ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨នេះ សត្វស្វាក្តាមជាង ១ម៉ឺនក្បាលត្រូវបាននាំចេញទៅបណ្តាលប្រទេសជឿនលឿនមួយចំនួនដើម្បីធ្វើការស្រាវជ្រាវ និងពិសោធន៍ធ្វើជាឱសថសម្រាប់ព្យាបាលមនុស្ស និងសត្វ។ ការនាំចេញនេះ បានកើនឡើងជាបណ្តាឆ្នាំមុនៗដែលមានត្រឹមតែជាង ៣ទៅ៥ពាន់ក្បាលតែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨នេះ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មសម្រាប់ឆ្នាំ២០១៨នេះបង្ហាញថា ការនាំចេញស្វាក្ដាមនៅឆ្នាំនេះបានកើនឡើងយ៉ាងខ្លាំងដែលមានចំនួនរហូតទៅដល់ជាង ១ម៉ឺនក្បាល ដោយកាលពីឆ្នាំ២០១៧មានតែត្រឹមជាង ៤ពាន់ក្បាលតែប៉ុណ្ណោះ ។
យោងតាមរបាយការណ៍នេះ មានក្រុមហ៊ុនចំនួន ៦ ដែលមានកសិដ្ឋានស្រាវជ្រាវចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមយកកូននាំចេញមានចំនួន ៧ ទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយមានស្វាក្តាមសរុបចំនួន ៥៣ ៩២៤ក្បាល។ ក្នុងនោះកូនកើតក្នុងខែ មានចំនួន ១១ ៨១៣ក្បាល ដឹកជញ្ជូនក្នុងស្រុកបានចំនួន ២១៣១ក្បាល និងនាំចេញបានចំនួន១០ ៧៦២ក្បាល។
បើតាមរបាយការណ៍រយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៨ ក្រសួងកសិកម្មបានផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសត្វព្រៃក្នុងស្រុកចំនួន ៩សន្លឹក មានសត្វក្តាមចំនួន១០៧៣ក្បាល និងផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសម្រាប់នាំចេញទៅក្រៅប្រទេសចំនួន ១៨សន្លឹក មានសត្វស្វាក្តាមសរុបចំនួន ៥០០៨។
តាមរយៈការចុះធ្វើជំរឿនសត្វស្វានៅទីសាធារណៈ និងតំបន់សួនសត្វនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ធំ កំពង់ចាម កំពង់ធំ ក្រចេះ បាត់ដំបង និងខេត្តព្រះសីហនុ ក្រសួងបានរាប់ឃើញសត្វស្វាសរុបចំនួន២៩៧០ក្បាល ក្នុងនោះមាន សត្វស្វាក្តាមចំនួន ២៧៤៣ក្បាល ស្វាត្រោសមានចំនួន២២៦ក្បាល និងស្វាព្រាមចំនួន១ក្បាល។
យោងតាមរបាយការណ៍ក្រសួងកសិកម្មដដែលឱ្យដឹងថា នៅកម្ពុជាមានកសិដ្ឋានចំនួន៦ សម្រាប់ចិញ្ចឹម និងបង្កាត់ពូជស្វាក្តាម ដើម្បីនាំចេញទៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងអូស្ត្រាលីជាដើម។ ស្វាក្ដាមត្រូវបាននាំចេញក្នុងគោលដៅ ដើម្បីសិក្សាស្រាវជ្រាវផ្នែកឱសថ មនុស្ស និងសត្វ។
អ្នកជំនាញផ្នែកសត្វព្រៃសម្តែងក្តីបារម្ភ ចំពោះការនាំចេញសត្វស្វាក្តាមទៅក្រៅប្រទេសនេះ ដែលអាចពាក់ព័ន្ធនឹងការចាប់សត្វស្វាក្តាមព្រៃមកបញ្ចូលក្នុងកសិដ្ឋាន។ អ្នកជំនាញស្នើឲ្យ ក្រសួងពាក់ព័ន្ធមានយន្តការច្បាស់លាស់ក្នុងការតាមដាន និងត្រួតពិនិត្យការធ្វើអាជីវកម្មនេះ ពីព្រោះវាអាចប៉ះពាល់ដល់ការរស់នៅរបស់ពួកសត្វស្វាក្ដាម។
កាលពីឆ្នាំ២០១០ មានពលរដ្ឋជាច្រើនបានចូលព្រៃចាប់ស្វាក្តាមព្រៃលក់ឲ្យក្រុមហ៊ុន រហូតដល់ក្រសួងកសិកម្មប្រកាសបញ្ឈប់ការទិញស្វាក្តាមព្រៃចូលក្នុងកសិដ្ឋាន។
សូមរំលឹកថា កាលពីឆ្នាំ ២០០៣ ក្រសួងកសិកម្ម បានអនុញ្ញាត ឱ្យមានការបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្តាមសម្រាប់ធ្វើការនាំចេញ។
សត្វស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម។ បើតាមក្រសួងកសិកម្មដដែល ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។