ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសនៅចំពោះមុខសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកថា លោកនឹងបញ្ចុះបញ្ចូលអន្តរជាតិ ជាពិសេសគឺសហភាពអឺរ៉ុប ឱ្យដកសម្ពាធ និងទណ្ឌកម្មពីកម្ពុជាវិញ ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការធ្វើតាមតម្រូវការដែលអន្តរជាតិចង់បាន ។ តែយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចថា លោក សម រង្ស៊ី គ្មានឥទ្ធិលអ្វីទៅលើសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកទេ ។
រាយការណ៍ដោយ លោក សោម លាភ
សហភាពអឺរ៉ុប ត្រៀមនឹងដកការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA ពីកម្ពុជានៅពេលខាងមុខនេះ ប្រសិនបើកម្ពុជា មិនធ្វើតាមការស្នើរបស់អន្តរជាតិមួយនេះ អោយមានវត្តមានគណបក្សង្រ្គោះជាតិឡើងវិញ។
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសខ្លួនឯងថាជាអ្នកសកម្មដែលបញ្ចុះបញ្ចូលឱ្យអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា ពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ច ។
ថ្មីៗនេះ លោកក៏បានសរសេរលើទំព័រហ្វេសបុករបស់លោកថា សហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធពីកម្ពុជា គឺជាវិធានការមួយដ៏ត្រឹមត្រូវ ហើយលោក បានអរគុណដល់សហភាពអឺរ៉ុបផងដែរចំពោះចំណាត់ការបែបនេះ ។
លោកថា ប្រជាពលរដ្ឋខ្មែរសុខចិត្តអត់ទ្រាំមួយរយៈពេលខ្លី ពីការលំបាកខ្លះ ដែលអាចបណ្តាលមកពីការព្យួរកម្មវិធីអនុគ្រោះពន្ធ EBA ។
ប្រធានស្ដីទីអតីតគណបក្សនេះថា កម្ពុជានឹងទទួលបានអនាគតភ្លឺថ្លា ពេលណាប្រទេសនេះ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
យ៉ាងណា លោក សម រង្ស៊ី បានប្រកាសជាថ្មីតាមរយៈវីដេអូបង្ហោះជាសាធារណៈកាលពីថ្ងៃ ២៧ មករា ថា ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើតាមការស្នើសុំពីអន្តរជាតិ ស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីបញ្ចៀសទណ្ឌកម្មអន្តរជាតិ លោកនឹងបញ្ចុះបញ្ចូលអន្តរជាតិឱ្យដកសម្ពាធពីកម្ពុជា ហើយបន្ថែមទីផ្សារ និងជំនួយឱ្យកាន់តែទូលំទូលាយសម្រាប់កម្ពុជាផងដែរ ។
ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបន្តទៀតថា ខណៈពេលនេះមិនទាន់ហួសពេលនោះទេ សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជាចរចាជាមួយអន្តរជាតិ ។
លោក សម រង្ស៊ីថា ប្រសិនបើសម្ដេច ហ៊ុន សែន ចរចាជាមួយអន្តរជាតិ កម្ពុជានឹងមានតែចំណេញ ។
តែយ៉ាងណា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ២៩ មករានេះថា រឿងនេះមិនអាចទៅរួចទេព្រោះសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ជាចៅហ្វាយរបស់លោក សម រង្ស៊ី ។
លោក សម រង្ស៊ី តែងតែលើកយក៥ ចំណុច ឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយ គឺដោះលែងលោក កឹម សុខា, ទម្លាក់ចោលរាល់ការចោទប្រកាន់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ, ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ, សងគណបក្សសង្គ្រោះជាតិវិញ នូវតំណែងដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ, បោះឆ្នោតឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ។
មន្ត្រីជាន់ខ្ពស់របស់ស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ ពិសេសគឺសម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងអនុវត្តតាមគោលនយោបាយដែលខ្លួនមាន ។ យ៉ាងណា កម្ពុជាមិនធ្វើតាមតម្រូវការរបស់អន្តរជាតិណាមួយនោះទេ ប្រសិនបើការធ្វើទៅនោះ នឹងប៉ះពាល់ដល់បូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ ។
សម្ដេច ហ៊ុន សែន ក៏ធ្លាប់ប្រកាសដែរថា ប្រទេសណា ដែលដាក់ទណ្ឌកម្មមកលើកម្ពុជា ប្រទេសនោះគា្មសិទ្ធិនិយាយពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ជាងនេះ សម្ដេចថា នឹងកម្ទេចបក្សប្រឆាំងផងដែរប្រសិនបើមានទណ្ឌកម្មមែននោះ ។
ក្រោមហេតុផល ក្រោមការតវ៉ាពីសមាគមស្រូវអង្ករ នៃប្រទេសអ៊ីតាលី និងអេស្ប៉ាញ សហភាពអឺរ៉ុបបានដកការអនុគ្រោះពន្ធនាំចូលអង្ករពីកម្ពុជា ធ្វើឱ្យកម្ពុជាខាតបង់លើការចំណាយលើពន្ធប្រមាណជាង ៥០ លានដុលា្លរក្នុងមួយឆ្នាំ ។
តែជាងនេះ សហភាពអឺរ៉ុប ក៏បានត្រៀមដកការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធពីកម្ពុជាផងដែរ។ តែយ៉ាងណា តាមរយៈសាររបស់លោក លោកស្រី Cecilia malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបថា ពេលនេះអឺរ៉ុបនៅតែរក្សាការចរចាជាមួយកម្ពុជាលើករណីEBA នេះ ។
សហរដ្ឋអាមេរិក ក៏បាននឹងកំពុងតែដំណើរការដកការអនុគ្រោះពន្ធទូទៅពីកម្ពុជាផងដែរ ។
ការដកការអនុគ្រោះពន្ធពីកម្ពជា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យកម្ពុជាចំណាយលើពន្ធប្រមាណជា ១០០០ លានដុល្លារអាមេរិក។
ចំពោះបញ្ហានេះ លោកសមរង្ស៊ី បានសរសើរនិងអរគុណ សហភាពអឺរ៉ុបដែល មានវិធានការដើម្បីស្ដារលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា។ លោកសមរង្ស៊ីក្នុងនាមជាប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ ត្រូវគេរំពឹងថា លោកនឹងវិលចូលកម្ពុជា វិញនៅដើមឆ្នាំ២០១៩នេះ។
អ្នកវិភាគព្យាករណ៍ថា វត្តមានរបស់លោកសមរង្ស៊ី អាចធ្វើឱ្យកម្ពុជា បញ្ចប់បាននូវវិបត្តិនយោបាយហើយកម្ពុជា និងសហភាពអឺរ៉ុប អាមេរិកអាចនឹងមានទំនាក់ទំនងល្អប្រសើរនឹងគ្នាឡើងវិញ ៕
អត្តបទដោយ៖ សោម លាភ