គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសជ្រើសរើសគ្រូបង្ហាត់ ចំនួន២៥នាក់ និងក្រុមចុះឈ្មោះបោះឆ្នោតសាកល្បងចំនួន៥០នាក់ ជាមន្ដ្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅតាមឃុំ សង្កាត់ ចំនួន២៥ នៃរាជធានីខេត្ត សម្រាប់ការចុះឈ្មោះបោះឆ្នោតសាកល្បង ឆ្នាំ២០១៥។
យោងសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ឲ្យដឹងថា បេក្ខជនមានបំណងធ្វើជាគ្រូបង្ហាត់ ត្រូវទៅមើលសេចក្ដីជូនដំណឹងស្ដីពីលក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ ទទួលពាក្យ ដែលនឹងបិទផ្សាយចាប់ ពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៥ នៅតាមលេខាធិការដ្ឋាន រាជធានី ខេត្ដរៀបចំការបោះឆ្នោត ហើយបេក្ខជនដែលចង់ធ្វើជាក្រុមចុះឈ្មោះបោះឆ្នោត ត្រូវទៅមើលសេចក្ដីជូនដំណឹងស្ដីពីលក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ ទទួលពាក្យ ដែលនឹងបិទនៅតាមសាលាឃុំ សង្កាត់ និងទីកន្លែង សាធារណៈក្នុងឃុំ សង្កាត់តាមការកំណត់របស់ គ.ជ.ប។
គ.ជ.ប ឲ្យដឹងដែរថា ពាក្យសុំចូលបម្រើការងារនឹងចែកជូនដោយ ឥតគិតថ្លៃ ដោយចាប់ផ្តើមទទួលពាក្យ ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៧ព្រឹក ហើយឈប់ទទួលពាក្យ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៥ និង៣០ នាទីល្ងាច៕