en     km
en     km

លោក រ៉ុង ឈុន៖ កម្ពុជាគួរតែចរចាជាមួយអឺរ៉ុបមុនពេលទណ្ឌកម្មធ្លាក់មកដល់

Share

ភ្នំពេញ ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជាបានជំរុញរាជរដ្ឋាភិបាលកម្ពុជាទៅ ចរចាជាមួយអន្តរជាតិជាពិសេសគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អំពីបញ្ហាដកប្រព័ន្ធ​អនុគ្រោះពន្ធពីកម្ពុជា ។ លោកថាប្រសិនបើចាំឱ្យអន្តរជាតិដកការអនុគ្រោះពន្ធ ហើយ​​​ទើបចរចានោះ ច្បាស់ជាមិនអាចទៅរួចទេ គឺកុំដូចករណីអង្ករ។​ករណីនេះ​អ្នកនាំពាក្យរាជរដ្ឋាភិបាលថាកម្ពុជា កំពុងចរចាជាមួយសហភាពអឺរ៉ុប។  

រាយការណ៍ដោយ​លោក សុខា ៖

 

អង្ករកម្ពុជា ដែលនាំចូលទៅទីផ្សារនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប គឺត្រូវបានសភាពនេះ យកពន្ធនៃការនាំចូលហើយ ដោយក្នុងមួយតោន ប្រមាណ ២០០ ដុល្លារអាមេរិក ។ ការយកពន្ធនេះ ក្រោមហេតុផលថា ដើម្បីជាប្រយោជន៍ដល់ ប្រទេសជាសមាជិកនៃសហភាពនេះ ។

ដោយឡែក សហភាពអឺរ៉ុប ក៏នឹងកំពុងដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងក្រៅពីអាវុធពីកម្ពុជា ប្រសិនបើកម្ពុជាមិនធ្វើតាមសំណើរ ដោយស្ដារប្រជាធិបតេយ្យនៅកម្ពុជាទេនោះ ។

សមាគមន៍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនធំៗ ជាច្រើនបានបង្ហាញកង្វល់ចំពោះការដកការអនុគ្រោះពន្ធនេះ ពោលគឺនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាជាខ្លាំង ។

បែបនេះក្ដី អំឡុងពេលនេះ សហភាពអឺរ៉ុបនៅតែរក្សាជំហរក្នុងការពិភាក្សាជាមួយកម្ពុជាពាក់ព័ន្ធនឹងករណីនេះ ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងប្រាប់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣កុម្ភៈ អំពីស្ថានការណ៍នៃការវិវត្តនយោបាយនៅកម្ពុជា ។

ក្នុងឱកាសនោះ លោកបានលើកឡើងអំពីកម្ពុជាដែលកំពុង ប្រឈមនឹងការដកប្រព័ន្ធ​អនុពន្ធ​EBA ពីសហភាពអឺរ៉ុប។

លោក រ៉ុង ឈុនថា កម្ពុជាគួរតែដោះស្រាយ ឬចរចាបញ្ហានេះជាមួយអន្តរជាតិឱ្យបានមុនពេលអន្តរជាតិនោះសម្រេចជាធរមានយកពន្ធពីកម្ពុជា ។

ប្រធានសហភាពសហជីពកម្ពុជារូបនេះបញ្ជាក់ថា ការចរចារជាមួយអន្តរជាតិ មិនមែនតែទៅលើ ៥ ចំណុចនោះទេ តែត្រូវកែប្រែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប ដែលដើរតួនាទីជាអាជ្ញាកណ្ដាលរៀបចំដំណើរការនៃការបោះឆ្នោតឱ្យមានភាពឯករាជ្យ ។ លោកបន្ថែមថា គ.ជ.ប. នៅកម្ពុជា បាត់ទម្រង់ និងរូបភាពដើមអស់ហើយ ។

ករណីនេះ វិទ្យុស្រ្តីមិនទាន់បានសុំ ការឆ្លើយតបពី អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឡើយទេនៅថ្ងៃនេះ។

ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ការបោះឆ្នោតសភានីតិកាលទី ៦ ធ្វើឱ្យអន្តរជាតិធំៗមួយចំនួនមិនបានទទួលស្គាល់កម្ពុជាថាអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ។

ជាក់ស្ដែង ការប្រជុំនៅអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស កម្ពុជាត្រូវបានអន្តរជាតិធំៗ ដែលជាប្រទេសប្រជាធិតេយ្យ បានផ្ដល់អនុសាសន៍ដល់កម្ពុជារហូតដល់ទៅជាង ២០០ចំណុច ដែលភាគច្រើនគឺពាក់ព័ន្ធទៅនឹងសិទ្ធិនយោបាយ សិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ។

សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ទទួចឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បើមិនដូច្នេះទេ កម្ពុជាប្រឈមនឹងការយកពន្ធ ។

រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាមិនធ្វើតាមប្រទេសណាទាំងអស់ប្រសិនបើការធ្វើនោះ ប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ។ ពោលគឺកម្ពុជា មិនយកបូរណភាព និងភាពឯករាជ្យរបស់ខ្លួនទៅដូរនឹងជំនួយ ឬរបបសេដ្ឋកិច្ចនោះទេ ។

លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់វិទ្យុស្ត្រីថា ករណីEBA ជារឿង​តូចមួយ។តែលោកថា កម្ពុជា បានកំពុងចរចារឿងនេះហើយ។

ប្រសិនបើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដកការអនុគ្រោះពន្ធពីកម្ពុជា នោះកម្ពុជានឹងខាតបង់ប្រាក់ប្រមាណជិត ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងការចំណាយលើពន្ធនៃការនាំចេញ ៕  

 

 

 

Share

ព័ត៌មានទាក់ទង

Image