en     km
en     km

​អ្នកវិភាគ​យល់​ឃើញ​ខុស​គ្នា​ជុំវិញ​ភាព​ស្ងប់ស្ងាត់​ នៃ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចព្រះ​ នរោត្តម​ សីហ​នុ​ នៅ​ឆ្នាំ​២០១៥​នេះ​

Share

King-Sihanouk-Cover
បន្ទាប់​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចព្រះ​ នរោត្តម​ សីហ​នុ​ នៅ​ឆ្នាំ​២០១៥​នេះ​បាន​បិទ​បញ្ចប់​ដោយ​សភាព​ស្ងប់ស្ងាត់​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​  អ្នកវិភាគ​សង្គម​នៅ​កម្ពុជា​យល់​ឃើញ​    ខុសៗ​គ្នា​ ជុំវិញ​ភាព​ស្ងប់ស្ងាត់​នេះ​។​ ស្ងប់ស្ងាត់​ ពីព្រោះ​ថា​អាច​បណ្តាល​មក​ពី​ការ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចឪ​ កៀក​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ពេក​ ហើយ​មួយវិញទៀត​អាច​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ មិន​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ​។​

​ខុស​ពី​បណ្តា​ឆ្នាំ​មុនៗ​ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចព្រះ​នរោត្តម​ សីហ​នុ​ នៅ​ឆ្នាំ​២០១៥​នេះ​បាន​បិទ​បញ្ចប់​ទៅ​ ដោយ​មាន​តែ​ថ្នាក់ដឹកនាំ​កំពូលៗ​ ព្រឹទ្ធសភា​ រដ្ឋសភា​ និង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប​ ខាងកើត​វិមាន​ឯករាជ្យ​ កាលពី​ថ្ងៃ​ទី​១៥​ខែតុលា​ម្សិលមិញ​។​

​ជុំវិញ​សភាព​ស្ងប់ស្ងាត់​នេះ​ អ្នកវិភាគ​សង្គម​ លោកស្រី​ ជា​ វ​ណ្ណាត​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១៦​ខែតុលា​នេះ​ថា​ ការ​ដែល​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចព្រះ​ នរោត្តម​ សីហ​នុ​ ឆ្នាំ​នេះ​ មិន​មាន​ភាព​អធិកអធម​នោះ​ គឺ​អាច​បណ្តាល​មក​ពី​ការ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​បរម​រតន​កោដ្ឋ​ឆ្នាំ​នេះ​ កៀក​ទៅ​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ពេក​ ។​ លោកស្រី​ថា​ ការ​ដែល​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចឪ​ កៀក​ទៅ​នឹង​ពិធីបុណ្យ​ភ្ជុំ​បែប​នេះ​  គឺជា​ហេតុ​មួយ​ដែល​អាច​និយាយ​បាន​ថា​ ប្រជាពលរដ្ឋ​ជាប់រវល់​ដើរ​កម្សាន្ត​ត្រលប់​មក​ចូល​រូ​ម​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​មិន​ទាន់​ ។​ ទោះបីជា​មិន​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​កុះករ​ដូច​បណ្តា​ឆ្នាំ​មុនៗ​ក្តី​ ក៏​លោកស្រី​ ជា​ វ​ណ្ណាត​ កត់​សម្គាល់ថា​ ទឹកចិត្ត​ប្រជាពលរដ្ឋ​ នៅ​តែ​មានការ​គោរព​ស្រលាញ់​ អតីត​ព្រះ​បរម​រតន​កោដ្ឋ​ជា​និច្ច​ ។​ លោកស្រី​ ជា​ វ​ណ្ណាត​៖​ «​ការ​ដែល​មិន​មាន​ភាព​អធិកអធម​ ពីព្រោះ​លើក​មុនៗ​យើង​អត់​ធ្វើ​កៀក​ថ្ងៃ​ភ្ជុំ​ពេក​អ​ញ្ចឹ​ង​ទេ​ ដ៏​ពេល​កៀក​ថ្ងៃ​ភ្ជុំ​ម្ល៉េះ​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ រវល់​តែ​នៅ​ក្រៅ​ក្រុង​នៅឡើយ​ឬ​មួយ​ក៏​អាល័យតែ​ជួបជុំ​បងប្អូន​ ម្ល៉ោះហើយ​ការ​ដែល​នឹករលឹក​ធ្វើ​ឲ្យ​អធិកអធម​ក៏​គេ​ធ្វើ​របៀប​គេ​អ​ញ្ចឹ​ង​ទៅ​។​ អ​ញ្ចឹ​ង​ចំណុច​ដែល​ខ្ញុំ​ចង់​និយាយ​ថា​ ភាព​អធិកអធម​គ្រាន់តែ​ឃើញ​សំបក​ក្រៅ​មិន​សំខាន់​នោះ​ទេ​ សំខាន់​ទឹកចិត្ត​របស់​កូនចៅ​ ចៅទួត​ ដែល​មាន​ចំពោះ​លោក​ ហើយ​ដែរ​នឹកឃើញ​គុណូបការៈ​ ហើយ​ខិតខំ​ប្រឹងប្រែង​ដើរ​តាម​អ្វី​ដែល​លោក​បាន​ផ្តែផ្តាំ​ចាស់​!​។​

