ភ្នំពេញ៖ អ្នកវិភាគនយោបាយ និងសង្គមកម្ពុជា បង្ហាញការសាទរចំពោះពាក្យថាសន្តិភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា តែលោកថាពាក្យនេះមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតប្រាកដ និងពេញលេញសម្រាប់កម្ពុជានៅឡើយនោះទេ ។ ការបញ្ជាក់បែបនេះ ក្រោយពេលដែលសម្ដេច ហ៊ុន សែន បញ្ជាក់ម្ដងទៀតនៅលើទំព័រហ្វេសបុក ថាកម្ពុជាមានសន្តិភាពពេញលេញ និងប្ដេជ្ញាមិនឱ្យមានសង្គ្រាមក្រោមការដឹកនាំរបស់សម្ដេច ។
រាយការណ៍ដោយ លោក សោម លាភ
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា ប្រាប់វិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃទី ៦ កុម្ភៈនេះ ដោយលោក សាទរចំពោះ នាយករដ្ឋមន្ត្រីកម្ពុជាដែលមានប្រសាសន៍អះអាងថាការដឹកនាំប្រទេសរបស់សម្ដេចមាន នូវសន្តិភាពពេញលេញ ដែលជាការល្អសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ។
បែបនេះក្ដី អ្នកវិភាគរូបនេះបញ្ជាក់ថា ពាក្យថាសន្តិភាព ត្រូវបែងចែកជាពីរផ្នែក គឺសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត ។
អ្នកវិភាពរូបនេះថា ជាការពិតណាស់ ប្រជាជនកម្ពុជាមានសន្តិភាពផ្លូវកាយហើយ នៅឡើយតែសន្តិភាពផ្លូវចិត្តគឺមិនទាន់ពេញលេញ ។
លោក ឯម សុវណ្ណារ៉ា ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា សិក្សាពីតម្រូវការរបស់ពលរដ្ឋដែលត្រូវការសន្តិភាពទាំងពីររូបភាពនេះ ដោយកុំមានតែវោហាសាស្ត្រ ពោលគឺត្រូវអនុវត្តឱ្យស្របគ្នាទើបសន្តិភាពមានពិតប្រាកដ ។
ការបញ្ជាក់បែបនេះ ក្រោយពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើទំព័រហ្វេសបុកថា កម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដែលរកបានមកដោយលំបាក ។
សម្ដេចបន្ថែមថា នយោបាយឈ្នះៗ របស់គណបក្សប្រជាជនកម្ពុជា បាននាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស និងរីកចម្រើនជាបន្តបន្ទាប់បច្ចុប្បន្នឥតឈប់ឈរ រហូតដូចសព្វថ្ងៃ ។
សម្ដេច ក៏អំពាវនាវឱ្យប្រជាជាតិកម្ពុជាទាំងអស់ចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ។
កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ % ។
លោក បណ្ឌិត មាស នី អ្នកតាមដាន និងស្រាវជ្រាវការអភិវឌ្ឍសង្គមមានប្រសាសន៍កាលពីថ្ងៃទី ៥ កុម្ភៈ ដោយស្នើឱ្យថ្នាក់ដឹកនាំកម្ពុជាទទួលស្គាល់ ដោយកុំបដិសេធន៍ថា កម្ពុជាជាប្រទេសដែលក្រីក្រជាងគេនៅក្នុងតំបន់អាស៊ាន ។
ក្រោយពី ដាស់តឿនអោយមានការខិតខំដើម្បីអភិវឌ្ឍន៍ខ្លួនអោយកាន់តែរឹងមាំ សម្ដេចក៏បាន រំលឹកជាថ្មីទៀត អំពីការការពារការដឹកនាំរបស់សម្ដេចដែលប្រឆាំងចលនាណាមួយបង្កសង្រ្គាម ។
សាររបស់សម្ដេចមានន័យដូចនេះថា ៖« នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ» ។
សម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា វេណេហ្សុយអេឡា អាចនឹងមានសង្គ្រាមផ្ទុះឡើង ខណៈដែលលោក ជូន ហ្កៃដូរ មេដឹកនាំបក្សប្រឆាំងត្រូវបានអាមេរិក និងប្រទេសផ្សេងៗមួយចំនួនទៀត ទទួលស្គាល់ថា ជាប្រធានាធិបតីស្ដីទីពេញច្បាប់នៅប្រទេសនេះ ។
សម្ដេច បញ្ជាក់ថា មិនអាចមានហេតុការណ៍ដូចនៅវេណហ្សូអេឡាកើតឡើងនៅកម្ពុជាបានឡើយ ។
នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានប្រកាសឱ្យកងកម្លាំងទ័ពកម្ទេចក្រុមណា ដែលព្យាយាមធ្វើបដិវត្តន៍ពណ៌ទម្លាក់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាឈានទៅដល់មានការសម្លាប់មនុស្សមួយចំនួនក្ដី ។
លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ដើម្បីឱ្យកម្ពុជាគេចផុតពីសង្រ្គាម ឬការឈ្លានពាន កម្ពុជាត្រូវឯករាជ្យ មិនស្ថិតក្រោមមនោគមន៍វិជា្ជបរទេស ។
សម្ដេចនាយករដ្ឋមន្ត្រីគឺជាសមាជិកស្ថាបនិកមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស២៣តុលា១៩៩១ដែលក្នុងនោះ ក៏មានអតីតព្រះមហាក្សត្រសម្ដេចព្រះបាទនរោត្តមសីហនុផងដែរដែលព្រះអង្គតំណាងអោយភាគីរណសិរ្យ ហ្វ៊ុន ស៊ីន ប៉ិច។ កម្ពុជាមានការអភិវឌ្ឍ សេដ្ឋកិច្ចប្រទេស ក្រោយពីមានកិច្ចព្រមព្រៀង នេះ។សម្រាប់ សម្ដេចហ៊ុនសែន បានដឹកនាំ រដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៨៥ ៕
អត្តបទដោយ៖ សោម លាភ