ភ្នំពេញ៖ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយចាត់ទុកថា ការដឹកនាំកម្ពុជានាពេលបច្ចុប្បន្នមិនខុសគ្នាទៅនឹងការដឹកនាំនៅវេណេហ្សូអេឡានោះទេ ។ លោក ក៏ប្រាប់ទៅអន្តរជាតិឱ្យចាត់ទុកការនាំរបស់សម្ដេច ហ៊ុន សែន ជាការដឹកនាំខុសច្បាប់ ។ មន្ត្រីបក្សកាន់អំណាចបញ្ជាក់ម្ដងហើយម្ដងទៀតដោយបញ្ជាក់ថា បក្សខ្លួនមិនដែលមានការចាប់អារម្មណ៍លើសម្ដីរបស់លោក សម រង្ស៊ី ម្ដងណានោះទេ ហើយលោក សម រង្ស៊ី ក៏គ្នាអំណាចអ្វីស្នើទៅអន្តរជាតិដែរ ។ នៅថ្ងៃក្រុមសមាជិករាជ្យបណ្ឌិតសភា ថាកម្ពុជាខុសនឹងវេណេហ្សូអេឡា។
លោក សោម លាភ រាយការណ៍៖
លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីត គណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី ៣១ ម្សិលមិញបែបនេះ ខណៈនេះរបបដឹកនាំនៅវេណេហ្សូអេឡា របស់លោក នីកូឡាស ម៉ាឌូរ៉ូ កំពុងតែរងគំនាបពីសហគមន៍អន្តរជាតិដែលជាប្រទេសប្រជាធិបតេយ្យកាន់តែខ្លាំងឡើងៗ។ លោកគិតថារបបនេះ អាចនឹងដួលនាពេលឆាប់ៗ ឬប្រទេសនេះអាចធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ខណៈដែលប្រទេសកុម្មុយនីស្តដែលគាំទ្រខ្លួន កំពុងតែប្រុងនឹងដកខ្លួនពីប្រទេសនេះ ។
មេដឹកនាំបក្សប្រឆាំនៅវេណេហ្សុយអេឡា ដែលជាប្រធានរដ្ឋសភានៃប្រទេសនេះ ត្រូវបានប្រទេសសេរីធំៗទទួលស្គាល់ថា ជាប្រធានាធិបតីស្ដីទីស្របច្បាប់ ។
ស្រដៀងគ្នានឹងរឿងនេះ ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានលើកយកអត្ថបទរបស់លោក ដែលចុះផ្សាយនៅថ្ងៃទី ៣១ មករា លើកាសែតបារាំងឈ្មោះថា Libération ពាក់ព័ន្ធនឹងករណីនេះ ។លោក សម រង្ស៊ី បានសរសេរដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ ត្រូវចាត់ទុកការដឹកនាំរបស់កម្ពុជាអាណត្តិទី៦ នេះ ឱ្យដូចទៅនឹងការដឹកនាំនៅវេណេហ្សូអេឡា ។
ជាងនេះទៅទៀត លោក សម រង្ស៊ី ក៏បានស្នើសុំឲ្យសហគមន៍អន្តរជាតិឱ្យប្រកាសថា ការដឹកនាំនៅកម្ពុជា ជាការដឹកនាំមិនស្របច្បាប់ ។ លោកបញ្ជាក់ថា ការបោះឆ្នោតកាលពីឆ្នាំ ២០១៨ គឺជាការបោះឆ្នោតមិនត្រឹមត្រូវ និងខុសច្បាប់ជាដើម ។
កាលពីឆ្នាំ ២០១៧ មុនការបោះឆ្នោតសភាជាតិមកដល់ តុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ ជាហេតុធ្វើឱ្យបក្សនេះអវត្តមានក្នុងការចូលរួមប្រកួតប្រជែងដណ្ដើមអាសនៈក្នុងរដ្ឋសភា ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលមានសំឡេងក្នុងរដ្ឋសភា ។
ករណីនេះ លោក សម រង្ស៊ីថា មិនខុសទៅនឹងប្រទេសវេណេហ្សូអេឡានោះទេ ព្រោះប្រទេសនេះបានរារាំងបក្សប្រឆាំងមិនឱ្យចូលរួមក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨ ។
អ្នកនយោបាយនីរទេសខ្លួន លោក សម រង្ស៊ី បានលើកឡើងបន្ថែមទៀតថា កម្ពុជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ដែលតម្រូវឲ្យមានការបោះឆ្នោតត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌ ហើយឲ្យមានប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស គឺមិនមែនដូចការដឹកនាំដែលមានតែបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភាតែមួយបក្សនោះទេ។
យ៉ាណា មន្ត្រីជាន់ខ្ពស់បក្សប្រកាន់អំណាចបញ្ជាក់ម្ដងហើយម្ដងទៀតថា ពួកគេមិនមានការចាប់អារម្មណ៍ចំពោះសម្ដីលោក សម រង្ស៊ី បន្តិចសោះឡើយ ព្រោះលោក សម រង្ស៊ី ជាអ្នករស់នៅក្រៅច្បាប់ មិនធ្វើអ្វីដើម្បីបុព្វហេតុជាតិកម្ពុជានោះទេ ។
លោក សុខ ឥសាន ក៏ធ្លាប់បានបញ្ជាក់ដែលថា លោក សម រង្ស៊ី គ្មានឥទ្ធិពលអ្វីបញ្ជាទៅសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកនោះទេ ព្រោះអន្តរជាតិទាំងនេះ ជាចៅហ្វាយរបស់លោក សម រង្ស៊ី ។
នៅព្រឹកថ្ងៃសុក្រទី៣១មករានេះ សមាជិករាជ្យបណ្ឌិតសភា បានធ្វើសន្និសីទសារព័ត៌មាន ដោយ ធ្វើការបកស្រាយជាច្រើនជុំវិញ ស្ថានការណ៍នយោបាយ នៅកម្ពុជា ពាក់និងស្ថានភាពសាកល ជាពិសេស ករណីគណបក្សសង្រ្គោះជាតិ។
លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលជាវាគ្មិនម្នាក់របស់រាជ្យបណ្ឌិតសភា បានហៅ ករណីប្រទេសវេណេហ្សូអេឡា គឺខុសនឹងកម្ពុជា។ លោកអះអាងថាកម្ពុជា មានច្បាប់ ទំលាប់ត្រឹមត្រូវ។
នៅក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមការកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា ប្រទេសប្រជាធិបតេយ្យធំៗភាគច្រើន បានលើកអំពីកង្វល់ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជាជាខ្លាំង ដោយពួកគេចង់ឃើញមានការដោះលែងលោក កឹម សុខា ឱ្យសិទ្ធិនយោបាយ ប្រគល់ណែងដល់មន្ត្រីបក្សប្រឆាំងវិញ និងឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ។
យ៉ាងណា គណៈអចិន្ត្រៃយ៍បក្សប្រឆាំងនេះ បានកំពុងរៀបចំផែនការអោយលោកសមរង្ស៊ីវិលប្រទេសវិញ ដែលគេអាចថានឹងនៅប៉ុន្មានខែខាងមុខនេះដែលវិភាគខ្លះថាវត្តមានរបស់លោកសមរង្ស៊ីនៅកម្ពុជាទំនងអាចរកដំណោះស្រាយនយោបាយ ជាមួយបក្សកាន់អំណាច តែតាមរយៈយន្តការសម្ពាធនិង សម្របសម្រួលរបស់សហគមន៍អន្តរជាតិ ៕
អត្តបទដោយ៖ សោម លាភ