ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់តាមរយៈលិខិតអំពាវនាវមួយថា ការជំរឿនមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងអស់ ហើយកិច្ចការនេះមិនជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ។ ដោយសារដូចនេះ សម្ដេចអំពាវនាវសុំឱ្យពលរដ្ឋទាំងអស់សហការជាមួយអ្នកចុះចម្រឿន ឱ្យបានល្អប្រសើរ ។ យ៉ាងណាក្ដី អ្នកវិភាគបង្ហាញការចង់ឃើញថា កម្ពុជាត្រូវធ្វើកិច្ចការនេះប្រកបដោយឯករាជ្យភាព ដោយរក និងបង្ហាញទិន្នន័យពិតស្របតាមទិដ្ឋភាពសង្គម ។
លោក សោម លាភ រាយការណ៍៖
បើតាមសារអំពាវនាវរបសនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ការជំរឿនក្នុងឆ្នាំ២០១៩ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ ។
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់តាមរយៈសារនេះថា កិច្ចការជំរឿននេះ ជាជំរឿនលើកទី ១ ដែលនឹងប្រើប្រាស់ថវិកាជាតិ ។
សម្ដេចបញ្ជាក់បន្ថែមទៀតថា ជំរឿនជាកិច្ចការធំសម្រាប់ប្រទេសជាតិ ដែលមានសារៈសំខាន់ ខណៈដែលប្រទេសទាំងអស់នៅលើពិភពលោក គឺធ្វើគ្រប់ៗប្រទេស ។
ជាងនេះទៅទៀត ការធ្វើកិច្ចការងារនេះដើម្បីទទួលបាននូវទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស ដែលជាចំណែកជួយឱ្យរាជរដ្ឋាភិបាលកម្ពុជារៀបចំ និងតាក់តែងគោលនយោបាយ ឈានទៅដល់ការអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។
សម្ដេច ហ៊ុន សែន បញ្ជាក់ថា ទិន្នន័យមកពីណាក៏ដោយ ក៏មិនអាចយកមកជំនួសលើទិន្នន័យដែលបានមកពីការធ្វើជំរឿននោះទេ ។
យ៉ាងណាក្ដី នាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បញ្ជាក់ច្បាស់ៗថា កិច្ចការងារជំរឿននេះ មិនពាក់ព័ន្ធនឹងនយោបាយ មិនបម្រើឱ្យគណបក្សនយោបាយ ។ អាស្រ័យហេតុនេះហើយ សម្ដេច ហ៊ុន សែន អំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ឱ្យចូលរួមគាំទ្រ និងសហការលើកិច្ចការងារនេះ ក៏ដូចជាផ្ដល់ព័ត៌មានតាមសំណួរសម្ភាសឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីធ្វើជំរឿនប្រជាជន ព្រោះកិច្ចការនេះ គឺធ្វើឡើងដើម្បីប្រទេសជាតិ និងប្រជាជនដែលរស់នៅក្នុងប្រទេសទាំងអស់ ។
លោក សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ធ្លាប់មានប្រសាសន៍ថា កិច្ចការជំរឿនទូទៅសម្រាប់ឆ្នាំ២០១៩ នេះ គឺមានលក្ខណទំនើបជាងជំរឿនកន្លងទៅ ដោយក្រុមការងារនឹងដាក់ប្រព័ន្ធសម្រាប់វាយតម្លៃភាពសុក្រឹត្យរបស់ជំរឿន ដោយប្រើប្រាស់ Tablet PDA និងបច្ចេកទេស NBS ។
ពាក់ព័ន្ធនឹងការជំរឿនៅកម្ពុជានេះដែរ កាលពីចុងខែកញ្ញា ប្រទេសចិន ក៏បានផ្ដល់ជំនួយជាសម្ភារៈ ដែលមានតម្លៃសរុបប្រមាណជា ២,៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងដំណើរការនៃកិច្ចការនេះ ។
អ្នកតាមដានការអភិវឌ្ឍសង្គមកម្ពុជាបញ្ជាក់ថា កិច្ចការជំរឿន មិនមែនធ្វើឡើងដើម្បីតែរាប់ចំនួនពលរដ្ឋតែប៉ុណ្ណោះនោះទេ តែក៏ដើម្បីរកទិន្នន័យទាក់ទងទៅនឹងសេដ្ឋកិច្ច សង្គមកិច្ច រួមទាំងស្ថានភាពជីវភាពរបស់ពលរដ្ឋ ។
លោកបណ្ឌិតមាស នី ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា លោក ចង់ឃើញទិន្នន័យនៃការជំរឿន ជាទិន្នន័យប្រកបដោយទំនុកចិត្ត ឯករាជ្យ និងសុក្រិត្យ ។
យ៉ាងណាមិញ លោក បណ្ឌិត មាស នី បន្ថែមថា កិច្ចការជំរឿន ជាការទទួលខុសត្រូវធំបំផផុតរបស់ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដូច្នេះទិន្នន័យដែលបានមកពីជំរឿននោះ ត្រូវតែជាទិន្នន័យពិតក្នុងសង្គម ។
អ្នកតាមដានការអភិវឌ្ឍសង្គមរូបនេះបន្ថែមទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាតែងតែកេងចំណេញផ្នែកនយោបាយទៅលើទិន្នន័យនៃការជំរឿនប្រជាជននេះ ជាក់ស្ដែងទិន្នន័យនៃភាពក្រីក្រនៅកម្ពុជា គឺមានភាពខុសគ្នានឹងទិន្ន័យរបស់អង្គការអន្តរជាតិរកឃើញ ។
លោកបណ្ឌិតមាស នី ពន្យល់ថាប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ ដោយបញ្ជាក់នូវអ្វីដែលបានរកឃើញពិតៗ មិនប្រឌិត កែប្រែចំណុចខ្សោយដែលកម្ពុជាមាន នោះនឹងធ្វើឱ្យកម្ពុជារីកចម្រើនទៅមុខជាខ្លាំង ។
តែអ្នកវិភាគរូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទាត់ចោលនូវព័ត៌មាន ឬរបាយការណ៍ណាដែលបង្ហាញនូវចំណុចខ្សោយដែលបានមកពីការដឹកនាំរបស់ខ្លួន ។
នេះជាជំរឿនលើកទីបួនហើយ សម្រាប់កម្ពុជា តែជំរឿននេះត្រូវបានលើកពីឆ្នាំ ២០១៨ មក ឆ្នាំ ២០១៩ ដោយសារឆ្នាំ ២០១៨ មានព្រឹត្តិការណ៍ដំណើរការនៃការបោះឆ្នោតសភាជាតិនីតិកាលទី ៦ ។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិជំរឿនប្រជាជននៅកម្ពុជាឆ្នាំ ២០១៩ នៅក្រសួងមហាផ្ទៃ កាលពីខែវិច្ចិកា ឆ្នាំ ២០១៨ ថា ការជំរឿនប្រជាពលរដ្ឋកម្ពុជាលើកទី ៤ នេះ នឹងត្រូវប្រើថវិកាជាង ៨ លានដុល្លារអាមេរិក ដោយសារមានការកើនឡើងចំនួនប្រជាជន និងសំណួរ ៕
អត្តបទដោយ៖ សោម លាភ