en     km
en     km

វិភាគ៖ទំនាក់ទំនងអាមេរិក-វៀតណាមឡើងដល់កំរិតខ្ពស់បំផុតខណៈក្រុងហាណូយជាម្ចាស់ផ្ទះ ជំនួបកំពូលលោកត្រាំ និង​គីមជុងអ៊ុន

Share

ប៉ូលអាស៊ីអាគ្នេយ៍នៅពេលនេះបានក្លាយជាទីចាប់អារម្មណ៍របស់មហាអំណាចជាខ្លាំង។ អស់ពីសឹង្ហបុរី ដែលគេឃើញថា ចំណេញទាំងនយោបាយ សេដ្ឋកិច្ចពីជំនួបកំពូលរវាងត្រាំ និង​គីមជុងអ៊ុងកាលពីខែមិថុនាឆ្នាំទៅមិញគឺ ឥលូវនេះវៀតណាម។ រដ្ឋសង្គមនិយមនេះជាប្រទេសឧស្សាហកម្មលោតផ្លោះ  បានក្លាយជា​ភូមិសាស្រ្ដនយោបាយសម្រាប់ប្រទេសឈានមុខគេក្នុងតំបន់ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃ​ជំនួបកំពូល​រវាង​មេដឹកនាំ ប្រទេសបិតាប្រជាធិបតេយ្យ និង ប្រទេសដែលតែងតែធ្វើឱ្យពិភពលោកភ័យខ្លាច។

គេសង្កេតឃើញថា មេដឹកនាំអាមេរិកប៉ុន្មាននាក់ចុងក្រោយនេះ មានគោលនយោបាយការបរទេស យ៉ាងប្រសើរជាមួយនឹងប្រទេសវៀតណាម។ក្នុងន័យនេះគឺរឹតតែជឿជាក់ថាជំនួបកំពូលរវាងលោកត្រាំ និង​គីមជុងអ៊ុន ជាដំណើរស្វែងរកសន្តិភាពពិភពលោកនេះ បានធ្វើឱ្យទំនាក់ទំនងមហាអំណាចអាមេរិក និង វៀតណាមឈានទៅដល់ចំណុចពិសេសនៃប្រវត្តិសាស្ត្របន្ទាប់ពីអតីតសត្រូវនៃសង្ត្រាម​ត្រជាក់មាន​ទំនាក់​ទំនង​ការ​ទូតជាមួយគ្នាឡើងវិញ។

សូមស្ដាប់ការប្រែសម្រួល របស់កញ្ញា ឆោមពៅនិកាដូចតទៅ៖

 

បន្ទាប់ពីអាមេរិកជ្រើសរើសប្រទេសមួយដែលមានមេដឹកនាំលេចធ្លោជាច្រើនជាអ្នកជួយគូសវាសតម្លៃអាស៊ីគឺសឹង្ហបុរីធ្វើជាទីជំនួបកំពូលរវាងលោកត្រាំ និង​គីមជុងអ៊ុនកាលពីខែមិថុនាឆ្នាំទៅមិញ ពេលនេះសឹង្ហបុរីបានបង្ហាញភាពជាគម្រូដល់ប្រទេសវៀតណាមដែលជាមិត្តក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឱ្យមាន ឱកាស និង សមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចបានក្លាយជាម្ចាស់ផ្ទះសម្រាប់ស្វាគមន៍កិច្ចចរចាលើកទីពីរអំពីកម្មវីធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

ថ្ងៃទី២៧- ២៨ខែកុម្ភៈនេះ វៀតណាម ត្រូវបានជ្រើសរើសជាទីតាំង ជំនួបអន្ដរជាតិរវាងប្រធានាធិបតីអាមេរិក លោកត្រាំ និង បុរសខ្លាំងកូរ៉េខាងជើង គីមជុងអ៊ុនន។ ចាប់ពីពេលនេះទៅវៀតណាមត្រូវរៀបចំខ្លួនស្វាគមន៍មហាមិត្តនិងមិត្តមហាអំណាចរបស់ខ្លួនហើយមាន គោលបំណងធ្វើឱ្យមេដឹកនាំទាំងពីរមានសុវត្ថិភាពរកដំណោះស្រាយសន្ដិសុខ និង សុវត្ថិភាពជូនពិភពលោក ។ការណ៍នេះមជ្ឈដ្ឋានអន្ដរជាតិរំពឹងថា កូរ៉េខាងជើងនឹងព្រមព្រៀងបញ្ចប់ឱ្យបាននូវការគម្រាមកំហែងសកលលោកដោយអំនួតអាវុធនុយក្លេអ៊ែរ។

