កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីចុងខែមករាឆ្នាំ២០១៩នេះ បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ជាដីដែលចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួច ឱ្យទទួល បានលទ្ធភាពរស់នៅកាន់តែសមរម្យ។
លោក កែវ សុខា រាយការណ៍លម្អិតពីព័ត៌មាននេះ
រាជរដ្ឋាភិបាលតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASEDII) កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៩ កន្លងទៅ បានធ្វើពិធីចាប់ឆ្នោតប្រគល់លេខដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្មដែលជាដី សម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋក្រីក្រ ដែលគ្មានដី ឬមានដីតិចតួចចំនួនជាង ៧០០ គ្រួសារ ស្ថិតនៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ពិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាព លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំនៅក្នុងបរិវេណវត្តជ័យរតនៈរង្សី (ហៅវត្តក្របៅ)។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការចាប់ឆ្នោតនាពេលនេះ ទទួលបានដីឡូតិ៍លំនៅឋានទំហំ ៣០ x ៤០ម៉ែត្រ និង ដី ឡូតិ៍កសិកម្មទំហំ ២ហិកតា ក្នុងមួយគ្រួសារ។
ដីសម្បទានសង្គមកិច្ចនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនេះ មានទំហំ ១៩៩២,៧៩ហិកតា ដោយ ធ្វើការ បែង ចែកជាដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ដីសម្រាប់តំបន់រដ្ឋបាល ដីព្រៃសហគមន៍ ដីព្រៃជំនឿ និងអូរ ដីត្រពាំង ដីសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹក ដីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ជាដើម។
បន្ទាប់ពីការចាប់ឆ្នោត សម្បទានិកឬអ្នកទទួលបានដីសម្បទានសង្គមកិច្ចនេះ នឹងចាប់ផ្តើមចូលតាំងទីលំនៅ លើដីនេះ ហើយតាមផែនការ គម្រោងនឹងផ្តល់ជូនប្រជាពលរដ្ឋនៅពេលចូលតាំងទីលំនៅដំបូងនូវសម្ភារៈសម្រាប់សាងសង់លំនៅឋានមួយចំនួន។ សម្ភារៈទាំងនោះរួមមាន ស័ង្កសីចំនួន ៤០សន្លឹក អំពូលពន្លឺព្រះអាទិត្យឬអំពូលសូឡា តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន ២០០គីឡូក្រាម គ្រាប់ពូជបន្លែចំនួន ០៦មុខ ដើមឈើហូបផ្លែចំនួន ០៥ប្រភេទក្នុងមួយគ្រួសារ គ្រាប់ពូជដំណាំគម្របដី កូនស្វាយចន្ធី និងជួយភ្ជួរដីកសិកម្ម បន្ថែមទៀត។
ទន្ទឹមគ្នានេះ គម្រោងក៏នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារ សហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្មផងដែរ។ លើសពីនេះ គម្រោងនឹងផ្តល់នូវទុនបង្វិលប្រមាណជា ២៨០$ ក្នុងមួយគ្រួសារ ដើម្បីពង្រីកមុខរបរដាំដុះ និងចិញ្ចឹមសត្វ ហើយជារួមរាជរដ្ឋាភិបាលគ្រោងនឹងចំណាយ ទឹក ប្រាក់ប្រមាណជា ៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនបងប្អូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ។
សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ត្រូវបានអនុវត្តបន្ត ពី គម្រោង LASED ជំហានសាកល្បង ដោយទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក និងការបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ប្រមាណ ២៦,៨៦លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៦ រហូតដល់ ឆ្នាំ២០២១ និងត្រូវអនុវត្តនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចចំនួន ១៤កន្លែង ក្នុងស្រុកចំនួន០៧ ឃុំចំនួន១២ នៃខេត្តគោលដៅចំនួន ៥រួមមាន៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ និងខេត្តកំពង់ស្ពឺ ដែលមាន អ្នកទទួលផលសរុបចំនួន ៥ ១៤១គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ២៥ ២៦០នាក់ លើផ្ទៃដីចំនួន១៧ ០៤២,៨០ហិកតា៕
ប្រភពព័ត៌មានពី NCDD