ដំណាក់កាលចុងក្រោយទៀតនេះ ចលនាប្រជាជនវេណេហ្សូអេឡា ដែលទាមទារឱ្យលោកម៉ាឌូរ៉ូចុះចេញពីតំណែង កាន់តែមានសកម្មភាពធំទៅៗ ប៉ុន្តែអ្នកគាំទ្រលោកម៉ាឌូរ៉ូក៏ចេញធ្វើសកម្មភាពការពារមេដឹកនាំរបស់ខ្លួនផងដែរ។ទំនងភាពមិនឈ្នះមិនចាញ់នេះអាចទាញឱ្យស្ថានការណ៍នយោបាយនៅវេណេហ្សូអេឡាកាន់តែគ្រោះថ្នាក់ថែមទៀតបើ លោកម៉ាឌូរ៉ូ នៅតែបន្តការពារអំណាចរបស់ខ្លួននៅតែរឹងមាំ។តែយ៉ាងណាសម្ពាធពីសហគមន៍អន្ដរជាតិ ឱ្យលោកម៉ាឌូរ៉ូចាកចេញពីតំណែងឬ ធ្វើការបោះឆ្នោតប្រធានាធិបតីឡើងវិញកាន់តែខ្លាំងក្លាផងដែរ។
តើលោកម៉ាឌូរ៉ូអាចអស់អំណាចដោយវិធីណា?
តទៅនេះ កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល
ប្រទេសទាំងឡាយដែលអះអាថាខ្លួនប្រកាន់ប្រជាធិបតេយ្យគឺត្រូវតែឈរលើឆន្ទៈរបស់ប្រជាជន ។តែផ្ទុយទៅវិញមេដឹកនាំនៃរដ្ឋអត្តាធិបតេយ្យ ឬ មេដឹកនាំរបបកុម្មុយនីស្ដ ការចុះចេញពីតំណែងរបស់មេដឹកនាំនៃ ប្រទេសនោះគឺមិនងាយនោះទេ។ មូលហេតុអ្វី? មានកត្តាជាច្រើននៅពីក្រោយបុគ្គលរូបនោះ គឺអាស្រ័យទៅលើបក្សរបស់មេដឹកនាំនោះ។ នេះបើនិយាយអំពីប្រទេសកុម្មុយនីស្ដឬ សង្គមនិយម។ តែសម្រាប់មេដឹកនាំអត្តាធិបតេយ្យវិញ ភាគច្រើនគឺអាស្រ័យខ្លួនរបស់គេ បក្សពួករបស់គេផ្ទាល់ គឺមានន័យថា មេដឹកនាំរូបនេះមិនងាយទទួលយកបានទេ គំនាបរបស់ពលរដ្ឋខ្លួនឯង។ ដោយឡែក មេដឹកនាំនៃប្រទេសប្រជា ធិតេយ្យជឿនលឿន ទោះបីមេដឹកនាំរូបនេះ ឡើងកាន់អំណាចតាមរយៈសន្លឹកឆ្នោតនឹងឆន្ទៈរបស់ប្រជាជនក៏ដោយគឺមេដឹកនាំបែបនេះ ងាយចាកចេញពីតំណែងនិង ងាយចុះចាញ់ពលរដ្ឋខ្លួនឯង។
ចុះហេតុអ្វីបានជា ម៉ាឌូរ៉ូ មិនព្រមទទួលយកសម្ពាធរបស់ប្រជាជនខ្លួនឯង?