ខណៈនេះ បានក្លាយជាព័ត៌មានផ្លូវការដែលមានការចុះផ្សាយព្រោងព្រាតតាមគេហទំព័រព័ត៌មាននានា គឺរដ្ឋបាលក្រុងវ៉ាស៊ីនតោន ក្រោមអធិបតីភលោកត្រាំបានសម្រេចថា គាត់នឹងទៅជួបលោកគីម នៅក្នុងកិច្ចប្រជុំពីរថ្ងៃនាចុងខែកុម្ភៈនៅឯប្រទេសវៀតណាមដើម្បីបន្ដព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។ លោកត្រាំថែមទាំង ជំទើតចិត្តទៀតថា បើគាត់មិនបានជាប់ឆ្នោតទេ ម្ល៉េះសង្គ្រាមរវាងប្រទេសអាមេរិក និង កូរ៉េខាងជើងកើតមានជាមិនខាន ហើយ១៥ខែហើយមកដល់ពេលនេះ ដែលកូរ៉េមិនបានបង្ហោះអាវុធនុយក្លេអ៊ែរគម្រាមកំហែងអ្វីនោះទេ។

បុរសខ្លាំងទាំងពីររូបនេះ បានជួបចរចាគ្នាម្ដងហើយកាលពីខែមិថុនានៅឯប្រទេសសឹង្ហបុរីក៏ប៉ុន្ដែនេះគ្រាន់តែជាជំហានដំបូងដែលមានសភាបប្រែប្រួលតិចតួចគឺ កាលនោះលទ្ធផលនៃជំនួបគឺមានតែការយល់ព្រមដើម្បីបញ្ជាក់លម្អិតអំពីកិច្ចព្រមព្រៀងមួយសម្រាប់ការចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ហើយអាមេរិក បានផ្អាកការធ្វើសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូងផងដែរ។

វៀតណាមបានឆ្មក់យកឱកាសដ៏កម្រនេះបង្ហាញទៅកាន់ពិភពលោកថា មិនដឹងមានប៉ុន្មានទសវត្សប៉ុន្មានដងទេដែលប្រទេសមួយអាចឈរជើងជាមូលដ្ឋានសន្ដិភាពនៃការស្វាគមន៍ការសម្របសម្រួលពិភពលោក ព្រោះសេចក្ដីសម្រេចលើកនេះបានធ្វើឱ្យវៀតណាមយកឈ្នះទាំងប្រទេសជើងខ្លាំងអាស៊ីមួយរូបគឺថៃដែលបានដាក់ពាក្យតែត្រូវបានបដិសេធ។

គេសង្កេតឃើញថាទឡ្ហីករណ៍មួយចំនួនដែលរឹងមាំបានស្ថិតក្នុងការសម្រេចចិត្តរបស់អ្នកផ្ដើមគំនិតស្វែងរកសនិ្តភាពគឺអាមេរិក។ តែអ្វីដែលជាការកត់សម្គាល់នោះ គឺអាមេរិក​និង វៀតណាម​បានបង្កើតឱ្យមានចំណង​ព្រឹត្តិការណ៍សំខាន់ជាច្រើន គឺក្នុងគោលដៅពង្រីកទំហំនៃការធ្វើទំនាក់ទំនងរបស់ប្រទេស​ទាំង​ពីរ បានឈានដល់ចំណុចកំពូលនៃប្រវត្តិសាស្ត្រដំបូងបន្ទាប់ពីអតីតសត្រូវនៃសង្ត្រាម​ត្រជាក់មាន​ទំនាក់​ទំនង​ការ​ទូតជាមួយគ្នាឡើងវិញនៅឆ្នាំ១៩៩៥។

អាមេរិកវៀតណាមចង់កែប្រែប្រវត្តិសាស្រ្ដខ្លួន

វៀតណាមនិងអាមេរិកមានប្រវត្តិសាស្រ្ដអាប់អួរជាមួយគ្នា ក្នុងអំឡុងទសវត្សទី៦០- ៧០ ហើយប្រវត្តិសាស្រ្ដនេះបានកត់ត្រានូវភាពអាម៉ាសរបស់សហរដ្ឋអាមេរិកដែលជាមហាអំណាចបែរជាចាញ់ក្រាបកូនជឹងសហភាពសូវៀតកាលគ្រានោះ។

