ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅឆ្នាំ២០១៩នេះ បានផ្តួចផ្តើមបង្កើនកម្មវិធីប្រកួតប្រជែងស្វែងរកស្រ្តីឆ្នើមផ្នែកបច្ចេកវិទ្យាជាលើកទី២ ក្រោមប្រធានបទ“ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល”។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
ដើម្បីស្វែងរកស្រ្តីឆ្នើមផ្នែកបច្ចេកវិទ្យា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកឱកាសដល់បេក្ខភាពស្រ្តីគ្រប់រូបដែលជាស្រ្តីគំរូ ស្ត្រីឆ្នើម និងសកម្មក្នុងការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យា អាចដាក់ពាក្យប្រកួតប្រជែងយកពានរង្វាន់កិត្តិយសជា ” ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩” ពីក្រសួង ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជ្រើសរើសសម្រិតសម្រាំងបេក្ខនារីចំនួន៥នាក់ ដើម្បីទទួលរង្វាន់ កិត្តិយសស្រ្តីឆ្នើម ក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាដ៏ធំដំបូងបង្អស់មួយនៅកម្ពុជា “Digital Cambodia” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។
កម្មវិធីឆ្នាំនេះផ្តោតលើប្រធានបទ “ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល” នឹងប្រកាសរកបេក្ខភាពជាស្ត្រី ចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០១៩។ បន្ទាប់មកក្រសួងនឹងធ្វើការជ្រើសរើស ហើយវាយតម្លៃរកស្រ្តីឆ្នើមលេចធ្លោដែលមានគុណសម្បត្តិគ្រប់គ្រាន់។ ជ័យលាភី ០៥ (ប្រាំ) រូប នឹងត្រូវផ្តល់កិត្តិយសទទួលពានរង្វាន់នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ខាងមុខ។
ពាក់ព័ន្ធនឹងការផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា៖“ការផ្លាស់ប្តូរទៅជាឌីជីថល (Digital Transformation) គឺជារបត់នៃការប្រែប្រួលក្នុងយុគសម័យឌីជីថលនេះ ដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ជាមធ្យោបាយឬឧបករណ៍ដើម្បីផ្លាស់ប្តូររបៀបរបរការងារ ការធ្វើអាជីវកម្ម និងការគ្រប់គ្រងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព កំណើនផលចំណេញ និងពង្រីកឱកាសផ្សេងៗទៀត។ ដើម្បីអាចអភិវឌ្ឍប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ យើងគ្រប់គ្នាត្រូវចូលរួមជំរុញនិងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦។ “
ចំពោះការរៀបចំកម្មវិធីនេះ លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ “ នាពេលបច្ចុប្បន្ន ស្ត្រីដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ស្ត្រីភាគច្រើនជាអាជីវករ អភិបាលក្រុមហ៊ុនខ្នាតតូចនិងមធ្យម។ ក្នុងការជំរុញ Tech Start Up និងនវានុវត្តន៍នាពេលកន្លងមក យើងសង្កេតឃើញមានស្រ្តីចូលរួមច្រើនជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ។ ម្យ៉ាងវិញទៀតការរៀបចំកម្មវិធីនេះ ក៏ជាការកៀរគរ ការចូលរួមពីគ្រប់តួអង្គដើម្បីសម្រេចនូវគោលដៅផ្លាស់ប្តូរទៅជាឌីជីថលនិងគោលដៅយុទ្ធសាស្រ្តកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានឆ្នាំ២០២០។ “
កម្មវិធីឆ្នាំ២០១៩ នេះ មានពានរង្វាន់រហូតដល់ ០៥ (ប្រាំ) ប្រភេទ គឺ សហគ្រិនឆ្នើមស្រ្តីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award)ស្រ្តីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT For Community Award), ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Content Award) និងចុងក្រោយគឺ ពន្លកថ្មី ( Girl Innovator ) ។
សូមបញ្ជាក់ថា ស្រ្តីឆ្នើមនៅកម្ពុជាទាំង០៥(ប្រាំ)ប្រភេទ ដែលជាប់ជ័យលាភី នឹងត្រូវបានជ្រើសរើសជាក្រុមស្ត្រីកម្ពុជាដែលមានសក្តានុពលក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់នូវជំនាញរបស់ខ្លួនដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជានៅក្នុងសហគមន៍របស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ពួកគេក៏ត្រូវតែជាស្រ្តីកម្ពុជាដែលបានលះបង់នូវពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម៕