ភ្នំពេញ៖ អង្គការលើកលែងទោសអន្តរជាតិ(Amnesty International ) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៣០ មករានេះ ដោយជម្រុញឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ តាមដានការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅចំពោះមុខអង្គការអន្តរជាតិ ហើយតាមដានការអនុវត្តរបស់ពួកគាត់ ។
តាមការចុះផ្សាយរបស់អង្គការអន្តរជាតិមួយនេះ បញ្ជាក់ទៀតថា គឺនៅថ្ងៃទី ៣០ មករានេះ ជាពេលដែល រាជរដ្ឋាភិបាលកម្ពុជានឹងឆ្លើយសំណួរពីបណ្តាប្រទេសដទៃទៀត នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ទាក់ទងនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ ។
អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ទៀតថា នៅចំពោះមុខសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការលើកស្ទួយសិទិ្ធមនុស្សមួយចំនួនផងដែរ ។
អង្គការនេះបន្ថែមទៀតថា ប្រជាពលរដ្ឋកម្ពុជាត្រូវតាមដាននូវអ្វីដែលរដ្ឋាភិបាលរបស់ខ្លួនបានសន្យា និងតាមឃ្លាំមើលការអនុវត្ត ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត ។
ពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តរបស់កម្ពុជា អ្នកវិភាគឯករាជ្យលោក បណ្ឌិតមាស នី ហៅថា ជាទីលានបាល់បោះ ។
លោក សរសេរលើទំព័រហ្វេសបុកបន្ថែមដែលចង់សម្ដៅថា បក្សធំចោទទៅបក្សតូចបានតែថា តែមិនធ្វើ ដោយឡែកបក្សតូចក៏និយាយទៅកាន់បក្សធំវិញថា ចេះតែប្ដេជ្ញា និងអភិវឌ្ឍន៍ តែមិនសូវមានគុណភាព ។
ថ្មីៗនេះ អ្នកតាមដានការវិវត្តសង្គមកម្ពុជាថា កម្ពុជា នឹងទទួលការចោទសួរខ្លាំងៗពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការផ្ទុះអាវុធក្នុងហេតុការអនុវត្តដីការរបស់តុលាការចំពោះបញ្ហាដីធ្លីមួយកន្លែងនៅខេត្តព្រះសីហនុ ដែលបណ្ដាលឱ្យមានពលរដ្ឋស្លាប់ និងរងរបួស ។
យ៉ាងណា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថា កម្ពុជានឹងប្រាប់ទៅអន្តរជាតិទៅតាមដំណើររឿង ៕
អត្តបទដោយ សោម លាភ