តែយ៉ាងណាក្រោយពីសង្គ្រាមត្រជាក់បានបញ្ចប់ អ្នកណាដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកត្រូវបានគេរកឃើញគឺអាមេរិក។ដើម្បីកសាងប្រទេសជាតិ គឺ នៅឆ្នាំ១៩៨៦ វៀតណាមបានកែប្រែប្រព័ន្ធសេដ្ឋកិច្ចផែនការរបស់ខ្លួនទៅកាន់លំហទីផ្សារសេរី ។ នៅទីបំផុតអាមេរិកក៏សំឡឹងមកវៀតណាមម្ដងទៀត នាំឱ្យុ​ក្រុង​ហាណូយ​និងក្រុងវ៉ាស៊ីនតោន ភ្ជាប់ឡើងវិញ ទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៥ពោល​គឺក្រោយ​ពីសហភាពសូវៀតចៅហ្វាយរបស់វៀតណាម ដួលរំលំ។

នៅដើមទសវត្សទី២១ មេដឹកនាំអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកប៊ីលឃ្លីតុន  បានកសាងប្រវត្តិសាស្រ្ដដោយធ្វើទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងលើទឹកដីដែលជោគជាំដោយឥទ្ធិពលសង្គ្រាមត្រជាក់ និង ធ្លាប់ ហើយដែល ២៥ឆ្នាំមុនជាសមរភូមិស្លាប់យ៉ាងរង្គាលនៃកងទ័ពប្រទេសទាំងពីរ។  

មកដល់ ឆ្នាំ២០១២  គឺកិច្ចការពារបូរណភាពទឹកដីបានក្លាយជាឧបករណ៍ដែលនាំឱ្យវៀតណាមកែប្រែអត្តចរិតខ្លួនទ្វេដង បានសុំកៀកស្មាចងមិត្តភាពនឹងអាមេរិកដើម្បីរក្សាផលប្រយោជន៍ខ្លួនក្នុងវិវាទសមុទ្រចិនខាងត្បូងដែលក្រុងហាណូយត្រូវប្រឆាំងនឹងអ្នកជិតខាងមហាយក្សចិន  ជាប្រទេសតែមួយគត់ គម្រាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតវៀតណាម។

 ក្នុងអាណត្តិលោកអូបាម៉ា អាមេរិក និង វៀតណាមបានចងក្រងនូវកិច្ចសហប្រតិបត្តិការដៃគូអន្ដរប៉ាស៊ីហ្វិក ហើយពីពេលនោះមក ឃើញថា ទំនាក់ទំនងប្រទេសទាំងពីរធ្វើឱ្យមានបម្រែបម្រួលភូមិសាស្រ្ដនយោបាយអាស៊ីបន្ដិចម្ដងៗ ពោលគឺឆ្នាំ២០១៥ ទំព័រប្រវត្តិសាស្រ្ដនៃទំនាក់ទំនងប្រទេសទាំងពីរមានរូបភាពរស់រវើកនិង ស្រស់បំព្រងកាន់តែខ្លាំង។

អាមេរិក បង្ហាញទៅកាន់ចិនថាវៀតណាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ និង មានឥទិ្ធពល

ថ្វីបើវៀតណាម និង​ អាមេរិកមានប្រវត្តិសាស្រ្ដឈឺចាប់នឹងគ្នាក្ដី តែពេលនេះ អាមេរិកបានបង្ហាញជាឱឡារិកថា វៀតណាមកំពុងស្ថិតក្នុងក្រសែភ្នែក របស់អាមេរិក គឺជាមិត្តជិតស្និមានឥទ្ធិពលនិងទុកចិត្តបានលើទំនាក់ទំនងសេដ្ឋកិច្ចនិងការពារជាតិជាពិសេស ដែលខុសពីចិន មានចរិតពុតត្បុតទុច្ចរិតក្នុងវិស័យ ពាណិ​ជ្ជកម្ម។  

ក្រៅពីប្រាប់ទៅចិនថា វៀតណាមមានភាពខុសប្លែក  ក៏អាមេរិកចង់បញ្ជាក់មួយចំណុចទៀតថា ចិននឹងមិនមានឥទ្ធិពលនយោបាយ ឬ អាចមានលទ្ធភាពធ្វើទុក្ខបុកម្នេញផ្នែកសន្ដិសុខ ឬ អធិបតេយ្យភាពច្រើន​ឡើយលើវៀតណាម ។  អំណឹះតទៅ ចិនត្រូវច្បាស់ថា នៅក្បែរវៀតណាមគឺមានអាមេរិក ហើយ​វៀត​ណាម ​មិនមែនជារដ្ឋកុម្មុយនីស្ដសុទ្ធសាធដូចមុនទៀតទេ គឺប្រទេសមួយនេះមានអាមេរិកជាខ្នងបង្អែក។

