កម្ពុជា-ចិនបានរៀបចំទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដែលមន្ត្រីជាន់ខ្ពស់ទាំងពីរប្រទេសមកចូលរួមបើកកម្មវិធី។
ភាគីកម្ពុជា តំណាងដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងនិងភាគីចិន តំណាងដោយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងកម្មវីធីនេះ សម្ដេច ហ៊ុន សែនដែលតាមរយៈសារលិខិត បានបង្ហាញសុទិដ្ឋិនិយមថា ទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅឆ្នាំ២០១៩នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។
ក្នុងព្រឹត្តិការណ៍នេះដែរ លោកឡ ស៊ូកាង ក៏បានឡើងអានសារលិខិតរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ តាមរយៈសារលិខិតនេះ លោកលី ខឺឈាង បានបង្ហាញការរំពឹងទុកថា ប្រទេសទាំងពីរ កម្ពុជា-ចិន នឹងយកឆ្នាំទេសចរណ៍-វប្បធម៌រវាងកម្ពុជា និងចិននេះ ជាឱកាសល្អក្នុងការបង្កើនការផ្លាស់ប្ដូរវិស័យវប្បធម៌ នៃប្រទេសទាំងពីរ។
តាមរយៈទិវានេះ នាយករដ្ឋចិន បញ្ជាក់ថាគេត្រូវពង្រីកការផ្លាស់ប្ដូរមនុស្ស និងមនុស្សរវាងប្រទេសទាំងពីរ ជំរុញការយោគយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ខាងផ្នែកអរិយធម៌ និងការផ្សារភ្ជាប់ដួងចិត្តប្រជាជនប្រទេសទាំងពីរ រក្សាពូជ្រុំឫសគល់មនោសញ្ចេតនាមេត្រីភាពប្រជាជន និងសង្គមកាន់តែជ្រៅជ្រះ និងរឹងមាំ ដើម្បីបង្កើតសមាគមរួមដែលមានវាសនាតែមួយ។
សូមជម្រាបថា ក្នុងកម្មវិធីនេះ ក៏មានការសម្ដែងសិល្បៈរួមគ្នា រវាងក្រុមសិល្បករ-សិល្បការិនីកម្ពុជា-ចិន ក្នុងនោះរួមមាន របាំចិន របាំបុរាណខ្មែរ «អប្សរា» ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ មានចំនួន៦.២ លាននាក់ គឺកើនជាង១១ ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ភ្ញៀវទេសចរជនជាតិចិន ឈរលំដាប់មុខគេបង្អស់ ដែលមានចំនួនប្រមាណ១លាន៩សែននាក់ដែលជាការកើនឡើងជាង៧០ភាគរយ៕