ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសខ្លួនមិនបានពាក់ព័ន្ធនឹងរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុ នោះទេ តែរាជរដ្ឋាភិបាលកម្ពុជាថា អាមេរិកមានចំណែក ។ យ៉ាងណា ប្រជាជនខ្មែរមួយចំនួន ក៏បានបញ្ចេញប្រតិកម្មតាមរយៈការបញ្ចេញមតិរបស់ខ្លួនក្នុងប្រអប់មូលវិចារណ៍ (Comment) ដោយចោទសួរខ្លាំងៗទៅអាមេរិកពាក់ព័ន្ធនឹងបញ្ហានេះ ។
លោក សោម លាភ រាយការណ៍៖
កាលពីថ្ងៃទី ៣០ មករា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ចេញអត្ថបទមួយទាក់ទងនឹងទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧ មករា ។
នៅក្នុងអត្តបទនោះ បញ្ជាក់ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរទៅរកអនាគតមួយដែលភ្លឺស្វាង និងប្រកបដោយក្តីសង្ឃឹម ។
ប្រភពដដែលបញ្ជាក់ទៀតថា ស្ថានទូតអាមេរិក សូមឧទ្ទិសដល់ជីវិតប្រជាជនកម្ពុជា ជាង២លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងប្រជាជនដែលរស់រានមានជីវិតពីរបបនេះ ប្រមាណ៥លាននាក់ ដែលទទួលរងការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយក្រោយពេលសាររបស់ស្ថាទូតអាមេរិកប្រចាំនៅកម្ពុជា ដោយសាទរចំពោះសេចក្ដីថ្លែងការណ៍របស់ស្ថានទូតនៃប្រទេសនេះ ។
ដោយឡែក ចំពោះការព្យាយាមបដិសេធរបស់អាមេរិកចំពោះការជាប់ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារផ្ដួលរំលំរបបសង្គមរាស្ត្រនិយមនោះ គឺបានធ្វើឡើតតាមរយៈការ ឆ្លើយតបទៅនឹងការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកម្នាក់ ដែលបញ្ចេញមតិនៅក្នុងប្រអប់ខុមមិនថា «ប្រសិនបើអាមេរិចមិនជួយ លុន ណុល ទំលាក់សម្តេចតាទេ ក៏គ្មានខ្មែរក្រហមដែរ» ។
ជាក់ស្ដែង អាមេរិកបានឆ្លើយតបថា សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារដែលនាំឱ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ។
ស្ថានទូតប្រទេសមហាអំណាចនេះបន្ថែមថា រហូតមកដល់ពេលនេះ មិនមានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកបានបង្វែចំណាប់អារម្មណ៍ទៅប្រធានបទខ្មែរក្រហមវិញ ដោយថា មានភស្តុតាងយ៉ាងច្រើន ដែលបង្ហាញថារដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក ។
ស្ថានទូតអាមេរិក បានអំពាវនាវអោយប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព និងប្រកបដោយតុល្យភាព ដែលរក្សាឱ្យបាននូវអនាគតរបស់ប្រទេស សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។
យ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកបានបង្ហាញការមិនអស់ចិត្ត ហើយបានបញ្ចេញមតិ និងចោទសួរសម្ដៅប្រាប់ទៅអ្នកកាន់ទំព័រហ្វេសបុករបស់ស្ថានទូតនេះថា កុំព្រោះតែបម្រើមហិច្ឆតាខ្លួន សុខចិត្តធ្វើថ្លង់ ធ្វើគ រួមដៃបំផ្លាញប្រទេសខ្លួននោះ គួរមានមនសិការជាខ្មែរផងទៅ ។ អ្នកខ្លះចោទសួរថា គ្រាប់បែករាប់សិបតោនទំលាក់នៅក្នុងទឹកដីប្រទេសខ្មែរ គ្រាប់បែករបស់ប្រទេសណា ? ខ្លួនមិនពាក់ព័ន្ធ ហេតុអីចាំបាច់យកយន្តហោះមកដឹក លន់ នល់ គេចទៅអាមេរិកធ្វើអី្វ ?
ដោយឡែក សេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃទី ៣១ មករាម្សិលមិញ បញ្ជាក់ថា អ្នកនយោបាយរបស់សហរដ្ឋអាមេរិក ព្រមទាំងបេក្ខជនប្រធានាធិបតីទី ៤៥ គឺលោក ដូណាល់ត្រាំ ក៏ទទួលស្គាល់ និងបានសម្ដែងនូវការសោកស្ដាយ ដែលអាមេរិកពាក់ព័ន្ធទៅនឹងការឈ្លានពានឯករាជ្យ អធិបតេយ្យភាព និងបូរណៈភាពទឹកដីកម្ពុជា កាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥ ។
សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ទៀតថា ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ដែលមានការសម្លាប់រង្គាលដល់ប្រជាជនខ្មែររាប់លាននាក់នោះ ក៏មានចំណែករបស់អាមេរិកផងដែរ ។
ជាងនេះទៅទៀត ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ទៀតថា ពិភពលោកចងចាំថា សហរដ្ឋអាមេរិកនៅតែបន្តទទួលស្គាល់របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុលពត ឬដែលគេស្គាល់ថាជារបបខ្មែរក្រហម ដែលបណ្ដាលឱ្យជីវិតប្រជាជនកម្ពុជាស្លាប់រាប់លាននាក់ រាប់នៅក្នុងរបបសាធារណៈខ្មែរ និងរបបខ្មែរក្រហម ។
ជាងនេះទៀត រាជរដ្ឋាភិបាល ក៏បញ្ជាក់ទៀតថា ប្រជាជនខ្មែរបានរត់ភៀសខ្លួនចេញពីកម្ពុជាយ៉ាងច្រើនហួសពីការស្មាន ដោយសាររបបទាំងនេះ ។
សេចក្ដីថ្លែងការនេះបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំកម្ពុជាមិនឱ្យធ្លាក់ក្រោមអាណានិគមរបស់ប្រទេសផ្សេង ឬបម្រើភូមិសាស្ត្រដែលជាផលប្រយោជន៍ដល់ប្រទេសមហាអំណាចណាមួយឡើយ ។
រហូតមកទល់បច្ចុប្បន្ន កម្ពុជាជំពាក់លុយសហរដ្ឋអាមេរិកចំនួន ប្រមាណ ៥០០ លានដុលា្លរ បើគិតទាំងការប្រាក់ និងទាំងដើមដែលមានប្រមាណ ៣០០ លានដុល្លារ ក្នុងរបបសាធារណៈរដ្ឋខ្មែរ ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លុបបំណុលដែលកម្ពុជាជំពាក់ ព្រោះអាមេរិកបានធ្វើសង្គ្រាមលើទឹកដីកម្ពុជាហើយទាមទារឲ្យកម្ពុជាសងបំណុលទៀត ៕
អត្តបទដោយ៖ សោម លាភ