ប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡា លោក Juan Guaido, ដែលក្រុមអាមេរិក ទទួលស្គាល់ថា ជាប្រធានាធិបតីស្របច្បាប់នៃប្រទេសហែកហួរដោយវិបត្តិសេដ្ឋកិច្ចនិងនយោបាយមួយនេះ បានអះអាងប្រាប់បណ្ដាញផ្សាយព័ត៌មានCNNថា លោក Nicolas Maduro មិនអាចការពារវិនិយោគចិននិងរុស្ស៊ីនៅវេណេហ្សូអេឡាបានទេ។
លោក Guaido, បាននិយាយដូចថា ៖«ទាំងរុស្ស៊ីនិងចិន ពិតបានធ្វើការវិនយោគ នៅប្រទេសវេណេហ្សូអេឡា នូវទឹកប្រាក់រាប់ពាន់លានដុលា្លរអាមេរិក ។ តែលោកម៉ាឌូមិនអាចការវិនិយោគទាំងនោះបានទេ»។
យោងតាម លោកGuaido, ចិននិងរុស្ស៊ីនៅពេលនេះ ក៏ចង់អោយមានការផ្លាស់ប្ដូរការដឹកនៃរបបលោកម៉ាឌូរ៉ូផងដែរ។ ចិនជាម្ចាស់បំណុលនៃរបបលោកម៉ាឌូរ៉ូនូវទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិក ខណៈរុស្ស៊ី ជាម្ចាស់បំណុលមួយពាន់លានដុល្លារ ។តែរុស្ស៊ី មានក្រុមហ៊ុនប្រេងដោយផ្ទាល់ជាមួយ ក្រុមប្រេងរបស់វេណេហ្សូអេឡា ដែលមានប្រាក់វិនិយោគរាប់ពាន់លានដុល្លារ។ វេណេហ្សូអេឡា បានសន្យាផលិតប្រេងឆៅទៅអោយចិនក្នុងមួយថ្ងៃ៣សែន៤ម៉ឺនធុងដែលជាថ្នូរនឹងការទូទាត់សងប្រាក់កម្ចី។ អ្នកវិភាគថា ប្រទេសរុស្ស៊ីនិងចិន គឺជាខ្នងបង្អែកដ៏ធំនៃសេដ្ឋកិច្ចរបស់លោកម៉ាឌូរ៉ូ៕