en     km
en     km

រដ្ឋាភិបាលនឹងពលរដ្ឋខ្មែរខ្លះថាអាមេរិកពាក់ព័ន្ធរបបលន់នល់ ខណៈស្ថានទូតប្រទេសនេះបដិសេធ

Share

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសខ្លួនមិនបានពាក់ព័ន្ធនឹងរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុ នោះទេ តែរាជរដ្ឋាភិបាលកម្ពុជាថា អាមេរិកមានចំណែក ។ យ៉ាងណា ប្រជាជនខ្មែរមួយចំនួន ក៏បានបញ្ចេញប្រតិកម្មតាមរយៈការបញ្ចេញមតិរបស់ខ្លួនក្នុងប្រអប់មូលវិចារណ៍ (Comment) ដោយចោទសួរខ្លាំងៗទៅអាមេរិកពាក់ព័ន្ធនឹងបញ្ហានេះ ។

លោក សោម លាភ រាយការណ៍៖

 

កាលពីថ្ងៃទី ៣០ មករា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ចេញអត្ថបទមួយទាក់ទងនឹងទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧ មករា ។

នៅក្នុងអត្តបទនោះ បញ្ជាក់ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរទៅរកអនាគតមួយដែលភ្លឺស្វាង និងប្រកបដោយក្តីសង្ឃឹម ។

ប្រភពដដែលបញ្ជាក់ទៀតថា ស្ថានទូតអាមេរិក សូមឧទ្ទិសដល់ជីវិតប្រជាជនកម្ពុជា ជាង២លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងប្រជាជនដែលរស់រានមានជីវិតពីរបបនេះ ប្រមាណ៥លាននាក់ ដែលទទួលរងការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយក្រោយពេលសាររបស់ស្ថាទូតអាមេរិកប្រចាំនៅកម្ពុជា ដោយសាទរចំពោះសេចក្ដីថ្លែងការណ៍របស់ស្ថានទូតនៃប្រទេសនេះ ។

ដោយឡែក ចំពោះការព្យាយាមបដិសេធរបស់អាមេរិកចំពោះការជាប់ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារផ្ដួលរំលំរបបសង្គមរាស្ត្រនិយមនោះ គឺបានធ្វើឡើតតាមរយៈការ ឆ្លើយតបទៅនឹងការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកម្នាក់ ដែលបញ្ចេញមតិនៅក្នុងប្រអប់ខុមមិនថា  «ប្រសិនបើអាមេរិចមិនជួយ លុន ណុល ទំលាក់សម្តេចតាទេ ក៏គ្មានខ្មែរក្រហមដែរ» ។

ជាក់ស្ដែង អាមេរិកបានឆ្លើយតបថា សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារដែលនាំឱ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ។

ស្ថានទូតប្រទេសមហាអំណាចនេះបន្ថែមថា  រហូតមកដល់ពេលនេះ មិនមានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបានបង្វែចំណាប់អារម្មណ៍ទៅប្រធានបទខ្មែរក្រហមវិញ ដោយថា មានភស្តុតាងយ៉ាងច្រើន ដែលបង្ហាញថារដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក ។

ស្ថានទូតអាមេរិក បានអំពាវនាវអោយប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព និងប្រកបដោយតុល្យភាព ដែលរក្សាឱ្យបាននូវអនាគតរបស់ប្រទេស សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។

យ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកបានបង្ហាញការមិនអស់ចិត្ត ហើយបានបញ្ចេញមតិ និងចោទសួរសម្ដៅប្រាប់ទៅអ្នកកាន់ទំព័រហ្វេសបុករបស់ស្ថានទូតនេះថា កុំព្រោះតែបម្រើមហិច្ឆតាខ្លួន សុខចិត្តធ្វើថ្លង់ ធ្វើគ រួមដៃបំផ្លាញប្រទេសខ្លួននោះ  គួរមានមនសិការជាខ្មែរផងទៅ ។ អ្នកខ្លះចោទសួរថា គ្រាប់បែករាប់សិបតោនទំលាក់នៅក្នុងទឹកដីប្រទេសខ្មែរ គ្រាប់បែករបស់ប្រទេសណា ? ខ្លួនមិនពាក់ព័ន្ធ ហេតុអីចាំបាច់យកយន្តហោះមកដឹក លន់ នល់ គេចទៅអាមេរិកធ្វើអី្វ ?

ដោយឡែក សេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា   ចុះនៅថ្ងៃទី ៣១ មករាម្សិលមិញ បញ្ជាក់ថា អ្នកនយោបាយរបស់សហរដ្ឋអាមេរិក ព្រមទាំងបេក្ខជនប្រធានាធិបតីទី ៤៥ គឺលោក ដូណាល់ត្រាំ ក៏ទទួលស្គាល់ និងបានសម្ដែងនូវការសោកស្ដាយ ដែលអាមេរិកពាក់ព័ន្ធទៅនឹងការឈ្លានពានឯករាជ្យ អធិបតេយ្យភាព និងបូរណៈភាពទឹកដីកម្ពុជា កាលពីឆ្នាំ​១៩៧០ ដល់ឆ្នាំ ១៩៧៥ ។

សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ទៀតថា ការឡើងកាន់អំណាចរបស់ខ្មែរក្រហម ដែលមានការសម្លាប់រង្គាលដល់ប្រជាជនខ្មែររាប់លាននាក់នោះ ក៏មានចំណែករបស់អាមេរិកផងដែរ ។ 

ជាងនេះទៅទៀត ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ទៀតថា ពិភពលោកចងចាំថា សហរដ្ឋអាមេរិកនៅតែបន្តទទួលស្គាល់របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុលពត ឬដែលគេស្គាល់ថាជារបបខ្មែរក្រហម ដែលបណ្ដាលឱ្យជីវិតប្រជាជនកម្ពុជាស្លាប់រាប់លាននាក់ រាប់នៅក្នុងរបបសាធារណៈខ្មែរ និងរបបខ្មែរក្រហម ។

ជាងនេះទៀត រាជរដ្ឋាភិបាល ក៏បញ្ជាក់ទៀតថា ប្រជាជនខ្មែរបានរត់ភៀសខ្លួនចេញពីកម្ពុជាយ៉ាងច្រើនហួសពីការស្មាន ដោយសាររបបទាំងនេះ ។

សេចក្ដីថ្លែងការនេះបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំកម្ពុជាមិនឱ្យធ្លាក់ក្រោមអាណានិគមរបស់ប្រទេសផ្សេង  ឬបម្រើភូមិសាស្ត្រដែលជាផលប្រយោជន៍ដល់ប្រទេសមហាអំណាចណាមួយឡើយ ។

រហូតមកទល់បច្ចុប្បន្ន កម្ពុជាជំពាក់លុយសហរដ្ឋអាមេរិកចំនួន ប្រមាណ ៥០០ លានដុលា្លរ បើគិតទាំងការប្រាក់ និងទាំងដើមដែលមានប្រមាណ ៣០០​ លានដុល្លារ ក្នុងរបបសាធារណៈរដ្ឋខ្មែរ ។ សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា  បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ ព្រោះ​អាមេរិក​បាន​​ធ្វើ​សង្គ្រាម​លើ​ទឹកដី​កម្ពុជា​ហើយ​ទាមទារ​ឲ្យ​កម្ពុជា​សង​បំណុល​ទៀត ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image