ភ្នំពេញ៖ លោក សម រង្ស៊ី បានសរសេរសារព្រមានជនជាតិចិនដែលមកវិនិយោគនៅកម្ពុជា ឱ្យប្រយ័ត្នចំពោះការងើបឈររបស់ប្រជាពលរដ្ឋខ្មែរដោយសារតែទ្រាំនឹងទង្វើរបស់ជនជាតិនេះមិនបាន ។ អ្នកនាំពាក្យបក្សកាន់អំណាចថា សម្ដីបែបនេះ ជាសម្ដីញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍
តាមការចុះផ្សាយនូវសារព្រមានរបស់លោក សម រង្ស៊ីនេះ ធ្វើឡើងស្របពេលដែលជនជាតិចិនមានវត្តមាននៅកម្ពុជាកាន់តែច្រើនឡើងៗ តាមរយៈក្រុមហ៊ុនរបស់ពួកគេមកវិនិយោគនៅកម្ពុជា។
លោក សម រង្ស៊ី ប្រាប់ទៅជនជាតិចិនតាមរយៈសំណេរនោះ ដោយឱ្យជនជាតិចិន ទាំងអ្នកវិនិយោគ និងអ្នកអន្តោប្រវេសន៍ ឬអ្នកទេសចរណ៍ក្ដី ដែលមានវត្តមាននៅកម្ពុជា ត្រូវដឹងថា ស្ថានការណ៍នយោបាយ នៅកម្ពុជា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ ។
លោកថា ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែប្រជាជនកម្ពុជា ចង់មានការផ្លាស់ប្ដូរការដឹកនាំនៅប្រទេសនេះ ។
ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ បន្ថែមទៀតថា ជនជាតិចិនទាំងអស់ត្រូវដោះស្រាយបញ្ហាដែលពួកគេបានបង្កឡើង។ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិចិនត្រូវប្រគល់សងឱ្យម្ចាស់ដើមវិញ នូវដីធ្លីដល់ពលរដ្ឋកម្ពុជាទាំងអស់ ត្រូវបិទបនល្បែងស៊ីសង កុំឱ្យមាននូវក្រុមចោរម៉ាហ្វៀ ជនពាលកាប់ចាក់ ដែលពួកគេបាននាំមកជាមួយនឹងការវិនិយោគ និងសកម្មភាពផ្សេងៗទៀតរបស់ពួកគេ ។
លោកសម រង្ស៊ី បញ្ជាក់ទៀតថា ប្រជាជនកម្ពុជាមានការក្ដៅក្រហាយចំពោះទង្វើដែលជនជាតិចិននោះបានធ្វើ ទើបលោក អំពាវនាវឱ្យមានការបញ្ឈប់នូវទង្វើដែលបំពានទាំងនោះ, ឈប់ព្រហើន និងចេះសម្ដែងការគោរពចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក ។
លោកបន្ថែមថា បើជនជាតិចិនមិនឈប់គឺអំពើចលាចលដល់សង្គម និងសណ្ដាប់ធ្នាប់កម្ពុជា ពួកគេអាចនឹងប្រឈមមុខពីការផ្ទុះកំហឹង ពីសំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍នយោបាយថ្មី នឹងកើតមានឡើងក្នុងឆ្នាំ ២០១៩ នេះ ។
លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ១១ កុម្ភៈនេះថា អ្នកនយោបាយគួរតែកុំបង្ហាញនូវភាពអំណួត ដែលការណ៍នេះអាចប៉ះពាល់ដល់អ្នកវិនិយោគទុនដែលមកវិនិយោគនៅកម្ពុជា ។
លោកបណ្ឌិតបន្ថែមថា អ្នកនយោបាយគួររកដំណោះស្រាយបញ្ហាផ្សេងៗ ដើម្បីកម្ពុជាបានផលចំណេញសម្រាប់ប្រជាជាតិនេះ ។
យ៉ាងណា លោកបណ្ឌិតថា ស្ថានភាពនៅកម្ពុជាបច្ចុប្បន្នមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ បង្ហាញការព្រួយបារម្ភចំពោះចំណាត់ការរបស់អាជ្ញាធរកម្ពុជាទៅលើប្រជាជនកម្ពុជា ហើយលោក ក៏បានប្រៀបធៀបជាមួយនឹងចំណាត់ការវៀតណាមទៅលើប្រជាជនខ្លួនកាលពីមានព្រឹត្តិការណ៍ជនជាតិនៃប្រទេសនេះ ប្រឆាំងទៅនឹងជនជាតិចិន ។
លោក បណ្ឌិតបន្ថែមថា បើសិនជាមិនមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាទេ នោះពលរដ្ឋកម្ពុជាអាចនឹងមានការប្រឈមជាមួយនឹងជនជាតិចិននៅថ្ងៃណាមួយ ។
យ៉ាងណា លោកបណ្ឌិត មាស នី ថាការចូលមកវិនិយោគពីជនជាតិចិននៅកម្ពុជា ពិតណាស់គឺមានផលចំណេញដល់កម្ពុជា ។ តែអ្វីដែលសំខាន់ គឺផលប្រយោជន៍កម្ពុជា ដែលលោកបណ្ឌិតថា មិនមានការដឹងច្បាស់ទេថា ជនជាតិចិនមកវិនិយោគនៅកម្ពុជា គឺគ្រាន់តែវិនិយោគយកផលចំណេញ ដោយមិនសម្លឹងឃើញឱកាសយកកម្ពុជាធ្វើជាភូមិសាស្ត្រនយោបាយរបស់ខ្លួន ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈនេះថា លោកសម រង្ស៊ី គ្មានតួនាទីអ្វីនិយាយបែបនេះទេ ។ លោកបន្ថែមថា សម្ដីបែបនេះផ្ទុកទៅអត្តន័យនៃការរើសអើងជាតិសាសន៍ ។
យ៉ាងណា រដ្ឋាភិបាលកម្ពុជាធ្លាប់ប្រកាសឱ្យពលរដ្ឋកម្ពុជាកុំបាច់មានការព្រួយបារម្ភចំពោះវត្តមានជនជាតិចិន ព្រោះពួកគេមកវិនិយោគដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះនៅពេលដែលជាប់កិច្ចការ ពួកគេនឹងទៅប្រទេសគេវិញ ។
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្មីៗនេះ បានច្រាន់ចោលព៏ត៌មានដែលថា ពលរដ្ឋចិន និងអ្នកវិនិយោគចិន មកកម្ពុជាមានផែនមករស់នៅជាអចិន្ត្រៃយ៍។ សម្ដេចថា ពួកគេមកដើម្បី ជួយបំពេញធនធានមនុស្សដែលកម្ពុជានៅខ្វះតែប៉ុណ្ណោះ។
យ៉ាងណា ពលរដ្ឋកម្ពុជា និងអ្នកវិភាគ គិតថាក្រុងព្រះសីហនុអាចនឹងក្លាយជាម៉ាកាវទីពីរ បើ អនាគតចំនួន កាសស៊ីណូកើនឡើង មិនឈប់៕
អត្តបទដោយ៖ សោម លាភ