​សម្រាប់​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គមវិញ​សង្កេត​ឃើញ​ថា​ មូលហេតុ​ដែល​   ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចព្រះ​ នរោត្តម​ សីហ​នុ​ នៅ​ឆ្នាំ​នេះ​ មិនសូវ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​មាន​ភាព​អ៊ូអរ​នោះ​ គឺ​អាច​បណ្តាល​មក​ពី​ក្រសួង​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​មហាជន​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​បន្ត​ថា​ ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចព្រះ​ នរោត្តម​ សីហ​នុ​នោះ​ទេ​ នោះ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ​ និង​ព្រះមហាក្សត្រ​ក្រោយៗ​ទៀត​ធ្លាក់​ចុះ​ជាក់​ជា​មិន​ខាន​ ។​ លោក​ មាស​ នី​៖​ «​ភាព​ស្ងប់ស្ងាត់​នេះ​ ទី​១​វា​អាច​មក​ពី​រដ្ឋាភិបាល​ដែរ​ ដែល​រដ្ឋាភិបាល​មិន​ចង់​ធ្វើ​អ្វី​ដែល​ជា​ទ្រង់ទ្រាយ​ធំ​ ទី​២​ទៀត​ការ​រៀរ​ចំ​ពិធី​នេះ​ប្រហែល​មិន​បាន​ប្រកាស​អ្វី​ឲ្យ​អធិកអធម​ដូច​ពី​មុន​។​ ខ្ញុំ​គិត​ថា​វា​ពិតជា​មាន​ផល​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​ប្រជា​ពល​ចំពោះ​ព្រះករុណា​នោះ​ទេ​ វា​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​ព្រះមហាក្សត្រ​ក្រោយៗ​ទៀត​ដែរ​»​។​

​ជា​ការ​កត់សម្គាល់​ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចឪ​នៅ​ឆ្នាំ​នេះ​ នៅ​មុខ​ព្រះ​បរមរាជវាំង​ ក្បែរ​ច្រក​ចេញចូល​ មិន​មាន​សង់រោង​សម្រាប់​ឲ្យ​ប្រជារាស្ត្រ​រាប់បាត្រ​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​ ។​ រីឯ​នៅ​កន្លែង​រូបសំណាក​របស់​ព្រះ​អង្គ​ជិត​វិមាន​ឯករាជ្យ​វិញ​ ឃើញ​មានការ​ដាក់​កម្រងផ្កា​ ដែល​រៀបចំ​ដោយ​មន្ត្រី​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​។​

​សូម​រំឭក​ថា​ កាលពី​ឆ្នាំ​២០១២​ ជា​ពេល​ដែល​សម្តេចឪ​យាង​សោយ​ទិវង្គត​នោះ​ គឺ​មាន​ប្រជាពលរដ្ឋ​ យុវជន​ ព្រះសង្ឃ​ចូលរួម​ពិធីបុណ្យ​នេះ​រាប់​សែន​អង្គ​ និង​នាក់​ បាន​សម្តែង​ទុក្ខ​ក្រៀមក្រំ​ និង​ធ្វើ​ពិធី​កាន់ទុក្ខ​។​ បន្ទាប់​មក​នៅ​ពេល​គម្រប់​ខួប​លើក​ទី​១​ និង​ទី​២​ នៅ​ឆ្នាំ​២០១៣-២០១៤​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ចូលរួម​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​។​ ដោយឡែក​នៅ​ឆ្នាំ​២០១៥​នេះ​ ស្ទើរតែ​មិន​មាន​វត្តមាន​ប្រជាពលរដ្ឋ​ចូលរួម​ ខណៈ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​បាន​អូស​បន្លាយ​ជិត​១​ស​ប្តា​ហ៍​៕​

Share

ព័ត៌មានទាក់ទង

Image