ម៉ាឌូរ៉ូជាប្រធានាធិបតីលើកបន្ដប់ដោយបក្សសង្គមនិយមប្រទេសនេះ។ លោក ជាអ្នកនយោបាយវណ្ណៈអធន។ លោកធ្លាប់ជាប្រធានសមាគមអ្នករត់តាក់ស៊ី។ តែបុរសនេះមានឱកាសច្រើនជាងគេបំផុត បានក្លាយជាថ្នាក់ដឹកនាំបក្សសង្គមនិយមវេណេហ្សូអេឡា ហើយបានក្លាយជាអនុប្រធានាធិបតីទៀតផង។
លោក ទទួលបានឋានៈជាប្រធានាធិបតីនេះ គឺដោយសារតែមេដឹកនាំសង្គមនិយមគឺលោក ហុងហ្គោឆាវ៉េស ទទួលមរណភាព។លោកម៉ាឌូរ៉ូចូលកាន់តំណែងនេះ ភ្លាមៗបន្ទាប់ពីហុងហ្គោឆាវ៉េសបាត់បង់ជីវិតក្នុងឆ្នាំ២០១៣។ លោកម៉ាឌូរ៉ូដំបូងឡើយចង់ធ្វើការកែទម្រង់ប្រព័ន្ធដឹកនាំប្រទេស ដោយមានការបោះឆ្នោតសមាជិកសភានៅឆ្នាំ២០១៥។ តែបក្សរបស់លោក បានចាញ់ឆ្នោតគឺចាញ់ក្រុមគណបក្សប្រឆាំង។ ដោយសាររឿងនេះ ទំនងមើលទៅអាចរបូតអំណាច គឺលោកម៉ាឌូរ៉ូបានព្យាយាមគេចពីការបោះឆ្នោតប្រធានាធិបតី ។ ការបោះឆ្នោតប្រធានាធិបតីថ្ងៃ២០ឧសភា២០១៨ ពុំមានវត្តមានបេក្ខជនបក្សប្រឆាំងចូលរួមនោះទេ។ លោកបានកម្ចាត់គូប្រជែងឱ្យខ្ទាតចេញពីសង្វៀនទាំងអស់ហើយលទ្ធផលបោះឆ្នោតនៅពេលនោះទោះបីប្រជាជនចេញទៅបោះឆ្នោតមិនដល់៥០ភាគរយផង តែលោកជាបេក្ខជនឈ្នះតែម្នាក់ឯង។
ភាពចម្រូងចម្រាស់នេះ បាននាំឱ្យមេដឹកនាំរូបនេះ កាន់តែរកវិធីដើម្បីការពារអំណាចរបស់ខ្លួន ទាំងវិធានការត្រជាក់និង ក្តៅគឺត្រូវអនុវត្តក្នុងពេលជាមួយគ្នា។ ក្នុងអន្តរកាលចុងក្រោយនេះ អ្នកទោសនយោបាយរាប់សិបនាក់ត្រូវបានចាប់ខ្លួន និង ច្រើននាក់ទៀត បានសម្រេចចាកចេញពីជីវិតនយោបាយ។ តែសម្រាប់លោកជួនហ្កៃដូ ដែលមានឱកាសឡើងធ្វើជាប្រធានរដ្ឋសភារបស់ប្រទេសបានចាប់ផ្ដើម គាបសង្កត់លោកម៉ាឌូរ៉ូជាថ្មីម្ដងទៀត គឺតាមរយៈកម្លាំងរបស់ប្រជាជនដើម្បីឱ្យលោកម៉ាឌូរ៉ូចាកចេញទីតំណែងហើយបង្ខំឱ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ ដោយមានបេក្ខជនបក្សប្រឆាំងចូលរួមផងដែរ។ យ៉ាងណាក៏ដោយ លោកម៉ាឌូរ៉ូ បានបដិសេធការគាបសង្កត់របស់ក្រុមគណបក្សប្រឆាំងទោះបីរូបភាពហិង្សាមកលើរូបលោកក៏ដោយ។ លោកថា ការបោះឆ្នោតប្រធានាធិបតីគឺត្រូវធ្វើឡើងក្នុងឆ្នាំ២០២៥ តាមអាណត្តិរបស់រដ្ឋធម្មនុញ្ញ។ការជំទាស់របស់លោក ម៉ាឌូរ៉ូមកដល់ពេលនេះបានទាញឱ្យស្ថានការណ៍កាន់តែអាក្រក់។ ប្រជាជនគាំទ្រក្រុមបក្សប្រឆាំងចេញដើរធ្វើបាតុកម្មតាមដងផ្លូវរៀងរាល់ថ្ងៃ គឺទោះបីជាពួកគេត្រូវបានបង្រ្កាបដោយឆ្មាំសន្ដិសុខជាតិក៏ដោយ។សន្ទុះរបស់ប្រជាជនឃើញថា មានទាំងសងខាង មានទាំងអ្នកគាំទ្រលោក ម៉ាឌូរ៉ូផងដែរ។ ពួកគេក៏ចេញដើរធ្វើបាតុកម្ម ប្រឆាំងលោកជួនហ្គៃដូដែលអះអាងថាខ្លួនជាប្រមុខរដ្ឋស្ដីទី។ ប៉ុន្តែសន្ទុះរបស់មហាជន គាំទ្រម៉ាឌូរ៉ូ មានភាពតិចជាង ពួកក្រុមប្រឆាំង ហើយក្រុមនេះច្រើនតែចេញពីវណ្ណៈកម្មករអណ្ដូងប្រេង និង រ៉ែមាស។
គិតមកដល់ពេលនេះ ចលនា របស់ពលរដ្ឋវេណេហ្សូអេឡា ហាក់មិនទាន់រកចំណុចណាមួយ ឱ្យលោកម៉ាឌូរ៉ូបោះបង់ភាពមានៈរបស់លោកបានឡើយ។
តើសហគមន៍អន្ដរជាតិអាចរុញទម្លាក់លោកម៉ាឌូរ៉ូបានដែរឬទេ?
មានវិធានការណ៍ច្រើនយ៉ាងដើម្បីដាក់សម្ពាធទៅលើរបបលោកម៉ាឌូរ៉ូ។ វិធានការមានដូចជា ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ការផ្ដាច់ ទំនាក់ទំនងការទូត និង ការធ្វើឱ្យអាសនៈរបស់ម៉ាឌូរ៉ូនៅអង្គការសហប្រជាជាតិត្រូវបានដកហូត។ មកដល់ពេលនេះ សភាសហភាពអឺរ៉ុបបានសម្រេចដោយសម្លេងភាគច្រើន ទទួលស្គាល់មេបក្សប្រឆាំង ជូនហ្គៃដូជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រជាជន វេណេហ្សូអេឡា។ ការសម្រេចរបស់សមាជិកសភានៃសហភាពអឺរ៉ុប ២៨ប្រទេស គឺគាប់ជួននឹងប្រទេសធំៗផ្សេងទៀត មានដូចជាសហរដ្ឋអាមេរិកច កាណាដា អូស្រ្ដាលី អ៊ីស្រាអែល ប៉ារ៉ាហ្កាយ អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី ប៉េរ៉ូ កូស្ដារីកា អ៊ីកាឌ័រ ជាអាទិ៍ បាន ប្រកាសថា លោកម៉ាឌូរ៉ូ អស់បុព្វសិទ្ធិជាមេដឹកនាំវេណេហ្សូអេឡាទៀតហើយ។ ប្រទេស ធំៗទាំងនេះ ជាពិសេសក្រុមប្រទេស សហភាពអឺរ៉ុបត្រូវគេមើលឃើញថា អាចធ្វើឱ្យលោកម៉ាឌូរ៉ូ បាត់បង់ភាពស្របច្បាប់បរបស់ខ្លួននៅលើឆាកអន្ដរជាតិ ដែលពេលនោះបុរសវ័យ៥៦ឆ្នាំរូបនេះ ក៏ទំនងអស់លទ្ធភាពធ្វើទំនាក់ទំនងអន្ដរជាតិបានទូលំទូលាយនោះដែរ។ ទោះបីជាមេដឹកនាំរូបនេះ នៅមានទំនាក់ទំនងនឹងទទួលស្គាល់ដោយប្រទេស សង្គមនិយមក៏ដោយ។ ប្រទេសសង្គមនិយមដែលទទួលស្គាល់លោកម៉ាឌូរ៉ូ គឺចិន រុស្ស៊ីនិង គុយបា ហើយប្រទេសសដែលស្ថិតក្នុងអន្ដរកាលទៅរកការដឹកនាំបែបអត្តាធិបតេយ្យដូចជា អ៊ីរ៉ង់ និង តួកគី នៅចាត់ទុកលោកម៉ាឌូរ៉ូជាមេដឹកនាំវេណេហ្សូអេឡាដដែល ។
ដើម្បីទទួលយក សេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុប ក្រុមរដ្ឋមន្រ្ដីការបរទេសសហភាពអឹរ៉ុប ដែលមានលោកស្រី វ័រឌឺរីកា មូហ្គេរីនី បានប្រកាសបង្កើត ក្រុមទំនាក់ទំនងអន្ដរជាតិ ដើម្បីប្រទេសវេណេហ្សូអេឡា។តាមសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប គឺលោកស្រីបានសម្រេចដាក់ឱ្យក្រុមអន្តរការីអន្ដរជាតិនេះ
រយៈពេល៩០ថ្ងៃដើម្បីធ្វើឱ្យមានប្រជាធិបតេយ្យឡើងវិញនៅប្រទេសវេណេហ្សូអេឡា។ ក្នុងរយៈពេលនេះ សហភាពអឺរ៉ុប ក៏ត្រូវមើលចំណាត់ការការទូតឡើងវិញដែរ ដើម្បីធ្វើការផ្ទៀងផ្ទាត់ឬ ក៏ត្រូវដកហូត អំណាចការទូតរបស់លោកម៉ាឌូរ៉ូនៅលើឆាកអន្តរជាតិ។ តាមលោកស្រីប្រមុខការទូតសហភាពអឺរ៉ុប ក្រុមទំនាក់ទំនងអន្ដរជាតិនេះដំបូងត្រូវសម្របសម្រួលជាមួយក្រុមប្រទេស នៃសម្ព័ន្ធលីម៉ានៃអាមេរិកខាងត្បូង គឺស្នើអោយក្រុម ដែលមានព្រំដែនជាប់នឹងប្រទេសវេណេហ្សូអេឡាគាបសង្កតលោកម៉ាឌូរ៉ូផ្ទាល់។
ជារួមទៅ ជោគវាសនារបស់ម៉ាឌូរ៉ូ នៅលើប្រជាជនខ្លួនឯង ៥០ភាគរយ និង នៅលើសហគមន៍អន្តរជាតិ ៥០ភាគរយ។ មានន័យថា លោកម៉ាឌូរ៉ូ មានច្រកចេញចូលតិចបំផុតដើម្បីកំដរលំហសេរីភាពរបស់លោកក្នុងឋានៈជាប្រធានាបតី នៃប្រទេសមួយដែលប្រជាជនខ្លួនឯង លែងគាំទ្រទៅហើយនោះ។
យ៉ាងណាក៏ដោយ លោក ម៉ាឌូរ៉ូអាចធ្លាក់ពីអំណាចបាន ក៏អាស្រ័យទៅលើ កងទ័ពនិងមេទ័ពរបស់ខ្លួនដែរ។
តាមសេចក្ដីរាយកាណ៍របស់ សារព័ត៌មានអន្ដរជាតិជាច្រើនចុះផ្សាយថា លោកជួនហ្គៃដូ បានទទួលជួបមេទ័ពមួយចំនួនរបស់ប្រទេសនេះ ដើម្បីរកច្រកឱ្យលោកម៉ាឌូរ៉ូចាកចេញពីតំណែងខណៈដែរ សហរដ្ឋអាមេរិក កំពុងតែរុញឱ្យមានរដ្ឋប្រហារទម្លាក់លោកម៉ាឌូរ៉ូតែម្ដង។
អត្ថបទ ដោយនួន បូរិន