ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនចុះផ្សាយជាបន្ទាន់នៅថ្ងៃទី ១២ កុម្ភៈ ដោយគាំទ្សហភាពអឺរ៉ុប អនុវត្តវិធានការដកការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងពីអាវុធEBA ពីកម្ពុជា ដែលស្ថានទូតរបស់ប្រទេសមហាអំណាចនេះ ចាត់ទុកសហភាពអឺរ៉ុបអនុវត្តដូចនេះ ថាកំពុងតែ រុញកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
នេះ ជាការចាប់ផ្ដើមចាត់វិធានការដំណាក់កាលទី ២របស់សហភាពអឺរ៉ុប លើការដកការអនុគ្រោះពន្ធពីកម្ពុជា ។
តាមការចុះផ្សាយនេះ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាថា អាមេរិក មានកង្វល់ដូចសហភាពអឺរ៉ុបផងដែរ ។
ការព្រួយបារម្ភរបស់ប្រទេសប្រជាធិបតេយ្យធំៗនេះ គឺទាក់ទងនឹងការរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិ សិទ្ធិការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជាសេរីភាពរបស់អង្គការ និងសមាគម ។
ស្ថានទូតប្រទេសមហាអំណាចនេះ បញ្ជាក់តាមការកត់សម្គាល់របស់ខ្លួនថា ការផ្អាកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជានេះ គឺដោយសារតែកម្ពុជាមានការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ ។
សហរដ្ឋអាមេរិក បានអំពាវនាវតាមរយៈសេចក្ដីថ្លែងការណ៍នេះ ដោយឱ្យថ្នាក់ដឹកនាំកម្ពុជា ស្ដាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា ។
មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏អំពាវនាវឱ្យមានការទម្លាក់បទចោទប្រកាន់លោក កឹម សុខា និងការចោទប្រកាន់ផ្សេងៗទៀត ដែលប្រទេសមហាអំណាចមួយនេះថា ជាចោទប្រកាន់តាមទំនើងចិត្ត ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ។
សហរដ្ឋអាមេរិក ក៏សុំឱ្យមានការអនុញ្ញាតអោយសហជីព អង្គការ សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិតដោយមិនត្រឹមត្រូវ ។
អាមេរិក ក៏បានរំលឹកដល់ថ្នាក់ដឹកនាំកម្ពុជាថា នៅមានឱកាសដើម្បីបញ្ចៀសនូវការដកការអនុគ្រោះពន្ធ EBA ដែលប្រទេសនេះថា ជាការគេចចេញពីផលវិបាកអវិជ្ជមាន ផ្នែកសេដ្ឋកិច្ចនៃកម្ពុជា ។
ប្រទេសមហាអំណាចមួយនេះ សុំឱ្យមេដឹកនាំកម្ពុជាតម្កល់សុខុមាលភាពរបស់ប្រទេស អោយខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ ។
កាលពីម្សិលមិញ សហភាអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានជាចំហ និងជាផ្លូវការមួយ មកកាន់ភាគីកម្ពុជា អំពីការចាប់ផ្ដើម អនុវត្តដំណើរនៃការដកអនុគ្រោះពន្ធ EBA ក្នុងដំណាក់កាលទី២ ពីកម្ពុជាដោយចាប់ចូលជាធរមានចាប់ពីថ្ងៃទី ១២កុម្ភៈនេះ ដែលអាចនាំទៅរកការដកការអនុគ្រោះពន្ធពីកម្ពុជាជាបណ្ដោះអាសន្ន ។
លោកស្រី Cecilia Malmström ស្នងការនៃគណៈកម្មាការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម បញ្ជាក់ថាទោះជាមាននៅដំណាក់ម្ដងទៀតក្ដី ប៉ុន្តែទ្រនិចនាឡិកាកំពុងដើរហើយ គឺនៅសល់ពេលវេលាដែលត្រូវចាត់វិធានការតែប៉ុណ្ណោះ ។
តាមសេចក្ដីប្រកាសនេះ គឺរយៈពេល ៦ខែទៀត ជាពេលវេលាតាមដាន និងវាយតម្លៃជាក់ស្ដែង ហើយរយៈពេល ៣ខែម្ដង គឺសហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃដំណើរការវិវត្តនៅកម្ពុជា ។
សូមជម្រាបថា រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបបានព្រមព្រៀងជាផ្លូវការតាមសំណើរបស់គណៈកម្មាការអឺរ៉ុបដែលសុំអោយដាក់ដំណើរការដកការអនុគ្រោះពន្ធEBA កាលពីថ្ងៃទី ២៩ មករា ឆ្នាំ២០១៩ ។
ការដកការអនុគ្រោះពន្ធពីកម្ពុជា ដោយសហភាពអឺរ៉ុប នឹងធ្វើឱ្យកម្ពុជាចំណាយលើការនាំចូលទំនិញទៅទីផ្សារនៃប្រទេសដែលជាសមាជិកនៃសហភាពនេះប្រមាណជា ៧០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ៕
អត្តបទដោយ៖ សោម លាភ