វៀតណាមជារដ្ឋមានស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចក្នុងតំបន់ ល្អជាងគេ

បាងកកនឹងមានការបោះឆ្នោតនៅពេលឆាប់ៗនេះ ម៉ាឡេស៊ីកំពុងតែមានភាពតានតឹងជាមួយចិន​ កម្ពុជា កំពុងស្ថិតក្នុងប៉ូលនយោបាយឆ្វេងទៅរកចិន ។ តែសម្រាប់វៀតណាជារដ្ឋកុំម្មុយនីស្ដឯកបក្ស អាចគ្រប់គ្រងស្ថេរភាពនយោបាយបានតឹងរឹង និង មានសុវត្ថិភាពគ្រប់គ្រាន់ក្នងនាមជា រដ្ឋអធិបតេយ្យពេញលេញ មួយ។

ប្រទេសនេះធ្លាប់ បានបង្ហាញខ្លួនឱ្យអន្ដរជាតិឃើញម្ដងរួចមកហើយនៅពេលដែលខ្លួនបានទទួលផ្លែផ្កាវិជ្ជមានក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិចAPEC  នៅខេត្តជាប់ឆ្នេរ ដាណាងកាលពី ឆ្នាំមិញ។

អ្នកជំនាញសិក្សាយុទ្ធសាស្រ្ដអន្ដរជាតិប្រចាំវិទ្យាស្ថានមួយក្នុងវ៉ាស៊ីនតោន លោក Murray Hiebert អះអាងថា វៀតណាមដូចនឹងសឹង្ហបុរី ដែលជាទីតាំងប្រកបដោយសុវត្ថិភាព។ តែលោក ថាវៀតណាម  អាចរារាំងមិនឱ្យហ្វូងមហាជនចង់ដឹងចង់លឺពេក និង ជាពិសេសគឺជាទីតាំងដែលអ្នកកាសែតត្រូវបានគេបញ្ចៀសព្រោះទីនោះលំហសេរីភាពសារព័ត៌មានរួមតូច តែសុចរិត និង អព្យាក្រឹត្យ គឺ អាមេរិក​និង កូរ៉េខាងជើងអាចទុកចិត្តចំពោះការសម្ងាត់នៃជំនួបកំពូល។

អាមេរិកលើកកិត្តិយសវៀតណាម ដោយបង្ហាញភាពជាគម្រូរបស់ប្រទេសនេះទៅកាន់កូរ៉េខាងជើង

ធ្វើជាមិត្តនឹងមនុស្សពូកែម្នាក់ អ្នកត្រូវតែវាងវៃនិង​បត់បែន ។សម្រាប់អាមេរិកមិនមែនជាប្រទេសដែលងាយនឹងផ្ដល់សេចក្ដីទុកចិត្តឱ្យនរណាម្នាក់នោះទេ ហើយវៀតណាមក៏ដូចគ្នាដែរ។ តែក្នុងដំណាក់កាលនេះ វៀតណាមបានក្លាយជាមហាមិត្តរបស់អាមេរិកហើយ វៀតណាមត្រូវតែស័ក្កសមនឹងទទួលបានអ្វីម្យ៉ាង ពីអាមេរិក ។នេះជាការផ្ដល់កិត្តិយសដ៏សម្បើមពីអាមេរិកដែលប្រទេសដទៃទៀតសម្លឹងរកផលប្រយោជន៍នេះក៏ប្រជែងដណ្ដើមមិនទាន់បានឡើយ។

ក្រៅកិត្តិយសជាម្ចាស់ផ្ទះបើកកិច្ចស្វាគមន៍ជំនួបកំពូលរវាងត្រាំ និង គីមជុងអ៊ុន អាមេរិកបង្ហាញកូរ៉េខាងជើងនូវជម្រើសហើយជាចំណែកដើម្បីដាស់ឱ្យប្រទេសកុម្មុយនិស្តផ្ដាច់ការមួយនេះដឹងខ្លួនពីការប្រែប្រួលយ៉ាងរីកចម្រើនរបស់វៀតណាមកាលដែលវៀតណាមសាងប្រវត្តិល្អឡើងវិញនឹងអាមេរិក។ ទីតាំងនៃជំនួបនោះនឹងធ្វើឡើងនៅតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចជាខ្លាំងនាខេត្តជាប់ឆ្នេរ ដាណាង នៅកណ្ដាលតំបន់បែងចែកទឹកដីវៀតណាមខាងជើង និង ខាងត្បូងកាលពីទសវត្ស ១៩៦០-៧០។

