en     km
en     km

ក្រសួងប្រៃសណីយ៍បើកកម្មវិធីប្រឡងរក“ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល”ឆ្នាំ២០១៩

Share

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅឆ្នាំ២០១៩នេះ បានផ្តួចផ្តើមបង្កើនកម្មវិធីប្រកួតប្រជែងស្វែងរកស្រ្តីឆ្នើមផ្នែកបច្ចេកវិទ្យាជាលើកទី២ ក្រោមប្រធានបទ“ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល”។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

ដើម្បីស្វែងរកស្រ្តីឆ្នើមផ្នែកបច្ចេកវិទ្យា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកឱកាសដល់បេក្ខភាពស្រ្តីគ្រប់រូបដែលជាស្រ្តីគំរូ ស្ត្រីឆ្នើម និងសកម្មក្នុងការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យា អាចដាក់ពាក្យប្រកួតប្រជែងយកពានរង្វាន់កិត្តិយសជា ” ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩” ពីក្រសួង ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​នឹងជ្រើសរើសសម្រិតសម្រាំងបេក្ខនារីចំនួន៥នាក់ ដើម្បីទទួលរង្វាន់ កិត្តិយសស្រ្តីឆ្នើម ក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាដ៏ធំដំបូងបង្អស់មួយនៅកម្ពុជា “Digital Cambodia”  ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។
កម្មវិធីឆ្នាំនេះផ្តោតលើប្រធានបទ “ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល”  នឹងប្រកាសរកបេក្ខភាពជាស្ត្រី ចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០១៩។ បន្ទាប់មកក្រសួងនឹងធ្វើការជ្រើសរើស ហើយវាយតម្លៃរកស្រ្តីឆ្នើមលេចធ្លោដែលមានគុណសម្បត្តិគ្រប់គ្រាន់។ ជ័យលាភី ០៥ (ប្រាំ) រូប នឹងត្រូវផ្តល់កិត្តិយសទទួលពានរង្វាន់នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ខាងមុខ។  

 

ពាក់​ព័ន្ធ​នឹ​ងការផ្តួចផ្តើមឱ្យ​មាន​កម្មវិធីនេះឡើង ​លោក ត្រាំ​ អ៊ីវ​តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មាន​ប្រសាសន៍ថា៖“ការផ្លាស់ប្តូរទៅជា​ឌីជីថល (Digital Transformation) គឺជា​របត់​នៃ​ការប្រែប្រួល​ក្នុង​យុគសម័យ​ឌីជីថល​នេះ​ ​ដែល​បច្ចេកវិទ្យាត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ឬឧបករណ៍​ដើម្បីផ្លាស់ប្តូររបៀបរបរ​ការងារ ការ​ធ្វើ​អាជីវកម្ម និង​ការ​គ្រប់គ្រង​​​ក្នុងគោលបំណង​បង្កើន​​ប្រសិទ្ធភាព​​ កំណើន​​ផល​ចំណេញ និងពង្រីក​ឱកាស​​ផ្សេង​ៗ​ទៀត​​​​​​​។ ដើម្បីអាច​​អភិវឌ្ឍ​ប្រទេស​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​ និងបដិវត្តឧស្សាហកម្មជំនាន់ទី៤​  ​យើង​គ្រប់គ្នា​ត្រូវចូលរួម​ជំរុញ​និង​ត្រៀម​ខ្លួន​សម្រាប់ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ឌីជីថល​ ស្របតាម​យុទ្ធសាស្រ្តចតុកោណតំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល​​អាណត្តិទី៦​​​

 ​ចំពោះ​ការ​រៀបចំ​កម្មវិធី​នេះ​​ លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ “​ នាពេលបច្ចុប្បន្ន ស្ត្រី​ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម​អភិវឌ្ឍ​សង្គម​ និងសេដ្ឋកិច្ច​របស់កម្ពុជា។ ស្ត្រីភាគ​ច្រើនជា​អាជីវករ​ អភិបាល​ក្រុមហ៊ុន​ខ្នាតតូច​និងមធ្យម។  ក្នុងការ​​ជំរុញ Tech Start Up និងនវានុវត្តន៍​នា​ពេលកន្លងមក យើង​សង្កេត​ឃើញ​​មាន​ស្រ្តី​ចូលរួម​​​ច្រើន​ជាលំដាប់​ពីមួយឆ្នាំទៅ​ឆ្នាំ​។  ម្យ៉ាង​វិញទៀត​ការរៀបចំ​កម្មវិធីនេះ​ ក៏ជាការ​កៀរគរ ការចូលរួម​ពី​គ្រប់​តួអង្គដើម្បី​​សម្រេច​នូវ​គោលដៅផ្លាស់ប្តូរទៅជា​ឌីជីថល​និងគោលដៅយុទ្ធសាស្រ្ត​កំណត់​ក្នុងគោលនយោបាយ​អភិវឌ្ឍ​ន៍វិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍​ព័ត៌មាន​ឆ្នាំ២០២០។  “

កម្មវិធីឆ្នាំ២០១៩ នេះ មាន​ពាន​រង្វាន់​រហូត​ដល់​ ០៥ (ប្រាំ)​  ប្រភេទ គឺ​ សហគ្រិនឆ្នើ​មស្រ្តីក្នុងបច្ចេកវិទ្យា​ (Cambodian Woman ICT Entrepreneur Award)  វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award)​ស្រ្តីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT​ For Community Award), ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត​ (​Creative Digital Content Award) និ​ងចុងក្រោយគឺ ពន្លកថ្មី ​( Girl Innovator ) ។

សូមបញ្ជាក់ថា ស្រ្តីឆ្នើមនៅកម្ពុជាទាំង០៥(ប្រាំ)​ប្រភេទ ដែលជាប់ជ័យលាភី នឹង​ត្រូវ​បាន​ជ្រើសរើស​​ជា​ក្រុមស្ត្រីកម្ពុជាដែលមានសក្តានុពលក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់នូវជំនាញរបស់ខ្លួនដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជានៅក្នុងសហគមន៍របស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ពួកគេក៏ត្រូវតែជាស្រ្តីកម្ពុជាដែលបានលះបង់នូវពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត​ ដើម្បី​ចូលរួមយ៉ាងសកម្ម​នៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើ​ផល​ប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម៕

Share

Image
Image
Image