក៏អធិបតេយ្យ ចំណែកចិនលុកលុយពេញស្រុក នេះជាអ្វីដែរ? តើសម្តែងការសោកស្តាយបានប្រយោជន៏ស្អី បើគ្រប់ពេលស្រែកកោកៗ ជំហរអួតក្អេងមិនដែលទទួលស្គាល់ថាខ្លួនក្រផង។ កុំភ្លេចថាប្រសិនបើសហភាពអឺរ៉ុបអនុវត្តន៏គោលការណ៏នេះពេញទំហឹង រោងចក្រកាត់ដេរមួយចំនួនធំច្បាស់ជាវេចបង្វិចចាកចេញហើយ » ។
អ្នកមួយចំនួនទៀត បានចោទសួរ អំពីការសន្យារបស់បារាំងដែលជួយទប់ទល់ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។
សូមបញ្ជាក់ថា កម្ពុជា នឹងចំណាយទៅលើប្រាក់ពន្ធប្រមាណជា ៧០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ប្រសិនបើសហភាពអឺរ៉ុបយកពន្ធពីកម្ពុជាជាស្ថាពរ ៕
អត្តបទដោយ៖ សោម លាភ