តាមរយៈវត្តមានរបស់លោកគីមជុងអ៊ុននៅវៀតណាម គឺក្រុងវ៉ាស៊ីនតោន អាចប្រាថ្នាអោយក្រុងព្យុះយ៉ាង កែទម្រង់ការដឹកនាំរដ្ឋ ពីទីផ្សារផែនការមកទីផ្សារសេរី ដោយការផ្ដល់សេរីភាព ដល់ពលរដ្ឋខ្លួនឡើងវិញ ទាំងសេរីភាព សេដ្ឋកិច្ច សាសនា និងវប្បធម៌។

ភូមិសាស្រ្ដនយោបាយអាស៊ីអាគ្នេយ៍ស្ថិតក្នុងចក្ខុវិស័យអាមេរិក និង​ វៀតណាម

ចិនភ័យព្រួយបំផុត ! ចិនធ្លាប់ទាំងវាចាថា នរណាយកបានវៀតណាម អ្នកនោះយកបានឥណ្ឌូចិន​។ តែឧបនិស្ស័យ​ចិន និង វៀតណាមហាក់គ្មាននឹងគ្នាទេហើយ វៀតណាមក៏គ្មានផ្លូវសម្រាប់ចងសម្ព័ន្ធភាពលជ្រុលជ្រួសនឹងចិនដែរ។ ផ្ទុយទៅវិញ ចំណងមិត្តភាពរវាង វៀតណាម និង​ អាមេរិកមិនមែនបង្ហាញថា អាមេរិក មកក្ដោបក្ដាប់ សេដ្ឋកិច្ច យោធានិង សន្ដិសុខជាតិ និង កម្លាំងនយោបាយនោះទេ តែអាមេរិកអាចសាបព្រោះឥទ្ធិពលបានគឺបញ្ជាក់នូវកម្លាំងថប់ថយនៃមហាយក្សចិន ក្នុងអាស៊ី។​

ទិដ្ឋភាពនេះនឹងបង្កើតឱ្យមាន អាស៊ីអាគ្នេយ៍មានការវិវត្តភូមិសាស្រ្ដនយោបាយមិននឹងនរ និង ពិបាកប៉ាន់ស្មាន បើសិនណាអាមេរិកមកពង្រីកឥទ្ធិពលខ្លួនបានជោគជ័យ ហើយ ប្រទេសនានាក្នុងភូមិភាគអាស៊ីអាគ្នេយ៍ស្រាប់តែដោះដៃចេញអំពីចិនបណ្ដើរៗ។ នោះទំនាក់ទំនងមហាអំណាចមកកាន់អាស៊ី ទាំងផ្នែកសេដ្ឋកិច្ច យោធា និង នយោបាយ ស្ដែងតាមរយៈភាពឆ្លាតវៃ គឺអាស៊ីក្នុងកែវភ្នែកអាមេរិក និង ក្លាយជាស្រមោលរបស់អាមេរិកជាក់ជាមិនខាន ហើយវៀតណាមនឹងក្លាយជាអ្នកឈានមុខគេលើការអភិវឌ្ឍ ដើរតាមជំហានរបស់អាមេរិក ហើយក៏អាចធ្វើឱ្យអាស៊ានមានដំណើរការមួយប្រសើរឡើងតាមរយៈការជម្រុញរបស់ក្រុងវ៉ាស៊ីនតោន។

តាមរយៈជំនួបរបស់មេដឹកនាំទាំងពីរដូណាល់ត្រាំនិងគីមជុងអ៊ុន  បានក្លាយជាប្រធានបទរំជើបរំជួលមួយក្នុងតំបន់​ និងជាពិសេសលើប្រព័ន្ធផ្សព្វផ្សាយវៀតណាមដែលចុះផ្សាយព្រោងព្រាត ខណ ប្រជាពលរដ្ឋវៀតណាម បានបង្ហាញមោទនភាពចំពោះព្រឹត្តិការណ៍នេះជាខ្លាំង៕

អត្ថបទ ដោយ  ឆោមពៅនិកា

Share

ព័ត៌មានទាក់ទង

Image