ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាថ្មីម្ដងទៀតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរំលឹក អំពីប្រទេសកម្ពុជាមានសន្តិភាព នៅពេលនេះដែលធ្វើឱ្យ ប្រជាពលរដ្ឋរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។
សម្តេច ហ៊ុន សែន សរសេររៀបរាប់នៅលើបណ្តាញសង្គម Facebook របស់សម្ដេចដែលមានខ្លឹមសារដើមដូចនេះថា៖ «ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ឋសាសនា, ខ្មែរឥស្លាម, ខ្មែរគ្រីស្ទសាសនា, និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួម នៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះគឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើឱ្យបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ឋពិធីបុណ្យតូចធំអ្វីឡើយ»។
ក្នុងពីធីមួយកាលពីសប្ដាហ៍មុន សម្ដេចហ៊ុនសែន បានធ្វើការព្យាករណ៍ថា ប្រទេសវេណេហ្សូអេឡា អាចទាញទំលាក់ប្រទេសទៅរកសង្រ្គាមស៊ីវិល បើក្រុមប្រឆាំងបះបោរ ប្រឆាំងលោកនីកូឡាស់ម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់ ដែលសម្ដេចថាសង្រ្គាមស៊ីវិលអាចកើតមានដោយសារអាមេរិកគាំទ្រក្រុមគណបក្សប្រឆាំង។
ការព្យាករណ៏របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺចំពេល លោកម៉ាឌូរ៉ូ ក៏បានព្រមានពីការផ្ទុះសង្រ្គាមស៊ីវិល ដែរ។ លោកម៉ាឌូរ៉ូនៅថ្ងៃចន្ទទី៤មករានេះ បានប្រកាសត្រៀមកងទ័ពនិងសព្វាវុធរួចហើយដើម្បីសង្រ្គាមបើអាមេរិកនិងក្រុមប្រឆាំង បង្កើតភ្លើងសង្រ្គាមដើម្បីទម្លាក់លោកអំណាច។លោកម៉ាឌូរ៉ូពេលនេះ កំពុងរងការគាបសង្កត់ពីក្រុមប្រឆាំងនិងសហរដ្ឋអាមេរិកអោយលោកចាកចេញពីអំណាចអោយបានឆាប់បំផុត។
សម្ដេចហ៊ុនសែន សម្ដែងការហួសចិត្ត ដែលសម្ដេចថា ក្រុមប្រឆាំងនៅវេណេហ្សូអេឡាមិនបានចូលរួមបោះឆ្នោតផងស្រាប់តែអាមេរិកទទួល្គាល់មេដឹកនាំបក្សប្រឆាំងប្រទេសនោះ ជាប្រធានាធិបតី៕